ក្រុង​លីយ៉ុង៖ ក្រុមហ៊ុន​ OL Groupe ដែល​ជា​ម្ចាស់​ហ៊ុន​​ក្លិប​ Lyon ដ៏​ធំ​បំផុត​មួយ​នៅ​ប្រទេស ​បារាំង ​នោះ​ ​​ជិត​នឹង​សម្រេច​បាន​នូវ​ការ​​ទិញ​យក​​ក្លិប​ Reign FC ដែល​លេង​នៅ​លីក​បាល់​ទាត់​នារី​​ជាតិ​ (NWSL)។​

ភាគី​ទាំង ​២ ​នេះ​បាន​ចូល​ដល់​ការ​ចរចា​ពេញ​លេញ​​ ហើយ​ត្រូវ​គេ​រំពឹង​ថា​ នឹង​បញ្ចប់​រួច​រាល់​ពី​អន្តរកាល​នេះ​នៅ​មុន​ថ្ងៃ​ទី ​៣១ ​ខែ ​មករា​ ឆ្នាំ ​២០២០​។​

ក្លិប Lyon គឺ​ជា​ក្លិប​អស្ចារ្យ​មួយ​ផ្នែក​​បាល់ទាត់​នារី​នៅ​អឺរ៉ុប​ក្នុង​រយៈពេល ​១ ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ​ដោយ​ឈ្នះ​ពាន​រង្វាន់​​ Champions League សម្រាប់​ក្រុម​នារី​​ចំនួន ​៦ ​រដូវកាល ​ក្នុង​ ​៩ ​រដូវកាល​។​

ការ​ឈ្នះ​ពាន​រង្វាន់​ Division 1 Fiminine កាល​ពី​រដូវកាល​មុន​នោះ​ គឺ​ជា​ជោគជ័យ​នៃ​ការ​ប្រកួត​លីក​លើក​ទី ​១៣ ​ជាប់ៗ​គ្នា​របស់​ក្លិប Lyon។​

ក្រុមហ៊ុន​ OL Groupe បាន​និយាយ​ក្នុង​របាយការណ៍​ថា៖ «​ការ​វិនិយោគ​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ជួយ​ពង្រឹង​​ជំហរ​របស់​ក្រុមហ៊ុន​ OL ​ជា​តួអង្គ​សំខាន់​មួយ​ក្នុង​ការ​ជួយ​ពង្រឹង​​កីឡា​​បាល់ទាត់​នារី​ទូទាំង​ពិភព​លោក​ និង​អភិវឌ្ឍ​​យីហោ​ក្រុមហ៊ុន​ OL បន្ថែម​ទៀត​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ​»​។

ក្លិប ​Reign ស្ថិត​នៅ​សហរដ្ឋ​អាមេរិក​ដោយ​មាន​តារា​បាល់​ទាត់​នារី​ Megan Rapinoe ជា​ម្ចាស់​ជើងឯក​ World Cup នៅ​ឆ្នាំ​នេះ​នៅ​ប្រទេស ​បារាំង​ និង​អតីត​ខ្សែ​បម្រើ​ Jess Fishlock នៅ​ក្លិប​ Lyon។​

ម្ចាស់​ក្លិប​ Reign លោក Bill Predmore បាន​និយាយ​ថា៖ «​មហិច្ឆតា​របស់​យើង​តែងតែ​មាន​ចំពោះ​ក្លិប​បាល់​ទាត់​នារី​ដ៏​ល្អ​បំផុត​ក្នុង​ពិភព​លោក ​១ ​​នេះ​​»។​

ម្ចាស់​ក្លិប​រូប​នេះ​បាន​បន្ថែម​ថា​៖ ​«​នេះ​​ជា​ចំណុច​ពិសេស​មួយ​​របស់​ក្រុមហ៊ុន​ OL ​​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ស្ថាប័ន​ល្អ​បំផុត និង​​បាន​ជួយ​យើង​ឲ្យ​សម្រេច​​គោល​បំណង​រយៈពេល​យូរ​សម្រាប់​ក្លិប​នេះ​»។​

គួរ​រំឭក​ដែរ​​ថា រដូវកាល​ប្រកួត​លីក NWSL ឆ្នាំ ​២០២០​ នឹង​ចាប់​ផ្ដើម​ដំណើរការ​ប្រកួត​នៅ​ខែ​មីនា​៕ AFP/SN