ហូឡង់ៈ ក្លិប​ Vitesse នៅ​ប្រទេស ​ហូឡង់​ បាន​បញ្ជាក់​ពី​ការ​ចុះកុង​ត្រា​ជា​មួយ​កីឡាករ​ Keisuke Honda អតីត​ជម្រើស​ជាតិ​ជប៉ុន​រហូត​ដល់​ចុង​បញ្ចប់​រដូវ​កាល​នេះ​។​

កីឡាករ​ Honda អត់​មាន​ក្លិប​លេង​តាំង​ពី​ចាក​ចេញ​ពី​ក្រុម Melbourne Victory មក​ម្ល៉េះ​ហើយ​មុន​នេះ​កីឡាករ​វ័យ​ ៣៣​ ឆ្នាំ​រូប​នេះ ​បាន​សុំ​លេង​នៅ​ក្លិប​ Man Utd និង​អតីត​ក្លិប​ AC Milan កាល​ពី​ខែ​កញ្ញា​។​

ទោះ​យ៉ាង​ណា​ កីឡាករ​រូប​នេះ​ឥឡូវ​បាន​ត្រឡប់​ទៅលេង​នៅ​ក្រប​ខ័ណ្ឌ​ Eredivisie ដោយ​​រង់​ចាំ​ការ​បញ្ជាក់​ពី​ការ​អនុញ្ញាត​ការ​ងារ​​ ហើយ​រូប​គាត់​ពី​មុន​មក​ក៏​ធ្លាប់​បាន​ចំណាយ​ពេល​១​រដូវ​កាល​ជា​មួយ​ក្លិប​ VVV-Venlo ផង​ដែរ​។​​

ក្លិប Vitesse បាន​ប្រកាស​ពី​ព័ត៌​មាន​នេះ​នៅ​លើ​គេហ​ទំព័រ​ផ្លូវ​កា​រ​របស់​ខ្លួន​​ ហើយ​កីឡាករ​ Honda បាន​និយាយ​ថា៖ «​វា​ជា​ខណៈ​ពេល​​មួយ​​តាំង​ពី​ខ្ញុំ​បាន​លេង​បាល់​ទាត់​នៅ​ប្រទេស​ ហូឡង់​»។​​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖«​សង្ឃឹម​ថា អ្នក​គាំទ្រ​បាល់​ទាត់​នៅ​ប្រទេស​ ហូឡង់ ​នឹង​នៅ​ចាំ​មុខ​ខ្ញុំ​ ហើយ​ខ្ញុំ​នឹង​ធ្វើអ្វី​​គ្រប់​យ៉ាង​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ព្រោះ​ខ្ញុំ​ចង់​ក្លាយ​ជា​កីឡាករ​សំខាន់​ម្នាក់​សម្រាប់​ក្រុម​នេះ​ ហើយ​ខ្ញុំ​ទន្ទឹង​រង់​ចាំ​លេង​នៅ​កីឡដ្ឋាន​នេះ និង​​សម្រាប់​អ្នក​គាំទ្រ​ផង​ដែរ​»។​

កីឡាករ​ Honda ពី​មុនមក​​ធ្លាប់​ធ្វើ​ការ​ជា​មួយ​គ្រូ​បង្វឹក​ក្លិប Vitesse លោក Leonid Slutsky នៅ​ក្រុម CSKA Moscow៕ AFP/SN