ភ្នំពេញ៖ កីឡាការិនី​ជឺជីតស៊ូ ខាន់ ចេសា (Jessa Khan) បាន​ក្លាយ​ជា​វិរៈនារី​ថ្មី ដែល​​ដណ្តើម​បាន​មេដាយ​មាស​ឲ្យ​កម្ពុជា ក្នុងការ​ប្រកួត​កីឡា​អាស៊ី លើក​ទី​១៨ ឆ្នាំ​២០១៨ (18th Asian Games) នៅ​ប្រទេស​​ឥណ្ឌូនេស៊ី។

ការ​ធ្លាករ់​ចេញ​ពី​ការ​ប្រកួត​របស់​​វិរៈ​នារី​តេក្វាន់ដូ ស៊ន សៀវម៉ី ​ត្រឹម​​វគ្គ​ជម្រុះ​៨​នាក់​ចុង​ក្រោយ ​ក្នុង​ទម្ងន់​៦៧​គីឡូក្រាម​ឡើង​ កន្លង​មក​នេះ បាន​ក្លាយ​ជា​ក្តី​បារម្ភ​យ៉ាង​ធំ​មួយ​សម្រាប់​កម្ពុជា ក្នុងការ​ស្វែង​រក​មេដាយ​មាស ដើម្បី​រក្សា​ឈ្មោះ​​ថា ជា​ប្រទេស​ ដែល​ដណ្តើម​​បាន​មេដាយ​មាស នៅ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយនេះ។

ប៉ុន្តែ​ក្តីបារម្ភ​ទាំង​នេះ ​ត្រូវ​បាន​​រលាយ​បាត់ មុន​នេះ​បន្តិច គឺ​បន្ទាប់​ពី​កីឡាការិនី​ខ្មែរ-អាមេរិក ​Jessa Khan បាន​​ផ្តួល​​​កីឡាការិនី​របស់​អេវីរ៉ាត់​អារ៉ាប់រួម Alhinaai Mahra ដោយ​កាក្លេជាប់​ដៃ និង​ឈ្នះ​ជាមួយ​ពិន្ទុ ១០០-០ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុង​ប្រភេទ​ទម្ងន់​​ក្រោម​៤៩​គីឡូក្រាម ដើម្បី​ឈ្នះ​មេដាយ​មាស​ទី​១ ឲ្យ​កម្ពុជា ក្នុងការ​ប្រកួត​កីឡា​អាស៊ី​នេះ។

ការ​ឈ្នះ​បាន​មេដាយ​មាស​របស់​កីឡាការិនី​វ័យ​ត្រឹម​១៦​ឆ្នាំ Jessa Khan បាន​ធ្វើ​ឲ្យ​កម្ពុជា កំពុង​ឈរ​នៅ​លេខ​រៀងទី​២២ ក្នុងចំណោម​ប្រទេស​ចំនួន​២៩ ដែល​ដណ្តើម​​បាន​មេដាយ ក្នុងការ​ប្រកួត​កីឡាអាស៊ី​នេះ។ ចំណែក​កីឡាករ​ម៉ូតូ​ទឹក​របស់​កម្ពុជា​ សាលី អ៊ូមើត ក៏​កំពុងស្ថិត​ក្នុង​ក្តី​រំពឹង ក្នុងការ​ដណ្តើម​​បាន​មេដាយ​មាស​ឲ្យ​កម្ពុជា ក្នុង​វិញ្ញាសា Ski Modified ផង​ដែរ៕ ​