The Phnom Penh Post Search

Search form

ខារ៉ាបាវ​រដូវកាល​ទី ៤ ដាក់​សុទ្ធ​អ្នក​ធ្លាប់​ឈ្នះ​បាន​ខ្សែក្រវាត់

Content image - Phnom Penh Post
កីឡាករ​កម្ពុជា​ទាំង ៤ ថត​ជាមួយ​គណៈអធិបតី​ក្នុង​សន្និសីទ​កាសែត​។ យឺន ពន្លក

ខារ៉ាបាវ​រដូវកាល​ទី ៤ ដាក់​សុទ្ធ​អ្នក​ធ្លាប់​ឈ្នះ​បាន​ខ្សែក្រវាត់

ភ្នំពេញៈ អ្នកប្រដាល់​ឆ្នើម​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ទាំង ៤ នាក់​របស់​កម្ពុជា ត្រូវបាន​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ និង​អ្នក​គ្រប់គ្រង​កីឡា​នៅ​សង្វៀន SEATV ដាក់​ឲ្យ​ពួកគេ​ប្រកួត​ប្រជែង​គ្នា​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ រដូវកាល​ទី ៤ ប្រភេទ​ទម្ងន់ ៦៣,៥ គីឡូក្រាម មាន​កីឡាករ​ថៃ ៤ នាក់​ដែរ ដែល​ការប្រកួត​ជម្រុះ​បើក​ឆាក នឹង​ចាប់​ដំណើរការ នៅ​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ។

បើតាម​ការប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ម្សិលមិញ បាន​ឲ្យ​ថា កីឡាករ ធន់ ចាន់តាក់ ដែល​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​គូបូតា នៅ​សង្វៀន​បាយ័ន កីឡាករ ផាន់ គ្រាន់ ទើប​ឈ្នះ​ខ្សែក្រវាត់​គូបូតា កាល​ពី​សប្តាហ៍​មុន​នៅ​សង្វៀន​បាយ័ន កីឡាករ ឌុម កែវដា ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ខារ៉ាបាវ​រដូវកាល​ទី ១ នៅ​សង្វៀន​លើ SEATV នេះ និង ប៉ោ ភារិទ្ធិ (យ៉េន ឌី​ណា) ដែល​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​បាន ៣ ស្ថាប័ន គឺជា​បេក្ខភាព​តំណាង​ឲ្យ​កម្ពុជា ដែល​ត្រូវ​ប្រកួត​ជម្រុះ​ជាមួយ​កីឡាករ​ថៃ​ទាំងនោះ។

ចំពោះ​រូបមន្ត​ប្រកួត​វិញ គឺ​កីឡាករ​កម្ពុជា​ទាំង ៤ នាក់ ដែល​ឈរ​នៅ​ពូល​ម្ខាង ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ជាមួយ​កីឡាករ​ថៃ​ទាំង ៤ ហើយ​អ្នកទទួល​បាន​លេខ ១ នៃ​ពូល​នីមួយៗ ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​តែម្តង អត់​មានការ​ប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទេ។

ចំណែក​ប្រាក់​រង្វាន់​វិញ​ត្រូវបាន​លោក ដាវីដ នាយក​គ្រប់គ្រង​ទីផ្សារ និង​ទំនាក់​ទំនង​សាធារណៈ​ប្រចាំ​នៅ​សង្វៀន SEATV និយាយ​ថា៖ «អ្នកឈ្នះ​បាន​ខ្សែ​ក្រវាត់ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ២០ លានរៀល ឯអ្នក​លេខ ២ បាន​ពាន ១ អម​ដោយ​ទឹកប្រាក់ ១២ លានរៀល»។

ចំណែក លោក ឆឹង យ៉ៅយ៉េន ជា​អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ បាន​ថ្លែង​ថា៖ «ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ រដូវកាល​ទី ៤ នេះ យើង​នឹង​ពង្រឹង​ទៅ​លើ​សមត្ថភាព​ប្រកួត​ឲ្យបាន​ល្អ គឺ​កីឡាករ​ត្រូវមាន​វិន័យ វ៉ៃ​អស់ពី​សមត្ថភាព ឯ ចៅក្រម​អាជ្ញាកណ្តាល និង​គណៈវិនិច្ឆ័យ ត្រូវគោរព​ច្បាប់​ប្រកួត​ដោយ​ម៉ឺងមាត់ និង​យុត្តិធម៌ ដើម្បី​ឲ្យការ​ប្រកួត​មាន​តម្លាភាព​ល្អ។ ផ្ទុយ​ពីនេះ​បើ​កីឡាករ ឬ​គណៈកម្មការ​ណា ដែល​មាន​កំហុស ត្រូវ​ទទួលរង​វិន័យ និង​ទណ្ឌកម្ម​ជា​ធរមាន​ជា​កំហិត»។

ទោះបី​យ៉ាងណា សម្រាប់​ការប្រកួត​បើក​ឆាក នៅ​ថ្ងៃ​សៅរ៍ ខាងមុខ​នេះ កីឡាករ ធន់ ចាន់តាក់ ត្រូវ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ Phayak Lek ដែល​ធ្លាប់​ប្រកួត​បាន ១០១ ដង ឈ្នះ ៧៨ ចាញ់ ២២ និង​ស្មើ ១ ដង ពេល​ជួប ឌុម កែវដា នា​ជំនួប​លើក​ចុងក្រោយ។ រីឯ ផាន់ គ្រាន់ ត្រូវ​ប៉ះ​កីឡាករ​ថៃ​ចំណូល​ថ្មី Phat Phayaden ដែល​ធ្លាប់​ប្រកួត ៧៨ ដង ឈ្នះ ៦៣ និង​ចាញ់ ១។

ទាក់ទង​សមាសភាព​កីឡាករ​ថៃ​ទាំង ៤ នាក់ លោក ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​នៅ SEATV បាន​ប្រាប់​ថា Phayak Lek ជា​កីឡាករ​ជើងចាស់ ដែល​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា ញឹកញាប់​ហើយ ប៉ុន្តែ Phat Phayaden និង​កីឡាករ​ថៃ ២ នាក់​ទៀត សុទ្ធតែ​ជាអ្នក​ចំណូល​ថ្មី៕

អត្ថបទគួរចាប់អារម្មណ៍

  • វីសិនហ្វាន់ លក់​ហ៊ុន ១០០ ភាគរយ​ទៅឲ្យ​ធនាគារ​កូរ៉េ​ខាង​ត្បូង

    ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។

  • រដ្ឋាភិបាល​ថា ​នឹង​ខាតបង់​ចំណូល​ពន្ធ $៣០ ​លាន

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

  • អង្គការ​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់​លោក កឹម សុខា

    ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស

  • អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ២០ ​ខ្នង​រីឯ ម្ចាស់​ផ្ទះ​បង្ក​ត្រូវ​​បាន​ហៅ​មក​សួរ

    ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។