ភ្នំពេញ: កីឡាករ​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​ទម្ងន់ ៥៧ គីឡូក្រាម​ចំនួន ៤ នាក់ និង​កីឡាករ​ថៃ ៤ នាក់ ត្រូវ​បាន​ជ្រើស​រើស​ផ្គូផ្គង​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ខ្សែក្រវាត់​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍ (SEATV) ក្នុង​រដូវកាល​ទី ៦ ដែល​បាន​ប្រកាស​បង្ហាញ​វត្តមាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​ឧសភា ឆ្នាំ ២០១៦។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ លោក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ លោក​ម៉ិល កាដូ អគ្គនាយក​រង​កីឡា លោក​យិន ខេមរា តំណាង​ទីផ្សារ SEATV និង​លោក​ហ៊ុយ សុខា តំណាង​ក្រុមហ៊ុន​ភេសជ្ជៈ​ខារ៉ាបាវ បាន​បង្ហាញ​ខ្លួន​ជា​គណៈ​អធិបតី។

សមាសភាព​កីឡាករ​ខ្មែរ​ទាំង ៤ នាក់​នោះ មាន​ទី ១ ឈុត សេរីវ៉ាន់ថន មក​ពី​ក្លិប​រាហូ​កីឡា​ខេត្ត​បាត់ដំបង កីឡាករ​យុគ យក្ស​ផ្លែ មក​ពី​បុរី​រាជសីហ៍​មាន​រិទ្ធ កីឡាករ​តាន់ មករា (ធន់ មករា) មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ និង ឡុង ជិន មក​ពី​ក្លិប​ខ្លារ​ខិន​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ។

ចំណែក​ភាគី​កីឡាករ​ថៃ​ចំនួន ៤ នាក់ មាន Kam Layouk កីឡាករ To To កីឡាករ Teap Keo និង Phech Yak Sou ។

លោក​តែម ម៉ឺន បាន​ជំរុញ​ឲ្យ​កីឡាករ និង​គណៈកម្មការ​រៀប​ចំ​ប្រកួត​ប្រឹងប្រែង​អនុវត្ត​គោរព​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​បទបញ្ជា​ប្រកួត ពិសេស កីឡាករ​ត្រូវ​ហ្វឹក​ហាត់ និង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​កិត្តិយស តម្លៃ​ខ្លួន និង​ផ្តល់​សេចក្តី​ថ្លៃថ្នូរ​សម្រាប់​សហព័ន្ធ និង​ខាង​ស្ពនស័រ ព្រមទាំង​ម្ចាស់​សង្វៀន។

លោក​បាន​ញ្ជា​ក់​បន្ថែមថា៖ កីឡាករ​កម្ពុជា​ទាំង ៤ រូប ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​វិលជុំ​ទាំង ៤ នាក់​ដូចគ្នា ដើម្បី​សន្សំ​ពិន្ទុ​ជ្រើស​យក​តែ​កីឡាករ​ខ្មែរ​ម្នាក់ និង​កីឡាករ​ថៃ​ម្នាក់​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​យក​ខ្សែក្រវាត់ ១ និង​ប្រាក់​សម្រាប់​អ្នក​ឈ្នះ​ចំនួន ៥០០០ ដុល្លារ ហើយ​ចំណាត់​ថ្នាក់​ទី ២ ទទួល​បាន ៣០០០ ដុល្លារ ពាន ១ ផង​ដែរ ដោយ​គ្មាន​ចំណាត់​ថ្នាក់​លេខ ៣ និង​លេខ ៤ ឡើយ»។

លោក​ញាន សុធី នាយក​គ្រប់គ្រង​ការប្រកួត​ប្រចាំ​សង្វៀន​អាស៊ីអាគ្នេយ៍ បាន​ឲ្យ​ដឹងថា៖ «នៅ​ក្នុង​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​កីឡាករ​ទទួលបា​ន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​មុន ហើយ​ការ​ប្រកួត​នេះ​ចំណាយ​ពេល​ចំនួន ១១ សប្តាហ៍​គឺ​រៀង​រាល់​ល្ងាច​ថ្ងៃ​សៅរ៍ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​សៅរ៍ ទី ២ ខែ​មិថុនា ឆ្នាំ ២០១៨ និង​គ្រោង​បញ្ចប់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍ ទី ១១ ខែ​សីហា ឆ្នាំ ២០១៨»។

លោក​បន្តថា៖ «ការ​ជ្រើស​យក​កីឡាករ​ទម្ងន់​ស្រាល ៥៧ គីឡូក្រាម​នេះ ជាការ​ប្រកួត​ទាក់ទាញ​បំផុត​ពី​ព្រោះ​ពួកគេ​វាយ​គ្នា​គ្មាន​ញញើត និង​មិន​ងាយ​នឹង​សន្លប់​ឡើយ។ ម្យ៉ាង​វិញ​ទៀត​វត្តមាន​នៃ​កីឡាករ​កម្ពុជា​ទាំង ៤ នាក់​នេះ​កំពុង​តែ​មាន​សមត្ថភាព​ល្អ និង​សាង​ភាព​ល្បី​ល្បាញ​បំផុត​ពេល​បច្ចុប្បន្ន»។

ក្នុងចំណោម​កីឡាករ​កម្ពុជា​ទាំង ៤ មាន​តែ​កីឡាករ​យុគ យក្ស​ផ្លែ ម្នាក់​ប៉ុណ្ណោះ​ដែល​ចាស់​វស្សា​ជាង​គេ ប៉ុន្តែ ៣ នាក់​ទៀត​ដែល​រួម​មាន ឡុង ជិន, ធន់ មករា និង​ឈុត សេរីវ៉ាន់ថន មាន​បទពិសោធ​ប្រកួត​ក្រោម ៧០ លើក ប៉ុន្តែ សមត្ថភាព​កំពុង​តែ​ល្អ និង​សុទ្ធ​តែ​ជា​កីឡាករ​ធ្លាប់​ប្រកួត​ថ្នាល​ជា​គូឯក និង​ជា​គូ​ជាមួយ​កីឡាករ​ថៃ​លក្ខណៈ​អន្តរជាតិ​ហើយ​ដែរ៕