The Phnom Penh Post Search

Search form

ខារ៉ាបាវ វគ្គ ៣ ដាក់​សុទ្ធតែ​ថៃ​ជើង​ខ្លាំង​ឲ្យ​ប្រជែង​នឹង​កម្ពុជា

Content image - Phnom Penh Post
កីឡាករ​កម្ពុជា​ទាំង ៤ នាក់ ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ វគ្គ ​៣ ជាមួយ​ជើង​ខ្លាំង​ថៃ។ ស្រេង ម៉េងស្រ៊ុន

ខារ៉ាបាវ វគ្គ ៣ ដាក់​សុទ្ធតែ​ថៃ​ជើង​ខ្លាំង​ឲ្យ​ប្រជែង​នឹង​កម្ពុជា

ភ្នំពេញៈ បេក្ខភាព​ខាង​ភាគី​ថៃ ដែល​ត្រូវ​បាន​ដាក់ឲ្យ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ រដូវកាល​ទី ៣ ក្នុង​ទម្ងន់ ៦៣,៥ គ.ក្រ ជាមួយ​កីឡាករ​កម្ពុជា​រួមមាន Lom Leng, Phayak Noy, Pravitនិង Phat Chhayakphum សុទ្ធតែ​ជា​កីឡាករ​លំដាប់​ខ្លាំង ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ​ញឹកញាប់ និង​ឈ្នះ​កីឡាករ​ខ្មែរ​ជាច្រើន​ផងដែរ។

ប៉ុន្តែ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ បាន​ថ្លែង ក្នុង​សន្និសីទ​កាសែត នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ កាលពី​ម្សិលមិញ​ថា៖ «ក្រុម​បច្ចេកទេស​របស់​សហព័ន្ធ បាន​ត្រួតពិនិត្យ​វាយ​តម្លៃ​ផ្គូផ្គង​ឃើញ​ថា សមត្ថភាព មាន​ប្រហាក់​ប្រហែលគ្នា ប៉ុន្តែ​កីឡាករ​កម្ពុជា គប្បី​បំប៉ន​ផ្នែក​កម្លាំង​បន្ថែម ដោយខំ​ហ្វឹកហាត់ គោរព​វិន័យ ហូបចុក​ស្នាក់នៅ និងថែសុខភាព​ឲ្យបាន​ល្អ ទើប ប្រកួត​ទទួល​បាន​លទ្ធផល​ល្អ ពីព្រោះ​ចំណុច​ខ្សោយ​របស់​កីឡាករ កម្ពុជា​ចាញ់​ផ្នែក​កម្លាំង​ប៉ុណ្ណោះ។ ចំណែក​បច្ចេកទេស​ប្រកួត​វិញ គឺ​យើងល្អ ក្បាច់ល្អ ហេតុនេះ​សមាគម​ក្លិប និង​គ្រូបង្វឹក ត្រូវ​ចូលរួម​សហការគ្នា​លើ​បញ្ហានេះ​ទើប​សិស្ស​របស់ខ្លួន​ល្អ»។

ចំណែក​លោក ហេង សុធា នាយក​ទីផ្សារ​ទំនាក់​ទំនង​សាធារណៈ​នៃ​ស្ថានីយ៍​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ថ្លែងថា៖ «កម្មវិធី​ប្រកួត​របស់​សង្វៀន​យើង​ពេល​នេះ ទទួល​បាន​លទ្ធផល​ល្អ ព្រោះ​មាន​ក្រុមហ៊ុន​ឧបត្ថម្ភ​គាំទ្រ​កាន់តែ​ច្រើន ហើយ​មហាជន​ចូលរួម​ទស្សនា​សឹងតែ​រកកន្លែង​អង្គុយ​មិនបាន គឺសង្វៀន​ប្រដាល់​របស់​យើង​លេចធ្លោ​ជាង​សង្វៀន​ដទៃ ចំណែក​ការ​កាត់​សេចក្តី​មាន​តម្លាភាព និង​យុត្តិធម៌»។

សម្រាប់​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ វគ្គ ៣ នេះ នឹង​ចាប់ផ្តើម​ប្រកួត​ពីល្ងាច​ថ្ងៃសៅរ៍​ទី ៦ ខែ​ឧសភា​ទៅ ដោយ​ក្នុងនោះ​កីឡាករ​កម្ពុជា​ទាំង ៤ នាក់​មាន ង៉ែត្រ រដ្ឋា, សុខ ច័ន្ទមាន, រឿម វណ្ណៈ និង រឿង សារ័ត្ន ដែល​ឈរ​នៅពូល A នឹងត្រូវ​ប្រកួត​វិលជុំ​ជាមួយ​ថៃ​ទាំង ៤ នាក់​ឈរ​នៅ​ពូល B ហើយ​អ្នកមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ចំនួន ២ នាក់​នៃពូល​នីមួយៗ ត្រូវ​ឡើង ទៅប្រកួត​នៅ​វគ្គ​ខ្វែង និងវគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​តម្លៃ​ខ្លួន​របស់​កីឡាករ​កម្ពុជា ប្រកួត​មួយ​លើកៗ​ទទួល​បាន ៤០០ ដុល្លារ​ទោះ​ចាញ់​ឬឈ្នះ​ក៏ដោយ។

ចំពោះ​ប្រាក់រង្វាន់​វិញ លោក ហ៊ុយ សុខា នាយក​ទីផ្សារ​ក្រុមហ៊ុន​ខារាប៉ាវ បាន​និយាយថា​អ្នក​ឈ្នះ​លេខ ១ នឹង​ទទួល​បាន​ខ្សែក្រវាត់ អមដោយ​ទឹកប្រាក់ ៥០០០ ដុល្លារ អ្នក​លេខ ២ ទទួល​បាន​ពាន ១ និង​ប្រាក់ ៣០០០ ដុល្លារ។

យោងតាម​ប្រភព​ជាច្រើន​ដែល​ពី​អ្នកទស្សនា​បាន​រិះគន់​តាម​បណ្តាញ​ហ្វេសប៊ុក បាន​វាយ​តម្លៃ​ថា ការប្រកួត​ខ្សែក្រវាត់​ខារ៉ាបាវ​លើក​នេះ នឹងធ្លាក់​ទៅលើ​កីឡាករ​ថៃ​មិនខាន ព្រោះ​សមត្ថភាព​របស់​ពួកគេ​គឺមាន​ប្រៀប​ជាង​កីឡាករ​កម្ពុជា។ គួររំឭក​ថា សម្រាប់​ការប្រកួត​រដូវកាលទី ១ ខ្សែក្រវាត់​បាន​ទៅលើ​កីឡាករ​កម្ពុជា ឌុម កែវដា ហើយ​រដូវ​កាលទី ២ បានទៅ​កីឡាករ​ឡាវ ថាវ អូឡាន៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។