ភ្នំពេញ: កីឡាករ​ជើង​ខ្លាំង​ទម្ងន់​ស្រាល ខាំ ខ្លា​នាង មកពី​ក្លិប​រ៉ាហាប់​ស្វាយប៉ាក ត្រូវ​បាន​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ Kiev Ba វាយ​ឲ្យ​សន្លប់​ធំ​ត្រឹម​ទឹក​ទី ៣ ក្នុង​ការ​ប្រកួត​សង​សឹក​គ្នា​លើក​ទី ៤ ក្នុង​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​លក្ខណៈ​មិត្តភាព​អន្តរជាតិ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍។

ចំណែក​រឿង សា​រ័ត្ន មកពី​ក្លិប​កងទ័ព​ឆត្រយោង ៩១១ បាន​ប្រកួត​ជាមួយ​កីឡាករ​ថៃ Keng Kat ដោយ​ទទួល​បាន​លទ្ធផល​ស្មើ​គ្នា​ក្នុង​ការ​ប្រកួត​ចំនួន ៥ ទឹក​ពេញ ក្នុង​ទម្ងន់ ៦៧ គីឡូក្រាម។

ខាំ ខ្លា​នាង និង​កីឡាករ​ថៃ Kiev Ba មាន​ប្រវត្តិ​ជួប​ប្រកួត​គ្នា​ចំនួន ៣ លើក​កន្លង​មក​ហើយ ដោយ​ស្មើ​ពិន្ទុ​គ្នា​ម្តង និង​ឈ្នះ​ម្តង​ម្នាក់​ដូចគ្នា ហើយ​គ្រប់​ការ​ប្រកួត​ពួកគេ​វាយ​សម្រុក​គ្នា​ដោយ​គ្មាន​បន្ធូរ​ដៃ​ឡើយ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ជក់​ចិត្ត​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា។

ក្នុងការ​ប្រកួត​លើក​ទី ៤ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ការប្រកួត​ក៏​កាន់តែ​ជក់ចិត្ត​ដោយសារ​តែ​ការ​វាយ​ប្តូរ​កែង និង​ជង្គង់​គ្នា​យ៉ាង​អស្ចារ្យ។

ការ​ប្រកួត​ក្នុង​អំឡុង​ជាង ២ ទឹក​ដំបូង បាន​បង្ហាញ​ថា មិន​ទាន់​មាន​ភាគី​ខាង​ណា​មាន​ប្រៀប​ជាង​នោះ​ទេ ពីព្រោះ​ទាំង​ក្បាច់​គុន ទាំង​ស្មារតី​ប្រយុទ្ធ​សុទ្ធតែ​មោះ​មុត​ខ្លាំង​ដូចគ្នា ប៉ុន្តែ​នៅ​ចុង​ទឹក​ទី ៣ កីឡាករ​កម្ពុជា ខាំ ខ្លា​នាង បាន​បញ្ចេញ​ស្នៀត​ជង្គង់​បោះ​ចូល​កីឡាករ​ថៃ Kiev Ba ច្រើន​ជាង និង​មាន​ប្រៀប​បន្តិច​បន្តួច​ផង​ដែរ។ នៅ​ពេល​ការ​ប្រកួត​បាន​ឈាន​ចូល​ដល់​ទឹក​ទី ៣ ការ​វាយ​សម្រុក​កាន់​តែ​ពុះ​កញ្ជ្រោល ខណៈ​ដែល​ការ​ប្រកួត​កាន់​តែ​មាន​តែ​ការប្តូរ​ស្នៀត​កែង​កាន់​តែ​ខ្លាំង​ឡើង។

ជាមួយគ្នា​នោះ កីឡាករ​ថៃ Kiev Ba មានឱកាស​វាយ​កែង​ស្តាំ​ចូល​ផ្ទៃមុខ​កីឡាករ ខាំ ខ្លា​នាង ដែល​បណ្តាល​ឲ្យ​ដួល​សន្លប់​ធំ​តែ​ម្តង។ លោក​អាជ្ញាកណ្តាល​ណន រិទ្ធ រាប់​មិន​ទាន់​ដល់ ៨ ផង​ក៏​បញ្ឈប់​ការ​ប្រកួត តែ​ម្តង ដោយ​ឃើញ​កីឡាករ​ខាំ ខ្លា​នាង សន្លប់​ក្នុង​សភាព​ធ្ងន់ធ្ងរ ហើយ​ជ័យជម្នះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​កីឡាករ​ថៃ Kiev Ba ។ ក្រោយ​ពេល​សន្លប់​ចុះ​មក​ដល់​ក្រោម​សង្វៀន​វិញ កីឡាករ​ខាំ ខ្លា​នាង បាន​និយាយ​ថា៖ «ខ្ញុំ​មិន​បាន​ដឹង​ពី​ការ​សន្លប់​ទេ​លុះ​ដឹង​ខ្លួន​គឺ​គេ​ដាក់​ឲ្យ​អង្គុយ​លើ​កៅអី​តែម្តង ដោយ​មិន​ដឹង​ថា សន្លប់​ដោយ​ត្រូវ​ត្រង់​ណា​ផង»។

ខាំ ខ្លា​នាង បាន​និយាយ​បន្តថា៖ «ខ្ញុំ​មិន​ខ្លាច​ទេ បើ​មានឱកាស​បាន​ឡើង​សង​សឹក​គ្នា​ទៀត​នោះ ខ្ញុំ​ឡើង​វ៉ៃ​ទៀត»។

ខាំ ខ្លា​នាង គឺជា​កីឡាករ​វ័យក្មេង​ខ្លាំង​ក្នុង​ទម្ងន់ ៥១ គីឡូក្រាម ជា​កូនសិស្ស​របស់​អតីត​កីឡាករ​បឺត ខាំ និង​បឺត សំខាន់ ហើយ​ក្នុង​ប្រវតិ្ត​ប្រកួត​ជាង ៥០ លើក រូប​គេ​ចាញ់​មិន​លើស​ពី ៥ ដង​ទេ។

ទោះបីជា​យ៉ាងណា វត្តមាន​ឡើង​ប្រកួត​គឺ​មិនសូវ​ទទួលបាន​ញឹក​ញាប់​ទេ។

លោក​ញាន សុធី អ្នកគ្រប់គ្រង​កម្មវិធី​កីឡាប្រដាល់​ប្រចាំ​សង្វៀន​អាស៊ីអាគ្នេយ៍ បាន​និយាយ​ថា សម្រាប់​គូ​ប្រកួត​ខ្លាំង​ទម្ងន់​ស្រាល​នេះ លោក​នឹង​ដាក់​ឲ្យ​ប្រកួត​សង​សឹក​គ្នា​ជា​លើក​ទី ៥ ទៀត ពី​ព្រោះ​ការ​ឈ្នះ ឬ​ចាញ់​របស់​ពួកគេ​ដោយ​បញ្ហា​ភ្លាត់​ស្នៀត​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ប្រកួត​របស់​ពួកគេ​បាន​ផ្តល់​ការ​ជក់​ចិត្ត​ពី​អ្នក​ទស្សនា​ខ្លាំង​ណាស់ ហើយ​ពួកគេ​ទាំង ២ បាន​ប្រកួត​អស់​ពី​សមត្ថភាព។

ចំណែក​ជើង​ចាស់​ទម្ងន់​ធ្ងន់ រឿង សា​រ័ត្ន ជាមួយ​កីឡាករ​ថៃ Keng Kat វិញ មិនបាន​ផ្តល់នូវ​ភាព​ភ្ញាក់​ផ្អើល​ប៉ុន្មាន​ទេ ដោយ​សារ​តែ​ការ​ប្រកួត​របស់​ពួកគេ​មាន​ស្នៀត​វាយ​លុក​ក្នុង​លក្ខណៈ​មិន​ទាក់​ទាញ។

ការប្រកួត​រយៈពេល ៥ ទឹក​ពេញ ហាក់ដូចជា​ធម្មតាៗ ដែល​ធ្វើ​ឲ្យ​ចៅក្រម​ទាំង ៥ និង​គណៈ​កម្មការ​វិនិច្ឆ័យ​លំបាក​ផ្តល់​ពិន្ទុ។

ក្រោយពី​បញ្ចប់​ការប្រកួត​ចំនួន ៥ ទឹក គណៈកម្មការ​បាន​សម្រេច​លទ្ធផល​ឲ្យ​ស្មើគ្នា ដោយ​គ្មាន​អ្នក​ឈ្នះ៕