ភ្នំពេញ: សាលាខេត្តកណ្តាលព្រមទាំងមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានឯកភាពគ្នារួចរាល់ហើយក្នុងការរៀបចំដាក់ឲ្យមានការប្រកួតកីឡាចំនួន ៧ ប្រភេទនៅសង្ក្រាន្តឆ្នាំថ្មីខេត្តកណ្តាលនៅមាត់ទន្លេនាក្រុងតាខ្មៅ ដើម្បីអបអរ និងចែកជូនដល់មហាជនទស្សនាកម្សាន្តសប្បាយរីករាយរយៈពេល ៣ ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាលបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «បុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះ សាលាខេត្តកណ្តាល និងមន្ទីរអប់រំ យុវជន និងកីឡាបានត្រៀមកីឡា ៧ ប្រភេទសម្រាប់ការប្រកួតចំនួន ៣ ថ្ងៃព្រមទាំងមានកម្មវិធីសិល្បៈល្បែងកម្សាន្តប្រពៃណីជូនបងប្អូនទស្សនាកម្សាន្តអបអសាទរ»។
សម្រាប់ប្រភេទកីឡាទាំង ៧ ដែលគ្រោងដាក់ឲ្យមានការប្រកួតនៅសង្ក្រាន្តឆ្នាំថ្មីខេត្តកណ្តាលនេះមានកីឡាប្រដាល់គុនខ្មែរ បាល់ទាត់ បាល់ទះ អត្តពលកម្ម ចំបាប់បុរាណ អុកចត្រង្គ និងទាញព្រ័ត្រដោយដាក់ឲ្យប្រកួតពេញទាំង ៣ ថ្ងៃ ហើយនេះជាលើកទី ២ ដែលសាលាខេត្តកណ្តាលបានរៀបចំក្នុងទ្រង់ទ្រាយធំអបអរសាទរ បន្ទាប់ពីឆ្នាំមុនបានប្រារព្ធធ្វើសង្ក្រាន្តនេះដែលមានការប្រកួតកីឡា សិល្បៈកម្សាន្ត និងល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរ នៅឯភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល។
លោក ពៅ វណ្ណា បានលម្អិតថា៖ «ក្នុងរយៈពេល ៣ ថ្ងៃគឺពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៩ នៅទីតាំងម្តុំមាត់ទន្លេគឺមានការប្រកួតពេញទាំង ៣ ថ្ងៃក្នុងនោះប្រដាល់គុនខ្មែរដែលពីដំបូងគ្រោងចំនួន ២ ថ្ងៃ ប៉ុន្តែការអនុម័តចុងក្រោយថ្មីៗនេះគឺសម្រេចដាក់ឲ្យប្រកួតតែ ១ ថ្ងៃវិញទេគឺនៅល្ងាចថ្ងៃទី ១៥ ខែមេសានៅមាត់ទន្លេជ្រុងខាងជើងជិតអ្នកតាចិន»។
ចំណែកសមាសភាពអ្នកប្រដាល់គុនខ្មែរដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីគណៈកម្មការផ្គូផ្គងនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរមានចំនួន ៦ គូ ហើយក្នុងនោះកីឡាករ សុខ សុវណ្ណ ត្រូវដាក់ឲ្យប្រកួតមិត្តភាពអន្តរជាតិក្នុងទម្ងន់ ៦០ គីឡូក្រាមជាមួយជើងខ្លាំងថៃ PichYinThong ក្នុងទម្ងន់ ៦០ គីឡូក្រាមដែលធ្លាប់យកឈ្នះកីឡាករខ្មែរច្រើនណាស់ដូចជាផ្តួល ឃីម បូរ៉ា ឲ្យខូចជើងផងដែរ។
ជាមួយគ្នានេះកីឡាករ យ៉ុន ដារ័ត្ន ត្រូវដាក់ឲ្យប្រកួតអន្តរជាតិជាមួយកីឡាករថៃ Pich Thing ក្នុងទម្ងន់ ៦៣,៥ គ.ក្រ ហើយថៃម្នាក់នេះក៏ជាជើងខ្លាំង ១ រូបដែរ ខណៈដែលការប្រកួតចុងក្រោយគេបានចាញ់ ឡុង សំណាង ក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់នៅសង្វៀន SEATV។ ចំណែក ៤ គូទៀតជាការគូមិត្តភាពរវាងកីឡាករក្នុងស្រុក។
ទោះជាយ៉ាងណាការលុបចោលការប្រកួតប្រដាល់នៅថ្ងៃទី ១៦ ខែមេសាភា្លមៗនោះបានធ្វើឲ្យកីឡាករប្រដាល់មួយចំនួនដែលមានឈ្មោះ និងបានត្រៀមខ្លួនរួចរាល់ទៅហើយនោះមានការខកចិត្ត ហើយកីឡាករដែលផ្អាកការប្រកួតវិញនោះមាន ឈុន ប្រាក់កាក់,ផន សុខវិបុល,ឌុម កែវដប,អៀប ឆា,កែវ សំរិទ្ធ,សំខាន់ ប៉ាវជិន,សារឿន ច័ន្ទ,ឆៃ សារ៉ា,តូច ដាវីត និង ពុទ្ធ មានឈាន់៕