ភ្នំពេញ: មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​កណ្តាល​នឹង​រៀបចំ​ការ​ប្រកួត​កីឡា​ចំនួន ៥ ប្រភេទ រួម​មាន​កីឡា​ប៉េតង់ បាល់ទាត់ តេក្វាន់ដូ WTF ទាញ​ព្រ័ត្រ និង​រត់​ប្រណាំង​លក្ខណៈ​មហាជន នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​តែ​ម្តង ដែល​មាន​រយៈពេល​ចំនួន ៥ ថ្ងៃ ដោយ​ចាប់​ដំណើរ​ការ​តាំង​ពី​ថ្ងៃ​ទី ២ ដល់​ទី ៥ ខែ​មករា ឆ្នាំ ២០១៩ ដើម្បី​អបអរ​សាទរ​ខួប​ទី ៤០ ទិវា​ជ័យជម្នះ​ថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ២០១៩។

លោក​ពៅ វណ្ណា ប្រធាន​ការិយាល័យ​កីឡា​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​កណ្តាល បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា៖ «កីឡា​ចំនួន ៣ ប្រភេទ​ដែល​បាន​ដាក់​ឲ្យ​មាន​ការ​ប្រកួត​រយៈពេល ៥ ថ្ងៃ​នេះ គឺជា​ការ​ប្រកួត​ប្រចាំ​ឆ្នាំ​ដែល​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ថ្នាក់​ដឹកនាំ​ខេត្ត និង​ថវិកា​ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា»។

លោក​ពៅ វណ្ណា បាន​បញ្ជាក់ថា៖ «ខ្លឹមសារ​នៃ​ការប្រកួត​ធ្វើឡើង​ដើម្បី​អបអរ​សាទរ​ទិវា​ថ្ងៃ​ទី ៧ មករា ឆ្នាំ ១៩៧៩ ដល់​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ ២០១៩ ក្នុង​គោល​បំណង​ជ្រើសរើស​កីឡាករ-កីឡាការិនី​ជើង​ខ្លាំង​ពី​កីឡា​ទាំង ៥ ប្រភេទ​មាន​កីឡា​បាល់​ទាត់​ប៉េតង់ អត្ត​ពលកម្ម ទាញ​ព្រ័ត្រ និង​តេក្វាន់ដូ WTF ក្នុង​នោះ​កីឡា​ទាញ​ព្រ័ត្រ និង​តេក្វាន់ដូ WTF នឹង​ប្រារព្វ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​គឺ​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ ២០១៩ តែ​ម្តង»។

លោក​បាន​បន្តថា៖ «ជម្រើស​កីឡាករ-កីឡាការិនី​ឆ្នើម​ជា​ជើង​ឯក​ទាំង ៥ ប្រភេទ​នេះ​គឺ​ដើម្បី​ត្រៀម​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី ៣ ឆ្នាំ ២០២០ ព្រម​ទាំង​ត្រៀម​ការ​ប្រកួត​ថ្នាក់​ជាតិ​នានា​ពេល​ខាង​មុខ​នេះ»។

សម្រាប់​ការប្រកួត​នៅ​ឆ្នាំ ២០១៩ នេះ មាន​ក្រុមបាល់ទាត់​ចំនួន ១២ ក្រុម មាន​កីឡាករ ១៩៨ នាក់ ប្រកួត​តាម​លក្ខណៈ​វិលជុំ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ២ ហើយ​នឹង​បញ្ចប់​ថ្ងៃ​ទី ៦ ខែ​មករា ឆ្នាំ ២០១៩ នៅ​តារាង​បាល់ទាត់​ខេត្ត​កណ្តាល។

ប្រភេទ​កីឡា​ប៉េតង់ មាន ២០​ក្រុម​មកពី​ក្លិប​មន្ទីរ​ជុំវិញ​ខេត្ត និង​មក​ពី​ស្រុក​មួយ​ចំនួន មាន​កីឡាករ​ចំនួន ៨០ នាក់​ចែក​ចេញ​ជា ៤ ពូល ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ៣ ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី ៦ ខែ​មករា ឆ្នាំ ២០១៩។

អត្តពលកម្ម មាន​អត្ត​ព​លិ​ក​មួយចំនួន​មិនទាន់​កំណត់​បាន​នៅ​ឡើយ ហើយ​នឹង​ត្រូវ​ប្រកួត​ចម្ងាយ ៥ គីឡូម៉ែត្រ និង ៣ គីឡូម៉ែត្រ​លក្ខណៈ​កម្សាន្ត​មហាជន និង​មាន​កីឡាករ-កីឡាការិនី​សម្រិត​សម្រាំង​ដែល​ស្វែងរក​កម្រិត​បច្ចេកទេស​ល្អ​មាន​ចំណាត់​ថ្នាក់​ចំនួន ១៥ នាក់​ចូលរួម​ផង​ដែរ។ ចំណែក​កីឡា​ទាញ​ព្រ័ត្រ និង​តេក្វាន់ដូ WTF នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃទី ៧ ខែ​មករា ឆ្នាំ ២០១៩ ដោយ​បើក​ការ​ប្រកួត និង​បិទ​ជា​ផ្លូវការ​ថ្ងៃ​នោះ​តែ​ម្តង៕