ភ្នំពេញៈ ក្រុម​អត្តពលិក​វាយសី​របស់​ខេត្ត​កំពង់ឆ្នាំង​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការប្រកួត​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ខណៈ​ពួកគេ​បាន​ដណ្តើម​មេដាយ​ស្ទើរតែ​ទាំងអស់​លើ​ប្រភេទ​កីឡា​វាយសី ក្របខ័ណ្ឌ​សិស្ស​ថ្នាក់ជាតិ​លើក​ទី​ ១ ឆ្នាំ​ ២០១៩ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​អង្គារ ប៉ុន្តែ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​វាយសី​កម្ពុជា​បាន​លើក​ទឹកចិត្ត​ឲ្យ​ក្រុម​ម្ចាស់​មេដាយ​ទាំង​នេះ​បន្ត​ខំប្រឹង​ថែម​ទៀត ដើម្បី​ឲ្យ​ពួកគេ​អាច​រក្សា​ការឈ្នះ​បាន​មេដាយ​ក្នុង​ការប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

នៅក្នុង​ការប្រកួត​សរុប​មាន​ ៦ ​វិញ្ញាសា ក្រុម​អត្តពលិក​របស់​ខេត្ត​កំពង់ឆ្នាំង​បាន​ឈ្នះ​មេដាយមាស​រហូត​ដល់​ ៥ នៅ​លើ​វិញ្ញាសា​វាយ​ក្រុម​បុរស​វាយ​ទោល​បុរស​របស់​កីឡាករ វ៉ាត វណ្ណធុន វាយ​ទោល​នារី​របស់​កីឡាការិនី ហៀង លក្ខិណា វាយ​គូ​ចម្រុះ​របស់​កីឡាករ វ៉ាត វណ្ណធុន និង​កីឡាការិនី ហៀង លក្ខិណា និង​វាយ​គូ​បុរស​របស់​កីឡាករ ហេង ម៉េងលាភ និង ស្រេង វីរៈ​។

ចំណែក​មេដាយមាស​ ១ ​ទៀត​លើ​វិញ្ញាសា​វាយ​គូ​នារី​បាន​ទៅ​លើ​កីឡាការិនី ហែម លក្ខណា និង យូ ចរិយា របស់​ក្រុម​ខេត្ត​ព្រះសីហនុ​ក្រោយ​ពួកគេ​បាន​យក​ឈ្នះ​លើ​កីឡាការិនី ស៊ុំ យារាសុមាវត្តី និង ហៀង សុមាវតី របស់​ខេត្ត​កំពង់ឆ្នាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហេតុនេះ​ខេត្ត​កំពង់ឆ្នាំង​បាន​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ទាំង​ ៦ ​វិញ្ញាសា និង​ឈ្នះ​បាន​មេដាយមាស​ ៥ ប្រាក់​ ៣ និង​សំរឹទ្ធ​ចំនួន​ ១ តាម​ពីក្រោយ​ដោយ​ក្រុម​ខេត្ត​ព្រះសីហនុ​ឈ្នះ​បាន​មាស​ ១ ប្រាក់​ ២ សំរឹទ្ធ​ ១ រាជធានី​ភ្នំពេញ ប្រាក់​ ១ សំរឹទ្ធ​ ១ ខេត្ត​កំពង់ចាម សំរឹទ្ធ​ ២ និង​ខេត្ត​បាត់ដំបង បាន​សំរឹទ្ធ​ ១ ប៉ុន្តែ​ពោធិ៍សាត់ ស្វាយរៀង និង​ខេត្ត​ព្រៃវែង​មិន​ដណ្តើម​បាន​មេដាយ​ទេ​។

ទាក់ទង​ទៅ​នឹង​ជ័យជម្នះ​ដ៏ធំធេង​នេះ​លោក សេង ប៊ុនលី អនុប្រធាន​សមាគម​កីឡា​វាយសី​ខេត្ត​កំពង់ឆ្នាំង និង​ជា​គ្រូបង្វឹក​ទទួល​បន្ទុក​ផ្នែក​បច្ចេកទេស​ផង​នោះ​បាន​និយាយ​ថា​៖ «​តាំងពី​ការចាប់ផ្តើម​រហូត​មក​ទទួល​បាន​ជ័យជម្នះ​នៅ​ថ្ងៃ​នេះ​គឺ​យើង​មាន​ការសហការ​គ្នា​នៅក្នុង​សមាគម​។ ជាមួយ​គ្នា​នេះ​លោក​អភិបាល និង អភិបាលរង​ខេត្ត​ព្រម​ទាំង​ថ្នាក់ដឹកនាំ​សមាគម​បាន​រួម​គ្នា​ពង្រឹង​កីឡា​នេះ​ដោយ​ការចំណាយ​ថវិកា​ខ្លួនឯង​ខ្លះ និង​បាន​ពី​ខាងក្រៅ​មក​ខ្លះ គឺ​យើង​ខំ​បណ្តុះបណ្តាល​កីឡា​វាយសី​របស់​យើង​ធ្វើ​ម៉េច​ឲ្យ​បាន​ខ្លាំង និង​ធ្វើ​ម៉េច​ឲ្យ​បាន​រីកចម្រើន​ទៅ​មុខ​»​។

យ៉ាងណា​ក៏ដោយ​នៅក្នុង​ពិធី​បិទ​ការប្រកួត​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នោះ​លោក មាស សារិន អនុប្រធាន​សហព័ន្ធ​កីឡា​វាយសី​កម្ពុជា​បាន​ជំរុញ​ឲ្យ​អ្នក​ទទួល​បាន​ជ័យជម្នះ​ត្រូវ​បង្កើន​ការហ្វឹកហាត់​ឲ្យ​បាន​កាន់តែ​ខ្លាំង ត្រៀម​ទៅ​ស៊ីហ្គេម ឆ្នាំ​ ២០២៣​។ លោក​បាន​ថ្លែង​ថា​៖ «​នេះ​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង ដែល​វាយសី​របស់​យើង​បាន​ចូលរួម​ប្រកួត​សិស្ស​ថ្នាក់ជាតិ ហើយ​យើង​ទាំងអស់​គ្នា​ជា​អ្នកបង្កើត​ឲ្យ​មាន​ប្រវត្តិសាស្ត្រ​នេះ​ឡើង តែ​ទោះបី​ជា​យ៉ាងណា​ខ្ញុំ​សូម​ឲ្យ​អ្នក​ទទួល​បាន​ជ័យជម្នះ​នៅ​ថ្ងៃ​នេះ​ត្រូវ​ខំហាត់​បន្ថែម​ទៀត ដើម្បី​យើង​អាច​បាន​មេដាយ​ទៀត​នៅ​ស៊ីហ្គេម ឆ្នាំ​ ២០២៣»​។

ទាក់ទង​ទៅ​នឹង​ការលើក​ឡើង​នេះ​លោក សេង ប៊ុនលី បាន​បន្ថែម​ថា​៖ «​យើង​មាន​ឧបសគ្គ​ច្រើន​ដែរ​ក្នុង​ការបណ្តុះ​ក្រុម​តូច​នេះ​ឡើង ខណៈ​ក្រុម​ធំ​របស់​យើង បាន​ទៅ​លេង​ឲ្យ​ក្រសួង​មហាផ្ទៃ​អស់​ហើយ​នោះ ប៉ុន្តែ​យើង​បាន​ពុះពារ និង​សហការ​គ្នា​អភិវឌ្ឍ​កីឡា​វាយសី​នេះ​ឲ្យ​បាន​ជោគជ័យ ហើយ​នៅ​ថ្ងៃ​នេះ​យើង​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់ ដែល​យើង​ទទួល​បាន​មេដាយ​សឹង​តែ​ទាំងអស់​ពី​ការប្រកួត​នេះ​។ ចំណែក​ជំហាន​បន្ទាប់​ទៀត​ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ឆ្នាំង​ដើម្បី​យើង​ត្រៀម​បណ្តុះ​អត្តពលិក​កីឡា​វាយសី​នេះ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​នេះ​ទៀត​គឺ​យើង​មិន​ចង់​បាន​ត្រឹម​កម្រិត​នៅពេល​នេះ​ទេ​»៕