ភ្នំពេញ៖ គណៈ​កម្មការ​បច្ចេកទេស​ទី​លាន​ប្រ​កួត​បាន​ចង្អុលបង្ហាញ​​ឱ្យ​​សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រយាន​ ​(​ប្រណាំង​កង់​)​​ សិក្សា​កំណត់​​យក​នូវ​​ទី​លាន​ប្រណាំង​កង់​លក្ខណៈ​អន្តរជាតិ​សម្រាប់​ត្រៀម​រៀបចំ​ការ​ប្រកួតស៊ីហ្គេមលើកទី​៣២ ឆ្នាំ​ ២០២៣ ហើយគណៈកម្មាធិការ​ជាតិរៀបចំការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍លើកទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC)​ បាន​រំឭក​ឱ្យសហព័ន្ធនេះសិក្សា​ទីលាន​ប្រកួតនៅក្នុង​​ខេត្ត​ចំនួន​ ៣ ​គឺ​ខេត្តសៀមរាប ខេត្តព្រះ​សីហនុ​ និងខេត្តកែប​ ព្រោះ​ខេត្ត​ទាំង​ ៣​ នេះ​ មាន​សក្តានុពលលើ​វិស័យ​ទេសចរណ៍​​ខ្លាំង​ជាង​គេនៅ​​ក្នុង​ប្រ​ទេស​កម្ពុជា ​ប៉ុន្តែ​ឱ្យ​ជ្រើសរើស​​យក​តែ​ខេត្ត​មួយ​ប៉ុណ្ណោះ​។​

លោក​នូ​ចំរើន​អគ្គលេខាធិការ​សហព័ន្ធខ្មែរកីឡា​​ទោចក្រយាន​បាន​និយាយ​ថា​​សហ​ព័ន្ធ​ និង​ថ្នាក់​ដឹក​នាំ​ព្រម​ទាំង​ភាគី​ពាក់​ព័ន្ធ​បាន​ទទួល​នូវ​ផែន​ការ​នេះ​ ហើយ​គឺ​បាន​កំណត់​​ថា​ខេត្ត​ចំនួន​ ៣​ មាន​សៀមរាប​ ព្រះ​សីហនុ​ និង​ខេត្ត​កែប ​ពិត​ជា​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ដ៏​ទាក់ទាញ​ព្រមជាមួយ​នឹង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ដ៏​ល្អ​ប្រសើរ​ត្រូវ​តាម​បទ​ដ្ឋាន​បច្ចេកទេស​ការរៀប​ចំ​ប្រកួតកីឡាទោចក្រ​យាន​សម្រាប់​ស៊ីហ្គេមលើកទី៣២​ ឆ្នាំ ២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ​។

លោក​បាន​បន្ថែម​ថា​៖ «​យោង​តាម​ផែនការ​យុទ្ធសាស្ត្រ និង​ការ​ចង្អុល​បង្ហាញ​របស់​ឯកឧត្តម​ ប៉ាន​ សូរស័ក្តិ​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ និង​ជាប្រធានសហព័ន្ធខ្មែរ​កីឡាទោចក្រយាន ​ព្រម​ទាំង​គណៈកម្មការ​ទីលាន​​របស់ CAMSOC បាន​ណែនាំដល់​ក្រុម​មន្ត្រី​បច្ចេកទេសរបស់​​សហព័ន្ធ​ពិនិត្យ​វាយ​តម្លៃ​ក្នុង​ការជ្រើសរើស ​ទីតាំង​ខេត្ត​ ១ ​ក្នុង​ចំនួន​ ៣​ ខាង​លើ​នេះ​ ឱ្យ​ទទួល​បាន​តាម​បច្ចេកទេស​ស្តង់​ដា​អន្តរជាតិ​ និងមាន​​​សោភណភាព​ល្អ​ផង​ដែរ»​។

ជុំ​វិញ​រឿងនេះ​ដែរ ​លោក​ វ៉ាត់​ ចំរើន​ អគ្គ​លេខាធិការ​ CAMSOC បាន​លម្អិត​​ថា​ទី​តាំង​ទាំង​ ៣​ ខេត្ត​នេះ​ល្អ​​ផ្តាច់​តែ​ម្តង​ក្នុង​ប្រភេទ​កីឡា​​ប្រណាំង​កង់​។​ សម្រាប់​ខេត្តសៀម​រាប​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ក្នុង​នោះ​មាន​ព្រលាន​យន្តហោះ​ផ្លូវថ្នល់​ល្អ​ស្រាប់​ទីតាំង​ប្រាសាទ​បុរាណ​តំបន់ទេសចរណ៍ជា​ច្រើន ឧទ្យានភ្នំ​គូលែន​ដែល​អាច​រៀប​ចំការ​ប្រកួត​ប្រភេទ​កីឡាកង់ភ្នំ​កង់គក់ ដែល​ក្រុម​ការងារ​បច្ចេកទេស​របស់​សហព័ន្ធបាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​ម្តង​រួចហើយហើយ​​បានវាយតម្លៃ​​កំណត់​បង្ហាញ​ជូន​គណៈ​កម្មការរៀបចំការ​ប្រកួត​សម្រេច​។

ការ​ប្រកួត​កីឡា​ប្រណាំងកង់​ពិភពលោក​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដែលកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះកន្លងមក។

​ចំណែក​ខេត្ត​ព្រះសីហនុ​ គឺ​ជា​តំបន់​ឆ្នេរ​សមុទ្រ​ដ៏ទាក់​ទាញ​ដ៏​ល្អដែល​សហព័ន្ធ​ធ្លាប់​បាន​រៀបចំ​ការ​ប្រកួត​កីឡា​ប្រណាំងកង់​ពិភពលោក​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ម្តង​រួច​មក​ហើយ។ ខេត្តនេះមាន​​តំបន់​មាត់​សមុទ្រអម​ដោយ​ទេស​ភាព​ធម្ម​ជាតិ​ដែល​ជា​គោល​ដៅ​ទេសចរណ៍​ធ្លាប់​​បាន​ទទួល​លទ្ធផល​ប្រកប​ដោយភាព​ជោគជ័យ​កាលពីដើមឆ្នាំ​ ២០២០​ កន្លងទៅ​នេះ​។​

បន្ថែម​លើនេះ​​ខេត្ត​ព្រះសីហនុ​មាន​សក្តានុពលផ្លូវ​ថ្នល់​ដែល​មានការ​ទាក់ទាញ​ខ្លាំង​ក្នុង​ការ​រៀប​ចំការ​ប្រកួតផង​និង​ទាក់ទាញភ្ញៀវជាតិ-​អន្តរជាតិ​ផង ​គឺ​វា​ស័ក្តិសម​ទៅ​នឹង​ការ​ចូល​រួម​ទស្សនា​គាំទ្រ​ដល់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ​របស់​យើង​។

លោក វ៉ាត់ ចំរើន បានបន្ថែម​ថាចំណែក​ខេត្ត​កែប​មាន​លក្ខណៈ​ស្រដៀង​គ្នា និង​ខេត្តព្រះ​សីហនុផង​ដែរ និង​មាន​លក្ខណ​ពិសេស ​គឺ​ខេត្ត​កែប​នេះ​មាន​ស្ថានភាព​ផ្លូវថ្នល់​ឡើង​ចុះ​ក្នុង​នោះ​មាន​ឧទ្យាន​ខេត្តកែប​ដែល​ផ្តល់​នូវភាព​ងាយ​ស្រួល​ក្នុង​ការ​រៀប​ចំការ​ប្រណាំង​កង់​ភ្នំ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ ខណៈ​ដែល​អ្នក​ទស្សនា​អាច​មើល​ឃើញ​ទេស​ភាព​សមុទ្រ​ និង​កោះ​ជា​ច្រើន​។

យ៉ាងណា​ក៏​ដោយលោក វ៉ាត់ ចំរើន តាម​ការ​បញ្ជាក់ជា​រួម​​​ថា៖​ «​សហព័ន្ធ​និង​ជំនាញ​បច្ចេកទេស​បាន​វាយ​តម្លៃ​ថា​ ក្នុងចំណោម​ខេត្តទាំង ​៣ ​នេះ ​គឺ​ខេត្ត​សៀមរាប​ជា​ខេត្ត​មាន​អាទិភាពជាង​គេ​សម្រាប់​រៀបចំ​ការ​ប្រកួត​ប្រណាំងកង់​នៅពេល​កម្ពុជា​ធ្វើម្ចាស់ផ្ទះស៊ីហ្គេម​លើកទី៣២ ​ឆ្នាំ ២០២៣​។​

ប៉ុន្តែ​កិច្ច​ការ​នេះ យើង​​នឹង​ប្រ​ជុំ​សម្រេច​ជា​គោល​ការណ៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​ ១១​ ខែ​ឧសភាខាងមុខនេះ​ ដើម្បី​ឆ្លងទៅថ្នាក់ដឹកនាំ​​របស់​ CAMSOC ធ្វើការ​សម្រេចជា​បន្ត​ទៀត»៕