ភ្នំពេញ៖ ​ក្រុម​ខេត្ត​កែប និង​ក្រុម​ខេត្តត្បូង​ឃ្មុំ សុទ្ធ​តែ​បាន​ឆ្លង​ផុត​ឧបសគ្គ ដើម្បីឈ្នះ​កៅអី​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ក្រុម​ខេត្តព្រៃ​វែង និង​ក្រុម​ខេត្ត​សៀមរាប ក្រោយ​ពេល​ក្រុម​ទាំង ​២ បាន​ទម្លាក់​ក្រុម​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កំពង់ឆ្នាំង ក្នុង​ការ​ប្រកួត​កាត់​សេចក្តី​ជើងទី​២ ​នៃ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើកទី ​១៤ (ថ្នាក់​ខេត្ត) ឆ្នាំ ​២០២០ កាល​ពី​ថ្ងៃ​ពុធ។

តាមរយៈ​ការ​ប្រកួត​កាល​ពី​ម្សិលមិញ​នោះ ក្រុម​ខេត្ត​ខេត្ត​កំពង់ស្ពឺ បាន​កើន​ទំនុក​ចិត្ត​វិញ​កាន់​តែ​ខ្លាំង នៅ​ពេល​ខ្សែ​ប្រយុទ្ធ​ពាក់​លេខ ​៩ ណូ ស៊ូរី បាន​ស៊ុត​បាល់​ពី​ចម្ងាយ ទម្លុះ​សំណាញ់​ទី​ក្រុម​ម្ចាស់​ផ្ទះ ខេត្ត​ត្បូងឃ្មុំ នៅ​ត្រឹម​នាទី ៣៤ ​នោះ ព្រោះ​គ្រាប់ បាល់​នេះ បាន​ជួយ​ឲ្យ​ក្រុម​ខេត្ត​កំពង់ស្ពឺ អាច​កាត់​បន្ថយ​គម្លាត​គ្រាប់​បាល់ ចំពោះ​ការ​ចាញ់​ក្រុម​ត្បូងឃ្មុំ ២-០ កាល​ពី​ជើងទី ​១ បាន ​១ ​ផ្អែក​ធំ។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​តង់ទី​២ នៅ​លើ​កីឡដ្ឋាន​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុន​សែន​​មេមត់ ដែល​គ្រប​ដណ្តប់​ដោយ​តំណក់​ទឹក​ភ្លៀង​នោះ ក្រុម​ម្ចាស់​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ ​២០១៩ ខេត្ត​ត្បូងឃ្មុំ​បាន​ព្យាយាម​វាយ​បក​វិញ​ជា​បន្ត​បន្ទាប់ ហើយ​នៅនាទីទី ​៥៨ ភាព​រីក​រាយ​បាន​កើត​មាន​ឡើង ចំពោះ​ពួក​គេ​នៅ​ពេល​ខ្សែ​ប្រយុទ្ធ វ៉ាហេត ហាំហ្វា បាន​ស៊ុត​បាល់​ពី​ការ​ចាប់​​ភ្លាត់​របស់​អ្នក​ចាំទី​​ក្រុម​ខេត្ត​កំពង់ស្ពឺ បញ្ចូល​ទី​បាន​យ៉ាង​ល្អ​នោះ។

នៅ​ក្រោយ​ការ​តាម​​ស្មើ​ ១-១ នេះ ក្រុម​ខេត្ត​ត្បូងឃ្មុំ នៅ​តែ​គ្រប់គ្រង​បាល់​បាន​ល្អ​ជាង ប៉ុន្តែ​ក្រុម​ទាំង​២ មិន​អាច​រក​គ្រាប់​បាល់​បន្ថែម​បាន​ដូច​គ្នា ហើយ​ការ​ស្មើ​គ្នា​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ ខេត្ត​ត្បូងឃ្មុំ​អាច​យក​ឈ្នះ​លើ​ក្រុម​ខេត្ត​កំពង់ស្ពឺ ជាមួយ​លទ្ធផល​នៃ​ការ​ប្រកួត​ទាំង ​២ ​ជើង ៣-១ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ចំណែក​ក្រុម​ខេត្ត​កែប នៅ​តែ​​អាច​រក្សា​បាន​ភាព​ខ្លាំង​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ម្ចាស់​ផ្ទះ ខេត្ត​ត្បូងឃ្មុំ។ បើ​ទោះបីជា​ខេត្ត​កែប​បាន​យក​ឈ្នះ​ក្រុម​ខេត្ត​កំពង់ឆ្នាំង ទាំង​ប្រផិតប្រផើយ ៤-៣ នៅ​ជើង​ទី១ ប៉ុន្តែ​នៅ​ជើងទី​២​ ខ្សែ​បម្រើ ជឿន ណាចារ អាច​រក​បាន ​២ ​គ្រាប់​តែ​ម្នាក់​ឯង​នៅនាទីទី ​១២ និងទី ​៨៦ គឺ​នៅ​ចន្លោះ​ការ​រក​បាន ​១ ​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ សា ម៉ូស្លីម នៅ​នាទី ​២១ ហើយ ​២ គ្រាប់​របស់​គេ បាន​ជួយ​ឲ្យ​ខេត្ត​កែប បន្ត​ឈ្នះ​ខេត្ត​កំពង់ឆ្នាំង ២-១ បន្ថែម​លើ​ការ​ឈ្នះ ៤-៣ កាល​ជើង​ទី​១។

តាមរយៈ​លទ្ធផល​នៃ​ការ​ប្រកួត​​វគ្គ ​៨ ​ក្រុម​ចុង​ក្រោយ​នេះ ក្រុម​ខេត្ត​កែប និង​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ នឹង​ត្រូវ​ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ចំណែក​​ក្រុម​ខេត្ត​ព្រៃវែង និង​ក្រុម​ខេត្ត​សៀមរាប ដែល​បាន​ទម្លាក់​ក្រុម​ខេត្ត​កោះកុង និង​ក្រុម​ខេត្ត​កណ្តាល​នោះ ក៏​នឹង​ត្រូវ​ប្រឈម​ដាក់​គ្នា​ផង​ដែរ ហើយ​ក្រុម​ណា​ឈ្នះ នឹង​ត្រូវ​ឡើង​ទៅ​ជួប​គ្នា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ប្រកួត​គ្នា​យក​ពាន​ថ្នាក់​ខេត្ត​ប្រចាំ​ឆ្នាំ ​២០២០ នេះ។

យ៉ាង​ណា​ក៏​ដោយ បើ​តាម​មន្រ្តី​បច្ចេកទេស​របស់​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ប្រកួត​ថ្នាក់​ខេត្ត​ពាន​រង្វាន់​សម្តេច ​ហ៊ុន សែន ឆ្នាំ ​២០២០ ​នេះ គឺ​គណៈកម្មការ​បាន​កំណត់​យក​ក្រុម​ចំនួន ​៤ ដើម្បី​ឡើង​ទៅ​ប្រកួត​វគ្គ ​១៦ ​ក្រុម​ថ្នាក់​ជាតិ ជាមួយ​ក្រុម​កំពុង​លេង​នៅ​លីក​កំពូល​កម្ពុជា​ឆ្នាំ ​២០២០។ ការ​សម្រេច​បែប​នេះ ក៏​ព្រោះ​តែ​ការ​ប្រកួត​លីក​កំពូល​នៅ​ឆ្នាំ​នេះ មាន​តែ ​១៣ ​ក្រុម ស្រប​ពេល​​ក្រុម​យុវជន​សាលា​បាល់​​ទាត់​ជាតិ​បាទី​អាយុ​ក្រោម ​១៨ ​ឆ្នាំ មិន​ចូលរួម​ការ​ប្រកួត​ថ្នាក់​ជាតិ​នេះ​ទៅ​ទៀត។

យោង​តាម​ការ​សម្រេច​នេះ ក្រុម​ខេត្ត​ព្រៃវែង ខេត្តសៀម​រាប ខេត្តត្បូងឃ្មុំ និង​ក្រុម​ខេត្តកែប សុទ្ធ​តែ​បាន​ឡើង​ទៅ​លេង​នៅ​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ រួចជា​ស្រេច​ដូច​គ្នា ដោយ​ពួក​គេ​អាច​ជួប​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន ព្រះខ័នរាជស្វាយរៀង ណាហ្គាវើល វិសាខា អង្គរថាយហ្គឺរ បឹងកេត Tiffy Army សូល​ទីឡូអង្គរ នគរបាល​ជាតិ គិរីវង់សុខសែន​ជ័យ អាស៊ី​អឺរ៉ុប​យូណាយធីត និង​ក្រុម​អគ្គិសនី​កម្ពុជា ដែល​កំពុង​លេង​នៅ​លីក​កំពូល​កម្ពុជា ឆ្នាំ ​២០២០ នេះ៕