The Phnom Penh Post Search

Search form

ខេត្ត​បន្ទាយមានជ័យ ត្រៀម​សង្វៀន ៤ ដើម្បី​ប្រកួត ថ្ងៃ​ចូល​ឆ្នាំ

Content image - Phnom Penh Post
ឃីម ឌីម៉ា ក្លាយ​ជា​កីឡាករ​គំរូរបស់​ខេត្ត​បន្ទាយមាន​ជ័យ ក្រោយ​ឈ្នះ​មេដាយមាស។ ស្រេង ម៉េងស្រ៊ុន

ខេត្ត​បន្ទាយមានជ័យ ត្រៀម​សង្វៀន ៤ ដើម្បី​ប្រកួត ថ្ងៃ​ចូល​ឆ្នាំ

ភ្នំពេញៈ សមាគម​កីឡាប្រដាល់​ខេត្ត​បន្ទាយមានជ័យ បាន​ត្រៀម​សង្វៀន​ប្រកួត​ចំនួន ៤ ដើម្បី​ទុក​ឲ្យ​កីឡាករ​វ័យ​ក្មេង​ជិត ១០០ នាក់ ធ្វើការ​ប្រកួត​ប្រជែង​គ្នា ដណ្ដើម​ពាន​រង្វាន់​ប៉ោយប៉ែត​សង្ក្រាន្ត រយៈពេល ៣ ថ្ងៃ នា​ថ្ងៃ​ទី ១៤ ដល់​ទី ១៦ មេសា បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ ខាង​មុខ​នេះ។

លោក ថៃ អ៊ូ ប្រធាន​សមាគម​កីឡាប្រដាល់​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​ថា៖ «ការ​ប្រកួត ៣ ថ្ងៃ​នោះ គឺ ៤ សង្វៀន​ផ្សេង​គ្នា ដោយ ១ សង្វៀន មាន​ការ​ប្រកួត ១០ គូ ដោយ​ក្នុង​នោះ សមាគម​ប្រដាល់​ខេត្ត​បន្ទាយ​មានជ័យ បាន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត និង​ក្រុង​ប៉ោយប៉ែត បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ ជូន​មហាជន​ទស្សនា ដោយ​ឥត​គិត​ថ្លៃ»។

សង្វៀន​ទាំង ៤ ដែល​ត្រៀម​ការប្រកួត​ប្រដាល់​នេះ គឺ​មាននៅ​ទីក្រុង​ប៉ោយប៉ែត ក្រុង​សិរីសោភ័ណ វត្ត​បន្ទាយ​នាង និង​នៅ​វត្ត​ភូមិ​អូរ​ប្រាសាទ ដោយ​ភាគ​ច្រើន​បំផុត​កីឡាករ​ក្មេងៗ មាន​ទម្ងន់​ស្រាលៗ ចាប់​ពី ២៥ គីឡូក្រាម ទៅ ៣០ គីឡូក្រាម និង​មាន​ធ្ងន់​ជាង​នេះ​ខ្លះ​ដែរ។

ចំណែក​តម្លៃ​ខ្លួន​ប្រកួត​វិញ មិន​ច្រើន​ដូច​ការប្រកួត​នៅ​ភ្នំពេញ​នោះទេ គឺ​អ្នកចាញ់​បាន ៤ ម៉ឺន ឈ្នះ ៦ ម៉ឺន ហើយ​គូ​ពិសេស បាន​ច្រើន​ត្រឹម ១០ ម៉ឺន​រៀល។ថវិកា​ទាំង​នេះ បាន​មក​ពី​អាជ្ញាធរ​ក្រុង និង​ខេត្ត​បន្ទាយ​មានជ័យ ដែល​សរុប​ការ​ចំណាយ​ទាំង ៤ សង្វៀន អស់​ជាង ៩ លាន​រៀល។

លោក ថៃ អ៊ូ បញ្ជាក់ថា៖ «ក្រៅពី​ការ​ប្រកួត​នៅលើ​សង្វៀន​ទាំង ៤ សរុប ៤០ គូ គឺ​មាន​គូ សុំ​ប្រកួត​ក្រៅ​គម្រោង​បន្ថែម​ទៀត ហេតុ​នេះ​កីឡាករ​អាច​កើន​ឡើង​ដល់​ជិត ១០០ នាក់ ហើយ​នេះ​ជា​ការ​ប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ​សុទ្ធ លក្ខណៈ​មិត្តភាព​និង​ដណ្តើម​ពាន​ក្រុង​ប៉ោយប៉ែត តាម​ប្រពៃណី​ជាតិ ដែល​ជា​ទម្លាប់​របស់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នេះ តាំង​ពី​បុរាណកាល»។

គួររំឭកថា ខេត្តបន្ទាយមានជ័យ គឺជា​ខេត្ត​មួយ ដែលមាន​អ្នក​និយម​ប្រដាល់​ច្រើន​ជាង​គេ តាំង​ពី​សម័យ​ដើម ហើយ​បច្ចុប្បន្ន ខេត្ត​នេះ មាន​កីឡាករ​កំពុង​ល្បី​ច្រើន ស្រប​ពេល​មាន​គ្រូ​ប្រដាល់​ឆ្នើម ៤ នាក់ មាន លោក ហេង ប៊ុនឃីម លោក វ៉ោយ អេង លោក សាន់ សៅយ៉ាន់ និង​លោក ថៃ អ៊ូ។

លោក ថៃ អ៊ូ បាន​និយាយ​ក្នុងនាម​សមាគម​កីឡាប្រដាល់​ខេត្ត​បន្ទាយមានជ័យ​ថា៖ «ធនធាន​អ្នក​ប្រដាល់​វ័យ​ក្មេងៗ នៅ​ខេត្ត​បន្ទាយ​មានជ័យ មាន​ច្រើន​ណាស់ ព្រោះ​យើង​បាន​លើក​ទឹកចិត្ត​ឲ្យ​បណ្ដា​ក្លិប​ជា​សមាជិក​បណ្ដុះ​បណ្ដាល អ្នក​ប្រដាល់ វ័យ​ក្មេងៗ ដោយ​ខ្ញុំ​ជា​អ្នក​ធានា​រក​ទីផ្សារ​ឲ្យ​ប្រកួត និង​រក​ការ​ឧបត្ថម្ភ​នានា គឺ​បង្កើត​ឲ្យ​មាន​ការ​ប្រកួត ជា​ប្រចាំ​សប្តាហ៍»។

លោក​បន្ថែមថា៖ «អ្នក​ប្រដាល់ បើ​មិនមាន​ការប្រកួត​ទេនោះ ពួកគេ​នឹង​រត់ចោល​ក្លិប ព្រោះ​ជា​ការ​ហ្វឹកហាត់​អត់​ប្រយោជន៍ អ៊ីចឹង​ហើយ​ទើប​កីឡាករ​ឆ្នើមៗ​ភាគ​ច្រើន ចេញ​មក​ពី​ខេត្ត​បន្ទាយ​មានជ័យ ក្នុង​នោះ​មាន ឃីម ឌីម៉ា, តាំង តាក់, សាន់ សៅ​យ៉ាន់, វ៉ោយ សុធន,វ៉ោយ ចន្ទ​តារា,នួន ភិរម្យ,នួន ភិរក្ស,សុខ ធី,សុខ រិទ្ធ ជាដើម ដែល​ពួកគេ សុទ្ធ​តែ​បាន​ចូលរួម​ជួយ​លើក​មុខ​មាត់​ឲ្យ​ខេត្ត​បន្ទាយមានជ័យ»។

ចំណែក លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ មាន​ថ្លែង​ថា៖ «ទិសដៅ​របស់​សហព័ន្ធ គឺ​ជំរុញ​លើក​ទឹកចិត្ត​កីឡាករ​ថ្នាល នៅ​ខេត្ត​បន្ទាយ​មានជ័យ ហើយ​កន្លង​មក សហព័ន្ធ​បាន​សហការ និង​លើក​ស្ទួយ​ឲ្យ​មាន​ការ​ប្រកួត​កីឡាករ​វ័យក្មេង​ប្រចាំ​សប្តាហ៍។ រីឯ​បច្ចុប្បន្ន យើង​បាន​យក​លោក ហេង ប៊ុនឃីម បាន​ធ្វើ​ជា​គ្រូ​ជម្រើស​ជាតិ​ថ្នាក់​ថ្នាល ខណៈ​កីឡាករ​ឆ្នើម ឃីម ឌីម៉ា ដែល​បាន​មេដាយ​មាស​ពី​ស៊ីហ្គេម មុន​គេ គឺ​មាន​ប្រភព​មក​ពី​ខេត្ត​បន្ទាយ​មានជ័យ​នេះ​ឯង»៕

អត្ថបទគួរចាប់អារម្មណ៍