ភ្នំពេញ: នាយក​គ្រប់គ្រង​វិទ្យាស្ថាន​ខេមអេដ លោក Casey Barnett គ្រោង​នឹង​ពង្រីក​ការប្រកួត​កីឡា​ប៉េតង់​ឲ្យ​កាន់​ធំ​បន្ថែម​ទៅ​លើ​ការរៀបចំ​ការប្រកួត​កីឡា​អត្តពលកម្ម ដើម្បី​ពង្រីង​ធនធាន​ក៏​ដូចជា​ជំរុញ​ឲ្យ​និស្សិត​ដែល​មាន​ស្នាដៃ​លើ​ប្រភេទ​កីឡា​ប៉េតង់​អាច​មាន​លទ្ធភាព​ឈាន​ដល់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នាពេល​ខាង​មុខ​។

លោក Casey បាន​ថ្លែង​ថា​៖ «​នៅ​ឆ្នាំ​នេះ​យើង​បាន​បន្ថែម​ឲ្យ​មាន​ការប្រកួត​កីឡា​ប៉េតង់ ដោយសារ​ជា​ប្រភេទ​កីឡា​ល្បី​ធ្លាប់​ដណ្តើម​បាន​មេដាយ​នៅលើ​ឆាក​អន្តរជាតិ​ច្រើន ហើយ​ក្រុមនិស្សិត​របស់​យើង​ចង់​បង្កើត​ឲ្យ​មាន​ការប្រកួត​កីឡា​ប្រភេទ​នេះ ហើយ​តាមរយៈ​ការប្រកួត​នេះ យើង​មើល​ឃើញ​ថា​និស្សិត​របស់​យើង​មួយ​ចំនួន​មាន​សក្តានុពល​លើ​ការប្រកួត​ប៉េតង់ អ៊ីចឹង​បើ​សិន​ជា​ពួកគេ​ខំប្រឹងប្រែង​ហ្វឹកហាត់​បន្ត ពួកគេ​អាច​មាន​ឱកាស​បាន​ទៅ​ប្រកួត​កម្រិត​ជើងឯក​ថ្នាក់ជាតិ​»​។

ការលើក​ឡើង​របស់​បុរស​ជនជាតិ​អាមេរិកកាំង​លោក Casey Barnett ត្រូវ​បាន​ធ្វើ​ឡើង​នៅពេល​លោក​បាន​ចូលរួម​នៅក្នុង​ពិធី​បើក និង​បិទ​ការប្រកួត​កីឡា​អត្តពលកម្ម​ដែល​រូបលោក​ផ្ទាល់​បាន​រៀបចំ​ឲ្យ​មាន​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​កាលពី​ថ្ងៃ​អាទិត្យ​។

តាមរយៈ​ការប្រកួត​ពេញ​មួយ​ព្រឹក​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​កីឡាករ កីឡាការិនី​ជា​និស្សិត​របស់​វិទ្យាស្ថាន​ខេមអេដ​ជាង​ ១០០ ​នាក់​បាន​ធ្វើការ​ប្រកួត​គ្នា​នៅ​លើ​វិញ្ញាសា​រត់​ល្បឿន​ ១០០ ​ម៉ែត្រ​ (​បុរស​-​នារី​) ចោល​ដុំដែក (​បុរស-នារី​) លោត​កម្ពស់ (​បុរស-នារី​) លោត​ចម្ងាយ​ (​បុរស​-​នារី​) រត់​ចម្ងាយ​ ៣ ​គីឡូម៉ែត្រ​ (​នារី​) រត់​ចម្ងាយ​ ៥ ​គីឡូម៉ែត្រ​ (​បុរស​) ចោល​ថាស​ (​បុរស-នារី​) និង​ចោល​ស្ន​ (​បុរស-នារី​) នៃ​ប្រភេទ​កីឡា​អត្តពលកម្ម​យ៉ាង​ស្វិតស្វាញ ដើម្បី​ប្រជែង​គ្នា​យក​មេដាយ​ទៅ​តាម​ប្រភេទ​វិញ្ញាសា​នីមួយៗ​។

បន្ថែម​ទៅ​លើ​ការប្រកួត​កីឡា​អត្តពលកម្ម​ដែល​បាន​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​នេះ លោក Casey ក៏​បាន​ដាក់​ឲ្យ​មាន​ការប្រកួត​កីឡា​ប៉េតង់​ផ្នែក​បុរស-នារី​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​អាទិត្យ​នោះ​ផង​ដែរ ដើម្បី​ស្វែងរក​អត្តពលិក​មាន​ស្នាដៃ​សម្រាប់​ដាក់​លេង​តំណាង​ឲ្យ​វិទ្យាស្ថាន​ខេមអេដ​នៅក្នុង​ការប្រកួត​កីឡា​និស្សិត​ឧត្តមសិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ​ឆ្នាំ​ ២០១៩ ​នេះ​ខណៈ​កាលពី​ឆ្នាំ​ ២០១៨ ខេមអេដ ឈរ​នៅ​លេខ​ ៣ ដោយ​ឈ្នះ​បាន​មេដាយមាស​ ២ ប្រាក់​ ២ និង​សំរឹទ្ធ​ ២​។

លោក Casey Barnett បាន​បន្ថែម​ថា​៖ «​តាមពិត​នេះ​ជា​ការប្រកួត​កីឡា​អត្តពលកម្ម​ដោយ​គេ​មិន​បូក​បញ្ចូល​ការប្រកួត​កីឡា​ប៉េតង់​នោះ​ទេ អ៊ីចឹង​នៅ​ឆ្នាំ​ក្រោយ យើង​នឹង​រៀបចំ​ឲ្យ​មាន​ការប្រកួត​កីឡា​ប៉េតង់​ដាច់​ដោយ​ឡែក​ពី​ការប្រកួត​កីឡា​អត្តពលកម្ម ព្រោះ​និស្សិត​របស់​យើង​ភាគច្រើន​ចូលចិត្ត​លេង​កីឡា​ប៉េតង់​»​។

ជាមួយ​គ្នា​នេះ​លោក Casey ក៏​បាន​មើលឃើញ​ពី​ការរីកចម្រើន​ទៅ​លើ​ការប្រកួត​កីឡា​អត្តពលកម្ម​នៅ​ឆ្នាំ​នេះ​ផងដែរ​។ លោក​បាន​និយាយ​ថា​៖ «​ការប្រកួត​នៅ​ឆ្នាំ​នេះ​មាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​ច្រើន​ជាង​មុន ហើយ​ជា​លទ្ធផល​គឺ​ពួកគេ​បាន​រត់​ជាមួយ​ល្បឿន​ល្អ​ជាង​ឆ្នាំ​មុន​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​ជា​វិទ្យស្ថាន​បង្រៀន​ផ្នែក​ពាណិជ្ជកម្ម និង​គណនេយ្យ អ៊ីចឹង​ការរៀបចំ​ឲ្យ​មាន​ការប្រកួត​កីឡា​នេះ​គឺ​ទី​ ១ យើង​ចង់​ឲ្យ​និស្សិត​របស់​យើង​ក្លាហាន​ក្នុង​ការទទួល​យក​ការងារ​ទី​ ២ ​យើង​ចង់​បង្រៀន​ឲ្យ​គេ​ចេះ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការបំពេញ​ការងារ ដើម្បី​ទទួល​បាន​ជោគជ័យ ហើយ​ទី​ ៣ យើង​ចង់​បង្រៀន​ពួកគេ​ពី​សីលធម៌​ក្នុង​នាម​ជា​កីឡាករ ដើម្បី​ទទួល​ស្គាល់​ពី​ការចាញ់ និង​ការឈ្នះ​ដោយ​ប្រើប្រាស់​សមត្ថភាព​ពិតប្រាកដ​ជាមួយ​ការប្រកួតប្រជែង​ប្រកប​ដោយ​យុត្តិធម៌​»៕