ភ្នំពេញ៖ ​ក្រុម​បាល់​បោះ​នារី​របស់ ​ខេមអេដ ហាក់​បារម្ភ​ចំពោះ​ការ​ឆ្ពោះ​ទៅ​រក​ការ​ការពារ​​តំណែង​ជើងឯក​មេដាយ​មាស​ចំនួន ​៣ សម័យ​កាល​របស់​ខ្លួន នៅ​ក្នុង​ការ​ប្រកួត​កីឡា​និស្សិត​ឧត្តម​សិក្សា និង​មធ្យម​សិក្សា​បច្ចេកទេស​​ជ្រើសរើស​ជើងឯក​​ទូទាំង​ប្រទេស​ប្រចាំ​​ឆ្នាំ ខណៈ​កីឡាការិនី​ ធ្លាប់​មាន​ស្នាដៃ​ និង​​ជួយ​ឲ្យ​ក្រុម​ទទួល​ជ័យ​ជម្នះ​ជា​ច្រើន​នាក់ មិន​អាច​បន្ត​​ជួយ​ក្រុម​បាន​ទៀត​នោះ។

បើ​ទោះបី​ជា​នាយក​វិទ្យាស្ថាន​ខេមអេដ លោក Casey Barnett នៅ​តែ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​កីឡា​បាល់បោះ​នារី​ប្រចាំ​ឆ្នាំ ​ដើម្បី​រក​ក្រុម​កីឡាការិនី​ឆ្នើម​លេង​តំណាង​ឲ្យ​សាលា​របស់​ខ្លួន ប៉ុន្តែ​និស្សិត​នារី​ភាគ​ច្រើន ដែល​បាន​ចូល​រួម​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ ភាគ​ច្រើន​ជា​សិស្ស​​ថ្មី ចំណែក​កីឡាការិនី​មាន​បទពិសោធ​លេង​ល្អ​ និង​ធ្លាប់​ជួយ​ក្រុម​ឲ្យ​លើក​ពាន​កន្លង​មក​នោះ គឺ​ពួក​គេ​បាន​បញ្ចប់​ការ​សិក្សា​ជិត​អស់​ទៅ​ហើយ ហើយ​ក៏​មិន​អាច​បន្ត​ជួយ​​ក្រុម​ខេមអេដ បាន​ទៀត​នោះ​ដែរ។

លោក អ៊ុំ សូផាណារ៉ូ ជា​គ្រូ​បង្វឹក​បាល់​បោះនារី​របស់​វិទ្យាស្ថាន​ខេមអេដ បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖​ «នៅ​ពេល​នេះ យើង​នៅ​សល់​តែ​កីឡាការិនី​ជើង​ចាស់​ត្រឹម ​២ ​នាក់​ប៉ុណ្ណោះ សម្រាប់​ជួយ​ក្រុម ​ចំណែក​អ្នក​ផ្សេង​ទៀត​ជាង ​៩០ ភាគរយ គឺ​សុទ្ធ​តែ​ជា​សិស្ស​ថ្មី​ទាំង​អស់ ហើយ​ជា​ធម្មតា អ្នក​ថ្មី​តែងតែ​មាន​កម្រិត​លេង ឬ​បទពិសោធ​លេង​តិច​ជាង​អ្នក​ចាស់ គឺ​វា​មិន​ងាយ​ស្រួល​នោះ​ទេ»។

គ្រូ​បង្វឹក​រូប​នេះ បាន​បន្ថែម​ថា៖ ​«នៅ​ពេល​ដែល​សិស្ស​ចាស់​បាន​បញ្ចប់​ការ​សិក្សា​អស់​ហើយ​នោះ គឺ​យើង​ត្រូវ​តែ​បន្ត​បណ្តុះ​អ្នក​ថ្មី ហើយ​ការ​បណ្តុះ​អ្នក​ថ្មី​សុទ្ធ ស្រប​ពេល​​យើង​មាន​​ភារកិច្ច​ត្រូវ​ការពារ​តំណែង​ជើងឯក​ទៀត​នោះ គឺ​ក្នុង​នាម​ខ្ញុំ​ជា​គ្រូ​មាន​ការ​លំបាក​ច្រើន។ តែ​ទោះបី​ជា​យ៉ាង​ណា ទម្រាំ​ដល់​ការ​ប្រកួត​ University Game យើង​នៅ​សល់​ពេល​ជិត ​១ ឆ្នាំ​នេះ អ៊ីចឹង​ខ្ញុំ​នឹង​ប្រឹងប្រែង​​បណ្តុះបណ្តាល​ពួក​គេ ធ្វើ​ម៉េច​រក្សា​ឈ្មោះ​សាលា​ឲ្យ​បាន ព្រោះ​អ្នក​ថ្មី​ទាំង​នេះ ក៏​​មាន​ឆន្ទៈ​​ខ្ពស់​ក្នុង​ការ​លេង​ផង​ដែរ»។

លោក អ៊ុំ សូផាណារ៉ូ ​បាន​លើក​ឡើង​បែប​នេះ ក្រោយ​ពេល​លោក​បាន​ចំណាយ​ពេល ​២ ​សប្តាហ៍ ក្នុង​ការ​ដឹកនាំ​ការ​ប្រកួត​កីឡាបាល់​បោះ​នារី​ដណ្តើម​​ពាន​រង្វាន់​ខេមអេដ ឆ្នាំ ​២០១៩ ដែល​​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ការ​ប្រកួត​​លើ​វិញ្ញាសា ​៣ នាក់ ទល់ ៣ នាក់ មាន ១៦ ​ក្រុម​ចូល​រួម​នេះ ក្រុម​ Possible បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ក្រោយ​ឈ្នះ​ក្រុម Oyeo ៩-៧ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ឯ​ក្រុម Wanderer បាន​លេខ ​៣​ ខណៈ​កីឡាការិនី សន ទិត្យធីនីកា របស់​ក្រុម​លេខ ​៤ Felix Felicis បាន​ក្លាយ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ (២៧ ​គ្រាប់) ប្រចាំ​ព្រឹត្តិការណ៍​នេះ។

ជាមួយ​គ្នា​នេះ ក្រុម​គ្រូ​បង្វឹក​បាល់​បោះ​របស់​ខេមអេដ នឹង​ធ្វើ​ការ​ជ្រើសរើស​កីឡាការិនី​មាន​សមត្ថភាព​ល្អ ចេញ​ពី​ការ​ប្រកួត​នេះ ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់​រួម​គ្នា ត្រៀម​ការពារ​តំណែង​ជើងឯក​របស់​ពួក​គេ​ក្នុង​ការ​​ប្រកួត​កីឡា​និស្សិត​ឧត្តម​សិក្សា និង​មធ្យម​សិក្សា​បច្ចេកទេស​​ជ្រើសរើស​ជើងឯក​​ទូទាំង​ប្រទេស ប្រចាំ​​ឆ្នាំ ​២០២០ ដែល​ត្រូវ​ប្តូរ​ទៅ​ជា​ការ​ប្រកួត University Game 2020 វិញ​ម្តង។

ទាក់ទង​នឹង​ការ​ត្រៀម​នេះ កីឡាការិនី​​មាន​បទពិសោធ​ចាស់​វស្សា​ជាង​គេ ម៉ៅ ម៉ូលីដា របស់​ក្រុម Possible និង​ជា​អ្នក​ធ្លាប់​ជួយ​ឲ្យ​ក្រុម​ខេមអេដ លើក​ពាន​បាន ​៣ ​លើក​នោះ បាន​និយាយ​ថា៖ ​«ការ​ត្រៀម​ការពារ​តំណែង​ជើងឯក​របស់​យើង​អាច​នឹង​មាន​ការ​ពិបាក​ជាង​មុន ព្រោះ​ពួក​គាត់​ថ្មី អ៊ីចឹង​ពេល​ជួប​​ក្រុម​សាកល​វិទ្យាល័យ​ផ្សេង​ទៀត គេ​អាច​ចាស់​ជាង​យើង ក៏​ប៉ុន្តែ​ក្រុម​របស់​គេ​ក៏​មាន​អ្នក​ចាស់​ឈប់ និង​បញ្ចូល​អ្នក​ថ្មី​ដូច​យើង​ដែរ អ៊ីចឹង​យើង​នឹង​ខំ​ប្រឹង​បង្វឹក​ពួក​គាត់​ឲ្យ​ល្អ​ដើម្បី​រក្សា​តំណែង​ជើងឯក​របស់​យើង»៕