ភ្នំពេញៈ ការប្រកួត​ពានរង្វាន់ TV5 Boxing Knock Out Series ទម្ងន់ ៥៤ គីឡូក្រាម​នៃ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ដែល​ចំណាយពេល​ប្រកួត​ចំនួន​ ១៩ ​សប្តាហ៍​នោះ​បាន​រកឃើញ​ម្ចាស់​ជើងឯក​ហើយ​គឺ​ជើង​ខ្លាំង ខេម ចាន់ របស់​ក្លិប​ទ័ព​ឆត្រយោង​ ៩១១ បន្ទាប់ពី​រូបគេ​បាន​ឈ្នះ​ពិន្ទុ​លើ​ជើង​ថ្មី ជី ឆៃលី នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ចំណែក ឡុង ណងសៅ បាន​ចំណាយពេល​តែ​ ១ ​ទឹក​ដោយ​ទាត់​ផ្កាប់​ចាន​ធ្វើឲ្យ លី តក់ សន្លប់​យ៉ាង​លឿន​បំផុត ដើម្បី​ទទួល​បាន​លេខ​ ៣ ​។

សម្រាប់​ការប្រកួតប្រជែង​ត្រឹម​ ៣ ​ទឹក​កាលពី​យប់​ថ្ងៃ​សៅរ៍​នោះ ជី ឆៃលី និង ខេម ចាន់ បាន​វាយ​សម្រុក​ភ្លាមៗ​ដោយ​គ្មាន​ការស្ទាបស្ទង់​អ្វី​ឡើយ​។ នៅ​ទឹក​ទី​ ១ ​ការប្តូរ​កណ្តាប់ដៃ​គ្នា និង​ស្នៀត​ចម្រុះ​ជាច្រើន​នោះ គឺ ខេម ចាន់ បាន​វាយ​ឲ្យ ជី ឆៃលី បែក​ឈាម​ច្រមុះ​តាំងពី​ដើម​ទឹក​ទី​ ១ ​ហើយ​ឈាន​ចូល​ដល់​ទឹក​ទី​ ២ ជី ឆៃលី បាន​ចូល​វាយ​សម្រុក​ស្តារ​ស្ថានភាព​ឡើង​វិញ​ដោយ​ដណ្តើម​បាន​ពិន្ទុ​មក​វិញ​ខ្លះ ប៉ុន្តែ​ហាក់​មិន​ធ្វើឲ្យ ខេម ចាន់ ទន់​នោះ​ទេ ដោយ​គេ​នៅ​តែ​មាន​ក្បាច់​ទប់ទល់ និង​ប្រើ​ស្នៀត​ជង្គង់​វ៉ៃ​លុក​បាន​ល្អ​។

ចំណែក​នៅ​ទឹក​ទី​ ៣ ​ចុងក្រោយ ខេម ចាន់ នៅ​តែ​គ្រប់គ្រង​សភាពការណ៍​ប្រកួត​បាន​ល្អ និង​វ៉ៃ​លក្ខណៈ​បច្ចេកទេស​មាន​ប្រៀប​ជាង ជី ឆៃលី ដែល​ហូរឈាម​តាម​ច្រមុះ​ជាប្រចាំ​។ នៅក្រោយ​ការប្រកួត​គណៈកម្មការ​រៀបចំ​ប្រកួត​ដែល​មាន លោក ឆឹង យ៉ៅយ៉េន ជា​ប្រធាន​ក្រុមប្រឹក្សា​បច្ចេកទេស ចុះ​មក​ធ្វើ​ជា​ប្រធាន​វិនិច្ឆ័យ​ដោយ​ផ្ទាល់​នោះ​បាន​អនុញ្ញាត​ឲ្យ​ពិធីករ​ប្រកាស​ពី​លទ្ធផល​ដោយ​ឲ្យ ខេម ចាន់ ឈ្នះ​ជា​ឯកច្ឆន្ទ ៥-០ តែ​ម្តង​។

ចំពោះ​ការសម្រេច​ឲ្យ​ចាញ់​នេះ ជី ឆៃលី បាន​និយាយ​ថា​៖ «​ខ្ញុំ​ចាញ់​ដោយ​អស់​ចិត្ត ព្រោះ​ខ្ញុំ​ប្រឹង​អស់​ពី​សមត្ថភាព​ហើយ ប៉ុន្តែ​ខ្ញុំ​បាន​បែក​ច្រមុះ​ហូរឈាម​តាំងពី​ដើម​ទឹក​ទី​ ១ ធ្វើឲ្យ​ខ្ញុំ​ពិបាក​ដកដង្ហើម​»​។ រីឯ​ឪពុក​របស់​កីឡាករ ជី ឆៃលី និង​ក្រុមគ្រួសារ​ដែល​មក​គាំទ្រ​ការប្រកួត​នេះ​ដោយ​ផ្ទាល់​បាន​និយាយ​ថា​៖ «​យើង​ពិត​ជា​ចាញ់​គេ​មែន ហើយ​បាន​ត្រឹម​លេខ​ ២ ​ក៏​អស់​ចិត្ត​ដែរ​ព្រោះ​គេ​ជើងចាស់​ជាង​យើង លំបាក​វ៉ៃ​គេ​ណាស់​»​។

កីឡាករ ខេម ចាន់ ដែល​ជា​កីឡាករ​ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី​ ២ ឆ្នាំ​ ២០១៨ ផង​នោះ​បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​ក្តីសង្ឃឹម​តាំងពី​ដំបូង​ថា​នឹង​ឈ្នះ ប៉ុន្តែ​ការប្រកួត​មិន​អាច​ធ្វេសប្រហែស​បាន​ទេ​។ ខ្ញុំ​បាន​ខិតខំ​គេច​ពី​កណ្តាប់ដៃ​របស់ ជី ឆៃលី និង​ព្យាយាម​លេង​ស្នៀត​ទាត់ និង​ឱប​ឡើង​ជង្គង់ ហើយ​ទទួល​បាន​លទ្ធផល​ល្អ តែ​ជ័យជម្នះ​នេះ​មិន​ងាយស្រួល​នោះ​ទេ ព្រោះ​គេ​ខ្លាំង​ដែរ​»​។

ចំណែក​លោក សេង កដិកា នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​នេះ​បាន​និយាយ​ថា​៖ «​ការប្រកួត​ពាន​នេះ​ទទួល​បាន​ការគាំទ្រ​ខ្លាំង​ពី​មហាជន និង​ខាង​ស្ពនស័រ ហើយ​ការវិនិច្ឆ័យ​ពី​សំណាក់​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​គឺ​ធ្វើ​បាន​ល្អ​»​។

លោក តែម ម៉ឺន ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​និយាយ​ថា​៖ «​ក្រោយ​សហព័ន្ធ​មាន​វិធានការ​ដាក់ពិន័យ​ចំពោះ​មន្ត្រី​បច្ចេកទេស ឬ​កីឡាករ​ដែល​មាន​កំហុស​នោះ​មក​គឺ​ការបំពេញ​ការងារ​ទទួល​បាន​លទ្ធផល​យុត្តិធម៌​បាន​ល្អ គួរ​ទទួល​យក​បាន​»​។

ជាមួយ​នឹង​ការឈ្នះ​តំណែង​ជើងឯក​លេខ​ ១ ​លើក​នេះ ខេម ចាន់ បាន​ទទួល​ទឹកប្រាក់​ចំនួន​ ៤០០០ ​ដុល្លារ ឯ​អ្នក​លេខ​ ២ ជី ឆៃលី បាន​ ២០០០ ​ដុល្លារ​។ ចំណែក ឡុង ណងសៅ ដែល​បាន​លេខ​ ៣ ទទួល​បាន​ទឹកប្រាក់​ ៧៥០ ​ដុល្លារ ហើយ​កីឡាករ​បាន​លេខ​ ៤ លី តក់ ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០ ​ដុល្លារ​ដែរ​៕