ភ្នំពេញ៖ ​កីឡាករ ខេម ចាន់ និង វ៉ាន់ វឿន ដែល​សុទ្ធ​តែ​ធ្លាប់​បាន​សាង​ស្នាដៃ​ជូនជាតិ តាមរយៈ​ការ​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​ការ​ប្រកួត​ស៊ីហ្គេម​រៀងៗ​ខ្លួន​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ប្រៀប​ជាង​​អ្នក​ប្រដាល់​កំពុង​សាង​ភាព​ល្បី រិន ដាវីត និង សាន សំអុន សម្រាប់​ការ​ឈ្នះ​តំណែង​ជើងឯក ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ​៥៤ ​គីឡូក្រាម ក្នុង​កម្មវិធី Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន នា​ល្ងាច​ថ្ងៃ​អាទិត្យ​។

យ៉ាង​ណា​ក៏​ដោយ ដោយ​សារ​ការ​ប្រកួត​នេះ តម្រូវ​ឲ្យ​ធ្វើ​ការ​ចាប់​ឆ្នោត​មុន​ការ​ប្រកួត​ចាប់​ផ្តើម អ៊ីចឹង​រវាង ខេម ចាន់ និង វ៉ាន់ វឿន ក៏​អាច​នឹង​មាន​ម្នាក់​ធ្លាក់ នៅ​ក្នុង​វគ្គ​ជម្រុះ​ដែល​មាន​ត្រឹម ​៣ ​ទឹក​ផង​ដែរ បើ​សិន​ជា ពួក​គេ​ចាប់​ឆ្នោត​ប៉ះ​គ្នា​ ប៉ុន្តែ​បើ​​អ្នក​ទាំង ​២ ​នេះ ចាប់​ឆ្នោត​មិន​ប៉ះ​គ្នា​ នៅ​វគ្គ​ជម្រុះ​ទេ ខេម ចាន់ និង វ៉ាន់ វឿន អាច​នឹង​ឡើង​ទៅ​ជួប​គ្នា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​ប្រកួត​ត្រឹម ​១ ​ទឹក​មាន ​៩ នាទី ព្រោះ ​រិន ដេវីត និង​ សាន សំអុន សុទ្ធ​តែ​ជា​កីឡាករ​មាន​បទពិសោធ​ខ្ចី​វស្សា និង​មាន​សមត្ថភាព​ប្រកួត មិន​ទាន់​អាច​​ទៅ​ប្រៀប​ផ្ទឹម​ជាមួយ វ៉ាន់ វឿន និង ខេម ចាន់ បាន​នោះ​ទេ។

យ៉ាងណា​ក៏​ដោយ លោក គឹម ​ស្រ៊ុន​កុសល​ នាយក​គ្រប់គ្រង​កម្មវិធី Mas Fight Cambodia នៅ​សង្វៀន​ថោន មិន​បាន​គិត​ថា ការ​ប្រកួត​នេះ អាច​ដឹង​លទ្ធផល​មុន​ប្រកួត​នោះ​ទេ។

លោក​​និយាយ​ថា​៖ «​សមាសភាព​អ្នក​ប្រដាល់​ទាំង ​៤ ​នេះ ​គឺ​សម្រិត​​សម្រាំង​ផ្គូផ្គង​រយៈពេល ​១ ​ខែ​មក​ហើយ ដោយ​យើង​ផ្តល់​ឲ្យ​កីឡាករ​ល្បី​ជំនាន់​ក្រោយ​ បាន​​ប៉ះ​ជាមួយ​អ្នក​​ល្បី​ជើង​ចាស់ ​ហើយ​កីឡាករ​ទាំង​អស់ ​ដែល​ដាក់​ឲ្យ​ប្រកួត ​គឺ​មិន​អាច​រក​បាន​សមត្ថភាព​ខ្លាំង​ដូច​គ្នា​ប្រហែល​គ្នា​ ប៉ុន​គ្នា ​១០០ ​ភាគរយ​បាន​នោះ​​ទេ ​គឺ​វា​តែងតែ​មាន​សមត្ថភាព​លើស​ខ្វះ​គ្នា​បន្តិច​បន្តួច ​ប៉ុន្តែ​សំខាន់​ជើង​ថ្មី​បទពិសោធ​តិច​តែ​កម្លាំង​ថេរ​ល្អ​ជាង​ ហើយ​លទ្ធផល​វា​​អាស្រ័យ​លើ​ការ​ប្រកួត​ឆ្លាត ​និង​បច្ចេកទេស​យុទ្ធសាស្ត្រ​ជាក់​ស្តែង»​។​

ជាមួយ​គ្នា​នេះ ខេម​ ចាន់​ បាន​ប្រាប់​ថា​៖ «​ក្នុង​រយៈពេល ​៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ ​ខ្ញុំ​ធ្លាប់​ចាញ់​ វ៉ាន់ ​វឿន​ ម្តង​កាល​ពី​សប្តាហ៍​មុន ​និង​ធ្លាប់​ឈ្នះ​ម្តង​ដែរ​។ ​ចំពោះ​ រិន ​ដាវីត ​ខ្ញុំ​ក៏​ធ្លាប់​ឈ្នះ​ម្តង​ដែរ​ កាល​ពី​ឆ្នាំ ​២០១៩​ វគ្គ​ផ្តាច់​ព្រ័ត្រ​ជើង​ឯក​ជាតិ​ ប៉ុន្តែ​​ខ្ញុំ​រំពឹង​ឈ្នះ​ប្រាក់​លាន​នេះ​ ត្រឹម​ ​៦០ ​ភាគរយ​ប៉ុណ្ណោះ ​​ព្រោះ​ពួក​គេ​សុទ្ធ​តែ​ហ្វឹក​ហាត់​ និង​ប្រកួត​ខ្លាំង​ដូច​គ្នា ​មិន​អាច​យក​ឈ្នះ​បាន​ស្រួល​ទេ​»​។

ទោះ​យ៉ាង​ណា វ៉ាន់​ វឿន​ នៅ​តែ​ចាត់​ទុក ខេម ចាន់ ជា​កីឡាករ​ពិបាក​យក​ឈ្នះ ដោយ​បាន​និយាយ​ថា​៖ ​«ខ្ញុំ​មិន​ទាន់​ហ៊ាន​រំពឹង​យ៉ាង​ណា​ទេ​ ​គឺ​អាស្រ័យ​លើ​ការ​ប្រកួត​​ជាក់​ស្តែង​ ព្រោះ​​ការ​ប្រកួត​នេះ​ ​សុទ្ធ​តែ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​រៀងៗ​ខ្លួន ​ព្រោះ​ជាកិត្តិយស​ធំ ​និង​​ទឹក​លុយ​ច្រើន ​ហើយ​ដៃ​គូ​ប្រកួត​សុទ្ធ​តែ​មិន​អាច​វាយ​តម្លៃ​មុន​ប្រកួត​បាន​ទេ​ ប៉ុន្តែ​អ្នក​ដែល​ខ្ញុំ​បារម្ភ ​គឺ​ ខេម​ ចាន់​ ព្រោះ​កម្លាំង​ប្រកួត​វ៉ៃ​ថេរ​មិន​ងាយ​ធ្លាក់​ចុះ​»។​

ចំណែក​​លោក អាត ​សំរិទ្ធ​ គ្រូ​បង្វឹក សាន សំអុន បាន​អះអាង​ថា​៖ «​មូលហេតុ​ដែល​ហ៊ាន​ដាក់​ឲ្យ​កីឡាករ ​សាន ​សំអុន ​ឡើង​ប្រកួត ​​ជា​មួយ​ជើង​ខ្លាំង​នេះ ​ដោយសារ​កម្រិត​បច្ចេកទេស​ប្រកួត​របស់​គេ​ កំពុង​ឡើង​ខ្លាំង។ ​ទោះ សំអុន ប្រកួត​បាន​រយៈពេល​ខ្លី​ត្រឹម ​១ ​ឆ្នាំ​ ប៉ុន្តែ​ល្អ​ដាច់​ គឺ​ប្រកួត​បាន ​២៣ ​ដង ឈ្នះ ​២២​ ​ចាញ់​តែ ​១ ​ដង​ទេ ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន ​១៨ ​ដង ​ហើយ​ធ្លាប់​ឈ្នះ​ជើង​ខ្លាំងៗ​មួយ​ចំនួន​ដូច​ជា ​សឿន ​ថៃ​សាន់ និង ម៉ន ​វណ្ណី ​ជា​ដើម​»។

យ៉ាង​ណា​ក៏​ដោយ​ លោក​ ​អាត ​សំរិទ្ធ ​​បាន​បញ្ជាក់​ថា​៖ ​«ការ​ប្រកួត​នេះ​ ទោះ​ជា​បរាជ័យ ​ឬ​ក៏​ទទួល​បាន​ជ័យជម្នះ​ វា​ជា​បទពិសោធ​​មួយ​ដ៏​អស្ចារ្យ​ ​ព្រោះ​ជួប​ប្រកួត​ជាមួយ​ជើង​ចាស់​​ជាង ​និង​មាន​បទពិសោធ​ល្អ ​ដើម្បី​ឈាន​ទៅ​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ខ្លាំង​បាន​»។​

ចំពោះ​​កីឡាករ ​រិន ​ដាវីត ដែល​ទើប​សន្លប់​ក្រោម​ផ្លែ​កែង​របស់ ​ម៉ន ​វណ្ណី ​កាល​ពី​សប្តាហ៍​មុន ​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​នោះ បាន​និយាយ​ថា​៖ «​ខ្ញុំ​ហ្វឹក​ហាត់​បាន​ល្អ ​ប៉ុន្តែ​មិន​ដឹង​ថា ​ការ​ប្រកួត​នោះ​យ៉ាង​ណា​ទេ​។ ​ខ្ញុំ​មិន​ហ៊ាន​រំពឹង​​មុន​ទេ​ ​ព្រោះ​គេ​ជា​កីឡាករ​ជើង​ចាស់​ តែ​ខ្ញុំ​ដឹង​តែ​វ៉ៃ​អស់​ពី​សមត្ថភាព​​»​៕