ភ្នំពេញ៖ ខេម ចាន់ ជាអ្នកប្រដាល់ឆ្នើមក្នុងទម្ងន់ ៥៤ គីឡូក្រាម មកពីក្លិបកងទ័ពឆត្រយោង ៩១១ បានយកឈ្នះកីឡាកររុស្ស៊ី Vlaimir Lytkin ដោយចំណាយរយៈពេលតែ ១ នាទីប៉ុណ្ណោះ នៅក្នុងការប្រកួត Mas Fight Cambodia របស់ទូរទស្សន៍ថោនកាលពីយប់ថ្ងៃអាទិត្យ។
ជាមួយគ្នានោះដែរ កីឡាករកម្ពុជាជើងល្បីចំនួន ៤ នាក់ទៀតមានកីឡាករ បឺត សង្ឃឹម, សុខ សាវិន បានត្រឹមស្មើ ខណៈកីឡាករ ទូច ទូ សន្លប់ក្រោមស្នៀតកែងរបស់កីឡាកររុស្ស៊ី Nikita ចំណែកកីឡាករ ពុទ្ធ ហ៊ុច បានផ្តួលកីឡាករ Spiros Beshiris មកពីប្រទេស ក្រិក ឲ្យចុះចាញ់ត្រឹមរយៈពេល ១ នាទី និង ៣០ វិនាទី ដើម្បីទទួលប្រាក់បន្ថែមចំនួន ១ លាន ៦ សែនរៀល ពីលើតម្លៃខ្លួន។
ជាមួយនឹងការសន្សំប្រវត្តិឈ្នះឲ្យល្អកីឡាករ ខេម ចាន់ ត្រូវបានត្រៀមខ្លួនជាស្រេចមានទីផ្សារប្រកួតដើម្បីទៅប្រកួតនៅក្នុងកម្មវិធី KickBoxing នៅក្នុងប្រទេស ជប៉ុន នាខែមេសា ឆ្នាំ ២០២០ ខាងមុខ។
ងាកមកនិយាយពីលទ្ធផលប្រកួតនាសង្វៀន Mas Fight Cambodia កាលពីយប់ថ្ងៃអាទិត្យក្នុងសប្តាហ៍ទី ១៥ នេះបានបង្ហាញពីភាពទាក់ទាញយ៉ាងខ្លាំង ខណៈដែលការប្រកួតបានឈានទៅរកភាពជោគជ័យដោយស្រូបទាញអ្នកទស្សនាពេញផ្ទៃសង្វៀន ខណៈដែលការប្រកួតកាន់តែស្រួចស្រាវជាមួយប្រាក់រង្វាន់បន្ថែមដែលគាំទ្រថវិកាយ៉ាងធំពីផលិតផលមកពីក្រុមហ៊ុនក្នុងស្រុក គឺក្រុមហ៊ុនជីបម៉ុង។
កីឡាករ ខេម ចាន់ ដែលមានប្រវត្តិប្រកួតក្នុងស្រុកចំនួនជាង ២ ឆ្នាំ ដែលមិនធ្លាប់ចាញ់សោះនោះបានប្រើក្បាច់ដាល់យ៉ាងល្អចូលគោលដៅធ្វើឲ្យកីឡាកររុស្ស៊ី Vlaimir Lytkin ដួលសន្លប់ងើបមិនរួច ហើយ ខេម ចាន់ បានទទួលជ័យជម្នះដោយមិនលំបាកចំណាយកម្លាំង និងពេលវេលាច្រើននោះឡើយ គឺត្រឹមតែមិនគ្រប់ ១ នាទីប៉ុណ្ណោះ។
លោក ស្រុន កុសល នាយកគ្រប់គ្រងកម្មវិធីប្រដាល់សង្វៀន Mas Fight Cambodia របស់ទូរទស្សន៍ថោនបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «បេក្ខជន គឺកីឡាករ ខេម ចាន់ នេះល្អណាស់ ហើយតាមរយៈសមត្ថភាពនេះត្រូវបានសម្រិតសម្រាំងដើម្បីចេញទៅប្រកួតជាមួយកីឡាករជប៉ុននៅប្រទេស ជប៉ុន នាខែមេសា ឆ្នាំ ២០២០ ខាងមុខក្នុងកម្មវិធី Rise KickBoxing»។
លោក ស្រុន កុសល បានឲ្យដឹងទៀតថា៖ «ក្នុងនាមជាខ្មែរ គឺចង់លើកស្ទួយកីឡាករខ្មែរឲ្យមានទីផ្សារប្រកួតច្រើនលើឆាកអន្តរជាតិ ដើម្បីជីវភាព និងមុខមាត់កីឡាករក៏ដូចជាប្រទេសជាតិ ប៉ុន្តែច្រើនឆ្នាំកន្លងមក ខ្ញុំលំបាកជួយដោយសារកម្រិតបច្ចេកទេសរបស់កីឡាកររបស់ខ្មែរយើងភាគច្រើនចេញទៅសន្លប់លឿនពេកនាំឲ្យខ្ញុំខកចិត្ត និងគ្មានពាក្យអ្វីនិយាយជាមួយខាងអន្តរជាតិ»។
លោកបន្តថា៖ «នេះជាការប្រឹងប្រែងជាថ្មី ខណៈដែលច្រើនឆ្នាំកន្លងមក ខ្ញុំផ្អាកមួយរយៈមិនបានភ្ជាប់ទំនាក់ទំនងខាងអន្តរជាតិ ហើយបច្ចុប្បន្នបើកីឡាករមានសមត្ថភាពល្អ ខ្ញុំនឹងខិតខំប្រឹងប្រែងរកទីផ្សារប្រកួតជូនទាំងអស់»។
ចំណែកលទ្ធផលគូផ្សេងៗមានកីឡាករ បឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយប៉ាកក្នុងទម្ងន់ ៥៧ គីឡូក្រាមវ៉ៃបានល្អជាមួយ I Bank Chokdee មកពីប្រទេស ឡាវ និងកីឡាករ សុខ សាវិន មកពីក្លិបប៉ែនកាក់គុនខ្មែរប៉ះជាមួយកីឡាករឡាវ I Muet Chokdee ខណៈដែលច្បាប់ប្រកួតសង្វៀន Mas Fight នេះដែលមិនអាចផ្តួលគូប្រកួតបានត្រូវបានប្រកាសឲ្យស្មើដោយគ្មានគិតពីពិន្ទុនោះឡើយ៕