
ពេជ្រ ម្ទេសខ្មាំង បានម៉ាត់ថៃ សាន់ឆៃ មុនផ្តួលឲ្យសន្លប់នៅទឹកទី ២។ យឺន ពន្លក
ភ្នំពេញៈ ព្រឹត្តិការណ៍ប្រកួតខ្មែរហ្វៃ «Khmer Fight» ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ កាលពីរាត្រីថ្ងៃចន្ទ មានមហាជនចូលទស្សនាច្រើនបំផុត ប៉ុន្តែលទ្ធផលនៃការប្រកួត កីឡាករម្ចាស់ផ្ទះកម្ពុជាឈ្នះទាំងអស់ ព្រោះការរៀបចំផ្គូផ្គងកីឡាករ គឺម្ចាស់ផ្ទះ មានសមត្ថភាពខ្ពស់ដាច់ឆ្ងាយពីកីឡាករមកពីបរទេស។
តាមរយៈការផ្គូផ្គង់នេះ ត្រូវបានគេមើលថា Khmer Fight បានយកលំនាំតាមកម្មវិធី Muay Thai ដែលយកកីឡាករបរទេសមក សម្រាប់តែប្រកួតចាញ់កីឡាករម្ចាស់ផ្ទះ ព្រោះតាមរយៈការប្រកួត ៦ គូ កីឡាករកម្ពុជា ឡៅ ចិត្ត្រា, ឡៅ ចន្ទ្រា, ឃីម ឌីម៉ា, ពេជ្រ ម្ទេសខ្មាំង និងឡុង សំណាង សុទ្ធតែបានវ៉ៃបរទេសឲ្យសន្លប់បែបងាយៗ ចន្លោះពីទឹកទី ១ ទៅទឹកទី ៣ ខណៈ ឯម លេងឡី ដែលមានប្រៀបឈ្នះពិន្ទុនោះ ត្រូវបានទាញឲ្យស្មើថៃ ហើយការរៀបចំបែបជាតិនិយមពេកនេះ នាំឲ្យមានការរិះគន់។
ប៉ុន្តែបញ្ហាទាំងនេះ ត្រូវបាន លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានអនុគណៈកម្មាការកីឡា ដែលជាអ្នកគ្រប់គ្រងព្រឹត្តិការណ៍កីឡាថ្ងៃសម្ពោធវិមានឈ្នះឈ្នះនេះ ចោទទម្លាក់ទៅលើសង្វៀនប៉ុស្តិ៍លេខ ៥ ដែលទទួលបានសិទ្ធិរៀបចំ និងមានការផ្សាយផ្ទាល់ថា មិនបានគោរពកិច្ចសន្យា ដែលបានព្រមព្រៀងគ្នាពីដំបូងឲ្យបានត្រឹមត្រូវ។
លោក វ៉ាត់ ចំរើន ៖«ព្រឹត្តិការណ៍កីឡានេះ មានបញ្ហាមិនរលូនខ្លះ ដោយសារសង្វៀនប៉ុស្តិ៍លេខ ៥ អនុវត្តការផ្សាយផ្ទាល់ មានខ្លឹមសារមិនដូចអ្វីដែលបាននិយាយគ្នាពីដំបូង។ តាមការព្រមព្រៀងពីដំបូង គ្រប់សកម្មភាពកីឡាទាំងអស់ក្នុងកម្មវិធី គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំផ្ទាល់ ដើម្បីអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ ហើយប៉ុស្តិ៍លេខ ៥ អាចដាក់ចូលប្រដាល់ខ្មែរហ្វៃបាន ដោយគ្រប់គ្រងរួមគ្នា ប៉ុន្តែជាក់ស្តែងប៉ុស្តិ៍លេខ ៥ សហការមិនល្អ ដោយអះអាងមុនប្រកួតប្រើប្រាស់ខ្លឹមសារខ្មែរហ្វៃ ជាព្រឹត្តិការណ៍ផ្ទាល់ខ្លួន គ្មាន NOCC ឬប្រដាល់គុនខ្មែរ ជាដៃគូសហការនោះឡើយ»។
លោក ចំរើន បានបញ្ជាក់ថា៖«តាមគោលការណ៍កីឡា ការប្រើឈ្មោះ ខ្មែរហ្វៃ ត្រូវប្រើក្នុងទម្រង់កីឡា ដើម្បីទាំងអស់គ្នាជាលក្ខណៈជាតិទាំងមូល មិនមែនផ្តាច់មុខរបស់សង្វៀនប៉ុស្តិ៍លេខ ៥ តែឯកឯងនោះទេ! បើ- សិនចង់ធ្វើបែបណាមួយតាមចិត្តនោះ គប្បីយកព្រឹត្តិការណ៍ផ្សេងឬទីតាំងឯកជនរបស់ខ្លួនផ្ទាល់ ប៉ុន្តែត្រូវមានតម្លាភាព យុត្តិធម៌ មិនប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ជាតិ។ ចំណែក ខ្មែរហ្វៃនេះ ការរៀបចំដូចទៅនឹងប្រដាល់ Muay Thai ដែលមានលក្ខណៈជាតិនិយមហួសហេតុ ធ្វើឲ្យប្រទេសផ្សេងៗ គេមិនចង់ចូលរួមប្រកួតជាមួយ»។
ជាមួយការរិះគន់នេះ លោក សេង កដិកា នាយកគ្រប់គ្រងកម្មវិធីប្រដាល់ប៉ុស្តិ៍លេខ ៥ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «តាមការវាយតម្លៃរបស់ខ្ញុំ ការរៀបចំនេះទទួលបានភាពទាក់ទាញខ្លាំងណាស់ គឺយើងអាចនិយាយថា ទទួលបានលទ្ធផលក្នុងកម្រិតត្រឹម ៦០ ភាគរយ។ ចំណែកការផ្គូផ្គង មានលក្ខណៈមិនទាន់បានល្អប្រសើរនោះ ដោយសារកីឡាករខ្មែរមានកម្រិតក្បាច់គុនលើមែន ព្រោះនៅចុងឆ្នាំ យើងលំបាករកកីឡាករនៅក្រៅប្រទេស ដ្បិតអីគេជាប់ចូលឆ្នាំសកល»៕