ភ្នំពេញ: កីឡាករ​វ័យក្មេង​កំពុង​ស្រវា​រក​ភាព​ល្បី ខាំ ខ្លានាង និង ផាន រះ បាន​ផ្តួល​ថៃ​ឲ្យ​សន្លប់​លឿន​ដូចគ្នា ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម​ពី​កម្មវិធី​ប្រកួត​ ISI Palm ប៉ុន្តែ​អ្នក​ប្រដាល់​មកពី​ជាយដែន ឈុត សេរីវ៉ាន់ថង ដែល​ទើប​ឈ្នះ​បាន​ខ្សែក្រវាត់​ពី​ព្រឹត្តិការណ៍​នេះ​បាន​ចាញ់​ថៃ Prakchanban ទាំង​គ្រាំគ្រា​ខ្លួន​។

តាមរយៈ​ការប្រកួត​នៅ​សង្វៀន CNC កាលពី​ថ្ងៃ​អាទិត្យ ឈុត សេរីវ៉ាន់ថង ដែល​ទើប​ឈ្នះ​បាន​ខ្សែក្រវាត់ ISI Palm បាន​បង្ហាញ​ការជឿជាក់​ខ្លាំង​ក្នុង​ការយក​ឈ្នះ​លើ Prakchanban ដោយ​រូបគេ​បាន​អះអាង​មុន​ការប្រកួត​ថា គេ​បាន​ត្រៀម​ខ្លួន​ ១០០ ​ភាគរយ​តែ​ម្តង​។

ប៉ុន្តែ​ភាពជឿជាក់​របស់ វ៉ាន់ថង បាន​បង្ហាញ​ឲ្យ​អ្នក​ទស្សនា​បាន​ឃើញ​ត្រឹម​ ៣ ​ទឹក​ដំបូង​ប៉ុណ្ណោះ ខណៈ​រូបគេ​អាច​វាយឆ្មក់​ដោយ​កណ្តាប់​ដៃ​ព្រម​ទាំង​វាយ​កែង និង​ទាត់ ទប់ទល់​ជាមួយ Prakchanban នោះ ប៉ុន្តែ​នៅ​ទឹក​ទី​ ៤ និង​ទឹក​ទី​ ៥ វ៉ាន់ថង បាន​ទទួលរង​ការចាប់​បង្វិល​បុក​ជង្គង់ ទាត់ ម៉ាត់ និង​ការចាប់​បោក​ផ្តួល​ពី​កីឡាករ​ថៃ​ធ្វើឲ្យ​រូបគេ​ធ្លាក់​កម្លាំង និង​គ្រាំគ្រា​គួរ​ឲ្យ​កត់សម្គាល់​មុន​ពេល​ចៅក្រម​ទាំង​ ៥ ​នាក់​បាន​ផ្តល់​ពិន្ទុ​ឲ្យ​ចាញ់​ពិន្ទុ​ខ្សែក្រវាត់​មកពី​ថៃ Prakchan-ban ជា​ឯកច្ឆន្ទ​។

លទ្ធផល​នេះ​វា​ហក់​បាន​បំបាក់​ទឹកចិត្ត ឈុត សេរីវ៉ាន់ថង ផងដែរ ខណៈ​រូបគេ​បាន​មក​ចាញ់​ក្នុង​ការប្រកួត​មិត្តភាព​នៅក្នុង​កម្មវិធី ISI Palm ដែល​រូបគេ​ទើប​ឈ្នះ​បាន​ខ្សែក្រវាត់​ថ្មីៗ​ក្នុង​អាជីព​កាលពី​ថ្ងៃទី​ ៦ ខែ​មករា ឆ្នាំ​ ២០១៩ ប៉ុន្តែ វ៉ាន់ថង បាន​ទៅ​ចាប់ដៃ Prakchanban លើក​ឡើង​លើ​បង្ហាញ​ថា រូបគេ​ពិត​ជា​មាន​សមត្ថភាព​មិន​ទាន់​ដល់​ថៃ​ម្នាក់​នេះ​មែន​។

ផ្ទុយ​ពី​នេះ​កីឡាករ ខាំ ខ្លានាង បាន​ប្រើ​ពេល​ត្រឹម​ ២:៣១ ​នាទី​ក្នុង​ការបុក​កែង​ស្តាំ​ឲ្យ​ថៃ Louk Yod សន្លប់​ធំ​រហូត​មាន​ការសង្គ្រោះ​ពី​គ្រូពេទ្យ ហើយ​ជ័យជម្នះ​ដែល​ទទួល​បាន​យ៉ាង​លឿន​នេះ​បាន​ជួយ​ឲ្យ​រូបគេ​ទទួល​បាន​ប្រាក់រង្វាន់​លើក​ទឹកចិត្ត​ ៤០ ​ម៉ឺន​រៀល​ពី ISI Palm បន្ថែម​ទៅ​លើ​ប្រាក់​តម្លៃ​ខ្លួន​។

នៅពេល​ពិធីករ​សួរ​ពី​មូលហេតុ​នៃ​ការ​វ៉ៃ​ថៃ​ឲ្យ​សន្លប់​លឿន​បែប​នេះ ខាំ ខ្លានាង បាន​ឆ្លើយតប​ថា​៖ «​ខ្ញុំ​ឃើញ​គាត់​បិទ​ឃុំ​ដែរ ប៉ុន្តែ​ការបិទ​នោះ​រាង​ចន្លោះ​ប្រហោង ហើយ​ស្រប​ពេល​គាត់​មើលឃើញ​យើង​មិន​ច្បាស់​ទៀត​នោះ ខ្ញុំ​បុក​កែង​ស្តាំ​យក​តែ​ម្តង​ទៅ ប៉ុន្តែ​ការ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​លឿន​ដោយ​ប្រើ​កែង​បែប​នេះ វា​មិនមែន​ជា​លើក​ទី​ ១ ​នោះ​ទេ គឺ​ខ្ញុំ​ធ្លាប់​វ៉ៃ​ឲ្យ​គូប្រកួត​សន្លប់​បែប​នេះ កន្លង​មក​រួច​ហើយ​»​។

ដូចគ្នា​នេះ​កីឡាករ​ជើង​ថ្មី ផាន រះ បាន​សម្រេច​វាយលុក​ទៅ​លើ​អ្នក​ប្រដាល់​ថៃ Lum Nav នៅ​ចុង​ទឹក​ទី​ ១ ហើយ​ការ​ទាត់​ផ្ទួនៗ​របស់​គេ​បាន​ធ្វើឲ្យ​ថៃ​ម្នាក់​នេះ បាត់បង់​ការការពារ​ខ្លួន​នាំ​ឲ្យ ផាន រះ ម៉ាត់​ចូល​ពោះ​ ១ ​ដៃ​ឡើង​គាំង​រួច​ថែម​ ១ ​ជើង​ស្តាំ​ទៀត​បណ្តាល​ឲ្យ Lum Nav ដួល​ក្រោក​លែងរួច​នៅ​ចុង​ទឹក​ទី​ ១ ​នេះ​តែ​ម្តង​ដើម្បី​ទទួល​បាន​ប្រាក់រង្វាន់​បន្ថែម​ ៤០​ ​ម៉ឺន​រៀល​ដូច ខាំ ខ្លានាង ដែរ​។

ដោយឡែក​លទ្ធផល​ការប្រកួត​អន្តរជាតិ​ចំនួន​ ១១ ​គូ​ទៀត​នៅ​លើ​សង្វៀន​ CNC ​នេះ​ដែរ​កីឡាករ សេក គឹមសាន្ត បាន​ផ្តួល​ថៃ Heun Fa ទឹក​ទី​ ៤ តែ​ជំនួប​រវាង មឿន សុខហ៊ុច និង​ឡាវ Orono មិន​ត្រូវ​បាន​ប្រកាស​លទ្ធផល​ទេ ព្រោះ​ Orono វ៉ៃ​ថែម​ខុស​បច្ចេកទេស​។ រីឯ ពេជ្រ ម្ទេសខ្មាំង បាន​ស្មើ Phit Phetsaem តែ សុខ សាវិន បាន​ឈ្នះ​ថៃ Vat Charakdeth ហើយ​ជើង​ខ្លាំង ព្រំ សំណាង បាន​ផ្តួល​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​របស់​ថៃ Yok Lorng ឲ្យ​សន្លប់​ទឹក​ទី​ ៣ ឯ កូយ ឡាយ បាន​យក​ឈ្នះ​ថៃ Neur Nak Pha ទឹក​ទី​ ៥ ខណៈ រឿង សោភ័ណ្ឌ ឈ្នះ​ពិន្ទុ​អ៊ីរ៉ង់ Hassan Vahdani ប៉ុន្តែ​កីឡាករ ពុយ វណ្ណៈ ចាញ់​ពិន្ទុ​ថៃ Phitsayfa និង ឡុង រ៉ាមី ស្មើ​ថៃ Akharak Deth ចំណែក ផាន់ គ្រាន់ ស្មើថៃ Jeck Noun​។ ចំពោះ​កីឡាករ​ជើង​ថ្មី ង៉ែត វុធ ផ្តួល​ថៃ Krai Thorng ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣៕