ភ្នំពេញៈ អ្នក​ប្រដាល់​វ័យក្មេង​ទម្ងន់​ស្រាល ២ នាក់​របស់​កម្ពុជា​គឺ ខាំ ខ្លា​នាង មក​ពី​ក្លិប​រហាប់​ស្វាយប៉ាក និង ឈុត សេរីវ៉ាន់ថន របស់​ក្លិប​រាហ៊ូ​ខេត្ត​បាត់ដំបង ដែល​ប្រកួត​ជាមួយ​កីឡាករ​ថៃ នៅ​លើ​សង្វៀន SEATV កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ បាន​បង្ក​ឲ្យ​មាន​ភាព​ជក់ចិត្ត និង​កោត​សរសើរ​ពី​មហាជន​ថា ជា​កំពូល​កីឡាករ​វ័យ​ក្មេង​របស់​ខ្មែរ​ដែល​ល្អ​បំផុត។

ទោះបី​លទ្ធផល​ប្រកួត ខាំ ខ្លានាង បាន​ចាញ់​ពិន្ទុ​ថៃ Sarawuth ប៉ុន្តែ​ការគាំទ្រ​របស់​អ្នកទស្សនា​ហាក់បី​ដូច​អបអរ​សាទរ​យ៉ាង​ពេញ​ទំហឹង ចំពោះ​សមត្ថភាព​វ៉ៃ​បាន​ល្អ​របស់ ខ្លា​នាង។ ពី​ទឹក​ទី ១ ដល់​ទី ៣ ខ្លា​នាង មាន​កម្លាំង​វាយ​បាន​ល្អ ហើយ​មាន​ប្រៀប​ផ្នែក​កណ្តាប់​ដៃ និង​ទាត់​ចេញ​បាន​ល្អ មាន​ប្រៀប​បន្តិច​បន្តួច​ទៅ​លើ Sarawuth។

ការប្រកួត​បាន​ឈាន​ចូលដល់​ទឹក​ទី ៤ និង​ទី ៥ ដែល​កាន់តែ​ជក់ចិត្ត​ដិត​អារម្មណ៍​នោះ Sarawuth បាន​ទាត់​ចូល​ពេញៗ​ល្អ​ជាង និង​មាន​ប្រៀប​នាំ​មុខ ខ្លា​នាង។ ទោះ​ជា​យ៉ាង​ណា ការ​ប្រកួត​នៅ​តែ​ស្វិតស្វាញ ព្រមទាំង​មាន​លក្ខណៈ​តតាំង​គ្នា​យ៉ាង​កក្រើក​សង្វៀន​ល្អ​មើល​ជាង​កីឡាករ​ទម្ងន់​ធ្ងន់ៗ​ទៀត​ផង។ ចប់​ការ​ប្រកួត ៥ ទឹក គណៈកម្មការ​បាន​ប្រកាស​ឲ្យ Sarawuth ឈ្នះ ខាំ ខ្លា​នាង ដោយ​ពិន្ទុ ក្រោម​សំឡេង​គាំទ្រ​យ៉ាង​កុះករ និង​កោត​សរសើរ។

ជាមួយគ្នានេះដែរ ឈុត សេរី​វ៉ាន់​ថន បានបង្ហាញ​នូវ​សមត្ថភាព​ប្រកួត​ដ៏​អស្ចារ្យ​បន្ថែមទៀត ដោយ​រូបគេ​បាន​ប្រើ​ស្នៀត​ទាត់ ជង្គង់ និង​កណ្តាប់​ដៃ ផ្តួល​កីឡាករ​ថៃ Ouy Sayam ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​នៅ​ស្រុក​ថៃ ឲ្យ​សន្លប់​ធំ​ក្នុង​ទឹក​ទី ៤។ នៅ​ក្នុង​ការ​ប្រកួត​ចំនួន ២ ទឹក​ដំបូង ការ​ប្រកួត​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា ដោយ ឈុត សេរីវ៉ាន់ថន វាយ​ចេញ​កណ្តាប់​ដៃ​បាន​ច្រើន ចំណែក Ouy Sayam ប្រើ​ស្នៀត​ចូល​បោះ​ជង្គង់​បាន​មួយ។

ស្ថានភាព​ប្រកួត​ជាក់ស្តែង កីឡាករ ឈុត សេរី​វ៉ាន់​ថន ប្រឈម​ទៅនឹង​ការលំបាក និង​ព្យាយាម​វាយ​ដក​ថយ ដើម្បី​គេច​ចេញ​ពី​ជង្គង់​របស់​កីឡាករ​ថៃ ប៉ុន្តែ​កណ្តាប់ដៃ​របស់ ឈុត សេរីវ៉ាន់ថន នៅ​តែ​វាយ​ចេញ​ចំ​គោល​ដៅ និង​មាន​ប្រសិទ្ធភាព។ នៅ​ទឹក​ទី ៤ កណ្តាប់​ដៃ​ផ្ទួនៗ​បាន​បន្ថែម​ចូល​ផ្ទៃមុខ និង​ពោះ​ទឹក បណ្តាល​ឲ្យ Ouy Sayam ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ទ្រាំ ហើយ​បន្ត​ឈាន​ទៅ​សន្លប់​ភ្លាមៗ​តែ​ម្តង ហើយ​ជ័យជម្នះ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ទាល់​បាន​ស្រែក​អបអរ​សាទរ​ដល់ ឈុត សេរីវ៉ាន់ថន យ៉ាង​កង​រំពង។

លោក ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រកួត​នៅ​សង្វៀន SEATV បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «កម្រិត​ប្រកួត​របស់​កីឡាករ​វ័យ​ក្មេង​ទម្ងន់​ស្រាល វ៉ៃ​គ្នា​ល្អ​មើល​ណាស់ គឺ​ល្អ​ជាង​ពួក​កីឡាករ​ទម្ងន់​ធ្ងន់ៗ​ទៅ​ទៀត ហើយ​តាម​ទស្សនៈ​របស់​ខ្ញុំ គឺ​យើង​ចង់​រៀបចំ​ប្រកួត​លើក​ស្ទួយ​កីឡាករ​វ័យក្មេ​ងៗ​នេះ ដើម្បី​ពង្រឹង​សមត្ថភាព និង​ផ្តល់​ឱកាស​សម្រាប់​ពួកគេ​នៅ​ថ្ងៃ​អនាគត»។

លោក​បាន​បន្ថែម​ថា៖ «ចំណែក​ពួក​កីឡាករ​ទម្ងន់​ធ្ងន់​របស់​យើង បច្ចុប្បន្ន​មានការ​ប្រកួត​ច្រើន​សង្វៀន ឈឺ​សាច់ និង​មាន​កម្លាំង​ថយ​ចុះ ដោយសារ​អាយុ​កាន់​តែ​ចាស់ ហើយ​ការ​ប្រកួត​ហាក់​ច្រើន​លើក​ក្នុង​មួយ​ខែៗ នាំ​ឲ្យ​បាក់​កម្លាំង វ៉ៃ​មិន​សូវ​បាន​ល្អ​ផង​ដែរ អ៊ីចឹង​យើង​នឹង​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​វ័យ​ក្មេង ដែល​ល្អៗ បាន​ប្រកួត​លក្ខណៈ​អន្តរជាតិ គឺ​ស្រប​ពេល​ដែល​អ្នក​ទស្សនា​ភាគ​ច្រើន​និយម​ចូលចិត្ត​គូ​ប្រដាល់​ថ្ងៃ​នេះ គឺ​កក្រើក​សង្វៀន​តែម្តង»៕