ភ្នំពេញៈ គូ​ប្រដាល់​គុន​ខ្មែរ​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ចំនួន​ ២ ​គូ​បាន​ធ្វើឲ្យ​កក្រើក​ក្នុង​កម្មវិធី «​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេមពាន​» នៅលើ​សង្វៀន SEATV កាលពី​ថ្ងៃ​អាទិត្យ​ដោយ​ក្នុង​នោះ​ជើង​ខ្លាំង​ទម្ងន់​ស្រាល ខាំ ខ្លានាង មកពី​ក្លិប​រ៉ាហាប់​ស្វាយប៉ាក​បាន​ផ្តួល​គូ​សងសឹក​ជើង​ខ្លាំង​របស់​ថៃ Keav Ba ដោយ​កណ្តាប់ដៃ​នៅ​ត្រឹម​ទឹក​ទី​ ៣ ប៉ុន្តែ ឯម ឡេងលី បាន​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ NangThailen ក្នុង​លក្ខណៈ​ប្រផុតប្រផើយ និង​មិន​ទាន់​អស់​ចិត្ត​។

ជើងខ្លាំង​ទម្ងន់​ស្រាល ខាំ ខ្លានាង ទោះបី​មិន​សូវ​ទទួល​បាន​ឱកាស​ប្រកួត​ញឹកញាប់ ប៉ុន្តែ​គេ​មាន​ប្រិយភាព និង​ទទួល​បាន​ការគាំទ្រ​ពី​មហាជន​ច្រើន ព្រោះ​ទាំង​ក្បាច់គុន និង​ទឹកចិត្ត​ប្រកួត​គឺ ខ្លានាង វាយ​អស់​ពី​សមត្ថភាព​ក្នុង​លក្ខណៈ​ទាក់ទាញ​បំផុត​។

បើ​គិត​ពី​ប្រវត្តិ​ប្រកួត​វិញ ខាំ ខ្លានាង និង Keav Ba ធ្លាប់​ជួប​ប្រកួត​គ្នា​ចំនួន​ ៦ ​លើក​មក​ហើយ​ក្នុង​នោះ ខ្លានាង ធ្លាប់​សន្លប់​ក្រោម​ក្បាច់​ជង្គង់​របស់ Keav Ba ចំនួន​មួយ​លើក និង​ចាញ់​ពិន្ទុ​ ២ ​លើក ប៉ុន្តែ​ ៣ ​ប្រកួត​ចុងក្រោយ ខ្លានាង បាន​យក​ឈ្នះ​វិញ​ដោយ​ពិន្ទុ​មួយ​លើក និង​ផ្តួល​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​ ៣ ចំនួន​ ២ ​លើក​ដោយ​សរុប​ប្រកួត​ ៦ ​លើក​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​នេះ ឈ្នះ​ចំនួន​​ ៣ ​លើក​ម្នាក់​ក្នុង​លក្ខណៈ​ជក់ចិត្ត​។

កីឡាករ​ថៃ Keav Ba មាន​ស្នៀត​ជង្គង់​ល្អ​ណាស់ ហើយ​នៅ​ ២ ​ទឹក​ដំបូង ថៃ​ម្នាក់​នេះ​ទំនង​ជា​មាន​ប្រៀប​លើ ខ្លានាង បន្តិចបន្តួច ប៉ុន្តែ​ការវ៉ៃ​ប្តូរ​គ្នា​ទៅវិញ​ទៅមក​ជាមួយ​ស្នៀត​ចម្រុះ​ល្អ​ដូច​គ្នា​មាន​ទាត់ ជង្គង់ និង​កណ្តាប់ដៃ​នៅ​ទឹក​ទី​​ ៣ ​នោះ​គឺ Keav Ba ត្រូវ​បាន ខ្លានាង វាយ​ចូល​ផ្ទួនៗ​ចំនួន​ ៣ ​ទៅ​ ៤ ​ដៃ​ចំ​ផ្ទៃមុខ និង​គល់​ថ្គាម​នាំ​ឲ្យ​ស្រុត​កម្លាំង និង​បាន​ដួល​ទៅ​ដល់​កម្រាល​រេញ​។ លោក​អាជ្ញាកណ្តាល ឡុង វ៉ាន់ថន បាន​រាប់​ទៅ​លើ Keav Ba ហើយ​គេ​បាន​ខំប្រឹង​ងើប​ទាំង​ជំហរ​ទ្រេត​ក្នុង​សភាព​វង្វេងវង្វាន់​នាំ​ឲ្យ​អាជ្ញាកណ្តាល​បញ្ឈប់​តែម្តង និង​ប្រគល់​ជ័យជម្នះ​ឲ្យ​ទៅ ខាំ ខ្លានាង​។

ខាំ ខ្លានាង និយាយ​ក្រោយ​ប្រកួត​ឈ្នះ​ថា​៖ «​ប៉ះ​គ្នា​ចំនួន​ ៦ ​លើក ប៉ុន្តែ​មិន​ងាយស្រួល​យក​ឈ្នះ​ទេ ព្រោះ​កម្រិត​ក្បាច់គុន​របស់​គេ​ល្អ និង​ចាស់វស្សា​ជាង​ខ្ញុំ​»​។ ចំណែក​កីឡាករ​ថៃ Keav Ba បាន​និយាយ​ថា​៖ «​មិន​សូវ​ហ៊ាន​សម្រុក​ខ្លាំង ដោយសារ​ព្រួយបារម្ភ​ផ្នែក​កម្លាំង ព្រោះ​ទម្ងន់​ពិត​របស់​ខ្ញុំ​គឺ​ ៥៧ ​គីឡូក្រាម តែ​បាន​សម្រក​មក​វ៉ៃ​ត្រឹម​ ៥១ ​គីឡូក្រាម​។

ទោះបី​ជា​យ៉ាង​ណា​កីឡាករ​ថៃ Keav Ba បាន​ចាត់ទុក​ការចាញ់​លើក​នេះ​ថា មកពី​រូបគេ​ភ្លាត់​ស្នៀត​ចូល​កណ្តាប់ដៃ​របស់ ខាំ ខ្លានាង ផ្ទួនៗ​នាំ​ឲ្យ​ងើប​មក​វិល​តែ​បន្តិចបន្តួច ហើយ​អាជ្ញាកណ្តាល​ប្រញាប់​ឃាត់ និង​បញ្ឈប់​ភ្លាមៗ​។

ដោយឡែក​កីឡាករ​កម្ពុជា ឯម ឡេងលី មកពី​ក្លិប​ថ្មគោល​ពោធិ៍សែនជ័យ និង​ថៃ Nang Thailen បាន​តស៊ូ​គ្នា​ចំនួន​ ៥ ​ទឹក​ពេញ​ក្នុង​លក្ខណៈ​ជក់ចិត្ត​ពី​អ្នក​ទស្សនា​ផ្ទាល់ ខណៈ​ដែល Nang Thailen វ៉ៃ​ចេញ​តាម​របៀប​ឌឺដង និង​កំប្លែង​ដែរ​។ ជំនួប​ប្រកួត​ចំនួន​ ៥ ​ទឹក​ពេញ ឡេងលី ទទួលរង​បែក​ឈាម​តាម​ច្រមុះ​ផង និង​ចាញ់​ប្រៀប​នៅ​ទឹក​ទី​ ៥ ខណៈ​ដែល​ដេញ​វាយ​កីឡាករ​ថៃ​ជា​ដៃគូ​ត្រូវ​ខ្សល់​ច្រើន​ជាង​។ លទ្ធផល​ចាញ់​របស់ ឯម ឡេងលី ត្រូវ​បាន​គេ​កត់សម្គាល់​ថា ធ្លាក់ចុះ​នូវ​កម្លាំង​ព្រមទាំង​បច្ចេកទេស ក្រោយ​បាត់​មុខ​ពី​សង្វៀន​យូរ​ខែ​។

កីឡាករ ឯម ឡេងលី បាន​និយាយ​ក្រោយ​ប្រកួត​ចាញ់​ថា​៖ «​ខ្ញុំ​ហ្វឹកហាត់​មិន​សូវ​បាន​ជាប់​ដូច​មុន​ទេ ព្រោះ​រវល់​ជួយ​ការងារ​ប្រពន្ធ​ខ្លះ ក្រោយ​ពេល​រៀបការ​ថ្មីថ្មោង​»​។ ឡេងលី ទទួល​ស្គាល់​ថា​កណ្តាប់ដៃ​ដូចជា​នៅ​ស្រាល​ជាង​លើក​មុនៗ ហើយ​លំបាក​ប្រកួត​ដោយ​កីឡាករ​ថៃ​រូប​នេះ​វាយ​រត់​ពេក​។

អ្នក​ប្រដាល់ ឡេងលី បន្ថែម​ថា​៖ «​បើ​សងសឹក​គ្នា​លើក​ក្រោយ​ធានា​យក​ឈ្នះ​បាន ព្រោះ​ក្នុង​ទឹក​ទី​ ៣ និង​ទី​ ៤ កីឡាករ​ថៃ​រូបនេះ​វង្វេង​ដោយ​កណ្តាប់ដៃ​របស់​ខ្ញុំ​ជាច្រើន​លើក ប៉ុន្តែ​វា​រត់​ពេក គឺ​បើ​វា​ហ៊ាន​តតាំង​អាច​នឹង​សន្លប់​បាត់​»៕