ភ្នំពេញ៖ កីឡាករ ​មុត​ សំបូរ​ (មុត ខ្លឹម​ខ្មៅ​) បាន​វិល​មក​ប្រកួត​វិញ​​នៅ​​ថ្ងៃ​អាទិត្យ​នេះ ដោយ​ត្រូវ​វ៉ៃ ​៩ នាទី​ពេញ ក្នុង​កម្មវិធី Mas Fight Cambodia នៅ​សង្វៀន​ថោន​ជាមួយ រឿង សារ័ត្ន ចំណែក​កីឡាករ​ជើង​ថ្មី​របស់​កម្ពុជា ៤ ​នាក់ ត្រូវ​​ដាក់​ឲ្យ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ថ្ងៃ​អាទិត្យ​នោះ​ដែរ។

សម្រាប់​ការ​ប្រកួត​ក្នុង​ទម្ងន់ ​៦៩ ​គីឡូក្រាម​នេះ ​​ខ្លឹម​ខ្មៅ ​បាន​និយាយ​ថា​៖ «​ខ្ញុំ​អរ​ សប្បាយ​ចិត្ត​ខ្លាំង​ណាស់​បាន​វិល​មក​ប្រកួត​វិញ​ ​ព្រោះ​ខ្ញុំ​បាន​ខកខាន​ប្រកួត​ចំនួន ​៥ ​សប្តាហ៍​កន្លង​មក​នេះ​ គ្មាន​មុខ​របរ​អ្វី​ទេ​ គឺ​មាន​ជីវភាព​លំបាក​រក​តែ​អង្ករ​ដាំបាយ​ហូប​មិន​បាន​ផង​ ហើយ​ការ​ចាប់​បាន​ឈ្មោះ​ប្រកួត​ឡើង​វិញ​នេះ ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​ទុក​ចិត្ត​ថា ​មិន​លើក​ពេល​ ឬ​ពន្យារ​ទៀត​ទេ​​ ដោយសារ​មាន​ប្រកាស​តាម​ទូរទស្សន៍​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន»​។​

សិស្សគណក្លិប​មិត្ត​ប៉ូលិស​រូប​នេះ បាន​បន្ថែម​​ថា​៖ «​ខ្ញុំ​បាន​មក​ហ្វឹកហាត់​ខ្លាំង​ភ្លាម​ៗ ​ត្រៀម​ប្រកួត​ឲ្យ​បាន​ល្អ ​ដែល​ក្នុង​នោះ​មិន​ទាន់​ដឹង​ថា​ ​តម្លៃ​ខ្លួន​ប្រកួត​គេ​គិត​ឲ្យ​ជា​លក្ខណៈ​គូ​អន្តរជាតិ​ ឬ​ក៏​គូ​ធម្មតា​នោះ​ទេ ​គឺ​ឲ្យ​តែ​បាន​ប្រកួត​បាន​លុយ​សិន​ ចាំ​គិត​ទៀត ​ព្រោះ​មួយ​រយៈ​នេះ ​ចង់​ដាច់​បាយ​ម្តងៗ​ទៅ​ហើយ​»។​

យ៉ាង​នេះ​ក្តី ​ខ្លឹមខ្មៅ​ បាន​រំឭក​ថា សម្រាប់​​ការ​ប្រកួត​ចុង​ក្រោយ​នៅ​សង្វៀន​ថោន ​ជា​លក្ខណៈ​ប្រដាល់​គុន​ខ្មែរ​ចំនួន ​៥ ទឹក ​ជាមួយ ​គឹម​ វាសនា​ គឺ​ខ្ញុំ​វ៉ៃ​បាន​ល្អ ​មាន​ប្រៀប​ ប៉ុន្តែ​ត្រូវ​បាន​គេ​ឲ្យ​ចាញ់​គួរ​ឲ្យ​ឈឺ​ក្នុង​ចិត្ត​។ ទោះ​យ៉ាង​ណា ​មហាជន​ដែល​គាំ​ទ្រ​ខ្ញុំ ​​​បាន​លើក​ទឹក​ចិត្ត ​និង​គាំ​ទ្រ​ខ្ញុំ ​មិន​ឲ្យ​មាត់​ ព្រោះ​ការ​ពិត​គេ​សុទ្ធ​តែ​បាន​ដឹង​ក្នុង​ចិត្ត​ថា ​គណៈកម្មការ​យ៉ាង​ម៉េច​ហើយ​»។

ដោយ​ឡែក​សម្រាប់​ការ​​​ប្រកួត​ខាង​មុខ​នេះ មុត ខ្លឹមខ្មៅ បាន​បង្ហើប​ថា៖ ​«សម្រាប់​ជំនួប​ជាមួយ​ រឿង​ សារ័ត្ន ​ខ្ញុំ​គិត​ថា​ លំបាក​ប្រកួត​បន្តិច​ ​ព្រោះ​គេ​ជា​សិស្ស​ច្បង​របស់​ គឹម ​វាសនា​ ហើយ​មួយ​វិញ​ទៀត​កម្លាំង​របស់​ខ្ញុំ ​មិន​អាច​ល្អ​បាន​យូរ​ដូច​គេ​នៅ​ក្មេង​នោះ​ទេ ​ប៉ុន្តែ​បច្ចេកទេស​ក្បាច់​ជង្គង់ ​និង​ទាត់ ​ខ្ញុំ​ធានា​ថា​ ល្អ​ជាង​។​​ ខ្ញុំ​សង្ឃឹម​ឈ្នះ​ត្រឹម ​៥០ ​ភាគរយ​ប៉ុណ្ណោះ​ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព»។

ចំណែក លោក​ ឈិន​ ក្វាន់ចៃ​ ជា​គ្រូ​បង្វឹក​បាន​​ប្រាប់​ថា​​៖ ​«មួយ​រយៈ​នេះ ​ទោះបី​អត់​មាន​ប្រកួត ​តែ ​ខ្លឹមខ្មៅ ​នៅ​តែ​រក្សា​ការ​ហ្វឹកហាត់​បន្តិច​បន្តួច ​ក្នុង​ក្លិប ​គឺ​នៅ​ចាំ​ក្លិប​ផង​ដែរ ​មិន​ទៅ​ស្រុក​ទេ​ ព្រោះ​គ្មាន​សោហ៊ុយ​ទៅ​។​ ​បើ​និយាយ​ពី​ក្បាច់​ប្រកួត​ ខ្លឹម​ខ្មៅ​ ល្អ​ជាង​ទាំង​ស្នៀត​ទាត់ ​និង​កណ្តាប់​ដៃ ​ប៉ុន្តែ​ខ្លាច​តែ​ចាញ់​ផ្នែក​កម្លាំង​ប៉ុណ្ណោះ»​។​

យ៉ាង​ណា​មិញ កីឡាករ ​រឿង​ សារ័ត្ន ​និង​គ្រូ​បង្វឹក ​លោក ​ហង្ស ស៊ឺន ​មិន​អាច​សុំ​សម្ភាស​បាន​ទេ ​ប៉ុន្តែ​បើ​តាម​ប្រវត្តិ​ក្បាច់​គុន​របស់​ រឿង​ សារ័ត្ន​ មិន​ធ្លាប់​ឈ្នះ​បាន​ជើង​ឯក ​ឬ​ខ្សែ​ក្រវាត់​នោះ​ឡើយ ចំណែក ​ខ្លឹមខ្មៅ​ ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ធំៗ​ចំនួន ​៣ ​ស្ថាប័ន ​​និង​ពាន​ផ្សេងៗ​មួយ​ចំនួន​ទៀត។ ទោះជា​យ៉ាង​ណា​បទពិសោធ​របស់ ​រឿង​ សារ័ត្ន​ គឺ​បាន​ប្រកួត​អន្តរជាតិ​ញឹកញាប់​មក​ហើយ និង​​ទទួល​បាន​លទ្ធផល​ឈ្នះ​ច្រើន​ជាង​ចាញ់​។​

សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែរ អ្នក​ប្រដាល់​គុន​ខ្មែរ​មាន​សមត្ថភាព​កម្រិត​ល្អ​មធ្យម​ចំនួន​ ​៤ ​នាក់ មាន ម៉ន វណ្ណី, ជី ឆាយលី, ពេជ្រ ប៊ុនសិទ្ធ និង សឿន ថៃសាន់ នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​គ្នា តាម​លក្ខណៈ​ម៉ារ៉ាតុង ក្នុង​ទម្ងន់ ​៥៤ ​គីឡូក្រាម ដើម្បី​រក​អ្នក​ឈ្នះ ជើង​ឯក​ប្រាក់​លាន នៅ​ក្នុង​ថ្ងៃ​តែ​មួយ​នោះ​តែ​ម្តង។

ទាក់ទង​ទៅ​នឹង​រូបមន្ត​នៃ​ការ​ប្រកួត​នេះ លោក គឹម ​ស្រ៊ុនកុសល ​នាយក​គ្រប់គ្រង​កម្មវិធី ​Mas Fight Cambodia បាន​ប្រាប់​ថា កីឡាករ​ទាំង ​៤ ​នាក់​នេះ នឹង​ត្រូវ​ធ្វើ​ការ​ចាប់​ឆ្នោត​មុន​ការ​ប្រកួត​តែ​ម្តង ហើយ​អ្នក​ទទួល​បាន​ជ័យជម្នះ នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ត្រឹម ​៣ ​ទឹក នឹង​ត្រូវ​ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ប្រកួត​យក​លំនាំ​តាម Mas Fight វិញ គឺ​ប្រកួត​គ្នា​​តែ ​១ ​ទឹក មាន​រយៈពេល ​៩ នាទី។

យ៉ាង​ណា​ក៏​ដោយ ចំពោះ​ប្រាក់​រង្វាន់​ដែល​អ្នក​ឈ្នះ​ជើង​ឯក​នឹង​ទទួល​បាន​មិន​ត្រូវ​បាន​លោក ស្រ៊ុនកុសល ទម្លាយ​ឲ្យ​ដឹង​មុន​ការ​ប្រកួត​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​បង្ហើប​ថា៖ ​«​នៅ​ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ បើ​ឈ្នះ​ដោយ​ការ​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ គឺ​ប្រាក់​រង្វាន់​ផ្សេង តែ​បើ​ស្មើ​គ្នា​តាម​លក្ខណៈ Mag Fight (គ្មាន​អ្នក​សន្លប់) គឺ​ប្រាក់​រង្វាន់​ផ្សេង។​​ ជា​រួម​ការ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​នេះ គឺ​យើង​លើក​ទឹក​ចិត្ត​ឲ្យ​កីឡាករ ខំ​ប្រឹង​ប្រែង​ប្រកួត នៅ​ពេល​ដែល​យើង​មាន​ការ​ប្រកួត​តែ​ខ្មែរ និង​ខ្មែរ អត់​មាន​គូ​អន្តរជាតិ​ដូច​ការ​ប្រកួត​កន្លង​មក»៕