ភ្នំពេញ៖ ​កីឡាករ​កម្ពុជា មុត ខ្លឹមខ្មៅ និង ថៃ រិទ្ធី សុទ្ធ​តែ​ប្រើ​បច្ចេកទេស​ផ្ទាល់​ខ្លួន​ក្នុង​ការ​​ផ្តួល​កីឡាករ​ចិន Lyu Jie និង​អ្នក​ប្រដាល់​របស់​​​ស៊ែប៊ី Ahmed Badat ​ឲ្យ​សន្លប់ មុន​ពេល​កំណត់​ដូច​គ្នា ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម នៅ​ក្នុង​ការ​ប្រកួត Mas Fight នៅ​លើ​សង្វៀន​ថោន ចំណែក​ជំនួប​រវាង​ម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​អ៊ីតាលី Sabot ​​ជាមួយ​​កីឡាការិនី​ឆ្នើម អេ យ៉ានុត ព្រម​ទាំង​ការ​ប៉ះ​គ្នា​រវាង វង្ស វិឆ័យ និង​កីឡាករ​ថៃ Lotus SGG បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា​ដូច​គ្នា។

តាមរយៈ​ការ​ប្រកួត​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នោះ មុត ​ខ្លឹមខ្មៅ​ ​របស់​​ក្លិប​មិត្ត​ប៉ូលិស​នៃ​សមាគម​ក្រសួង​មហាផ្ទៃ បាន​​ចំណាយ​ពេល​ត្រឹម​មួយ​នាទី​ ក្នុង​ការ​ផ្តួល​ចិន Lyu Jie ឲ្យ​សន្លប់។ ​ការ​ប្រកាស​ផ្តល់​​ប្រាក់​រង្វាន់​​យ៉ាង​​ច្រើន ទៅ​ដល់​អ្នក​បាន​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​​ក្នុង​ការ​ប្រកួត​មាន​រយៈពេល​ ​៩ ​នាទី ពេញ​នោះ​ បាន​ជំរុញ​ឲ្យ ខ្លឹមខ្មៅ បើក​ការ​វាយ​ប្រហារ​ទៅលើ Lyu Jie ភ្លាមៗ​តែ​ម្តង។

បន្ថែម​ទៅ​លើ​​ការ​ប្តូរ​កណ្តាប់​ដៃ​បាន​យ៉ាង​ល្អ​ មុត​ ខ្លឹមខ្មៅ​ បាន​ចូល​ចាប់​បុក​​ជង្គង់​ ទទួល​បាន​លទ្ធផល​ល្អ ​ហើយ​ក្នុង​ពេល​ដែល​មាន​ប្រៀប​ផង​នោះ​ ខ្លឹម​ខ្មៅ បាន​​ឆ្មក់​វាយ​កែង​ ធ្វើ​ឲ្យ​អាជ្ញា​កណ្តាល​រាប់​ទៅ​លើ​ ​Lyu Jie ចំនួន ​៨​ ទើប​អាច​បន្ត​ការ​ប្រកួត​បាន​ក្នុង​លក្ខណៈ​លំបាក​លំបិន​។ ប៉ុន្តែ​ស្រប​ពេល​ដ៏​ល្អ​នោះ ​ខ្លឹមខ្មៅ​ បាន​បន្ថែម​​ក្បាច់​ជង្គង់​ និង​កែង​ទៀត​ ធ្វើ​ឲ្យ Lyu Jie ​សន្លប់​ធំ​តែ​ម្តង ​ហើយ​ការ​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ បាន​ជួយ​ឲ្យ ខ្លឹមខ្មៅ បាន​​ប្រាក់​រង្វាន់​ ​៦០០ ​ដុល្លារ​ទៀត បន្ថែម​ទៅ​លើ​ប្រាក់​តម្លៃ​ខ្លួន។​

ខ្លឹមខ្មៅ ​ដែល​ទើប​តែ​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក ​កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ ​ឆ្នាំ ​២០១៩ ​នោះ​ បាន​​និយាយ​ក្រោយ​ប្រកួត​ថា​៖ «​ខ្ញុំ​រំភើប ​និង​ទឹក​លុយ​ច្រើន​ ហើយ​គិត​ថា​ ត្រូវ​តែ​​វ៉ៃ​ប្តូរ ​ដើម្បី​បាន​ប្រាក់​រង្វាន់​បន្ថែម​លើ​តម្លៃ​ខ្លួន​នេះ​។ ​​បើសិន​​ខ្ញុំ​មិន​អាច​វ៉ៃ​គេ​ឲ្យ​សន្លប់​​លឿន​ទេ​នោះ ​ខ្ញុំ​គិត​ថា​ មាន​បញ្ហា​ផ្នែក​កម្លាំង​ មិន​អាច​ទប់ទល់​ដល់ ​៩ នាទី​នោះ​ឡើយ​ អ៊ីចឹង​បើ​គេ​មិន​សន្លប់​ ខ្ញុំ​អាច​ជួប​ការ​សន្លប់​ដូច​គ្នា​»។​

មុត ខ្លឹម​ខ្មៅ​ បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ថា​៖ «​ខ្ញុំ​ចង់​វ៉ៃ​នៅ​សង្វៀន​ Mas ​Fight​ ព្រោះ​​មាន​ប្រាក់​រង្វាន់​ច្រើន បន្ថែម​​លើ​តម្លៃ​ខ្លួន ​ហើយ​ក៏​​មិន​លំបាក​ក្នុង​ការ​ចាំ​មើល​លទ្ធផល​នោះ​ដែរ ដោយសារ​អត់​មាន​ចៅក្រម ​អ៊ីចឹង​ល្អ​ម៉្យាង​ដែរ ​គឺ​និយាយ​ទៅ​មិន​ចាំបាច់​គិត​រឿង​ខ្សែ​តូច​ ឬ​ខ្សែ​ធំ​នោះ​ឡើយ​»។

ចំណែក​ ថៃ​ រិទ្ធី ​ បាន​ប្រើ​កណ្តាប់​ដៃ​វាយ​ផ្ទួនៗ​​ទៅ​លើ​​កីឡាករ ​Ahmed Badat បណ្តាល​ឲ្យ​សន្លប់នៅ​ត្រឹម​នាទីទី ​១ ដើម្បី​​ទទួល​ប្រាក់​រង្វាន់​ជា​ទី​គាប់​ចិត្ត​ដូច​គ្នា​។ ​ថៃ ​រិទ្ធី​ និយាយ​ថា​៖ «ខ្ញុំ​ខកខាន​ប្រកួត​យូរ ​ដោយ​ជាប់​រវល់​ធ្វើ​គ្រូ​បង្វឹក ​ឲ្យ​ក្លិប​ប្រដាល់​មួយ ​ប៉ុន្តែ​ក្រោយ​ពេល​ដែល​ខ្ញុំ​ឈាន​ចូល​មក​ប្រកួត​ក្នុង​ Mas ​Fight ​នេះ ខ្ញុំ​​ពេញ​ចិត្ត​ខ្លាំង​ ត្រង់​ថា​មាន​ប្រាក់​រង្វាន់​ច្រើន​ និង​មាន​យុត្តិធម៌ ព្រោះ​អ្នក​ខ្លាំង ​គឺ​ឈ្នះ​ ​មិន​អាច​យឹត​យោង​បក្ខពួក​បាន​នោះ​ឡើយ ​ពិសេស​បើ​សរុប​ទាំង​តម្លៃ​ខ្លួន ​គឺ​មាន​ចំនួន​ច្រើន​ជិត​ខ្ទង់​ពាន់​ដុល្លារ​ឯណោះ​»។​

ចំណែក​គូ​ជក់​ចិត្ត ​ដែល​វ៉ៃ​បាន ​៩ ​នាទី​នោះ​ ទោះ​លទ្ធផល​ស្មើ​តាម​ច្បាប់​ប្រកួត​របស់ ​Mas​Fight ​ដែល​គ្មាន​ចៅក្រម​ដាក់​ពិន្ទុ ប៉ុន្តែ​​បាន​បង្ហាញ​ឲ្យ​អ្នក​ទស្សនា​ឃើញ​ថា ​​វង្ស ​វិឆ័យ ​មាន​ប្រៀប​ខ្លាំង​ទៅ​លើ​កីឡាករ​ថៃ Lotus SGG ​ប៉ុន្តែ​មិន​អាច​ធ្វើ​ឲ្យ​ដៃ​គូ​សន្លប់​បាន ​និង​ត្រូវ​​បាន​បញ្ចប់​ដោយ​ស្នូរ​ជួង​ក្នុង​រយៈពេល ​៩ ​នាទី​។​

ផ្ទុយ​ទៅ​វិញ​ ​កីឡាការិនី​ អេ​ យ៉ានុត ​ទោះ​បី​ចាញ់​ប្រៀប​ជើង​ខ្លាំង​ ដែល​គ្រប់គ្រង​ខ្សែ​ក្រវាត់ ​៦ ស្ថាប័ន ​មក​ពី​អ៊ីតាលី​ Sabot នៅ​ចុង​ទឹក ​ប៉ុន្តែ យ៉ានុត នៅ​តែ​មាន​ជំហរ​វាយ​បក​រហូត​ចប់ ​៩ នាទី​ពេញ ដើម្បី​ទទួល​បាន​លទ្ធផល​ស្មើ ក្រោម​ការ​គាំទ្រ​ពី​ទស្សនិកជន​ខ្លាំង​បំផុត។

លោក​ ស្រ៊ុន ​កុសល​ ប្រធាន​ផ្គូផ្គង ​និង​គ្រប់គ្រង​កម្មវិធី Mas Fight បាន​និយាយ​ថា​ ​គិត​ត្រឹម ​១២ ​សប្តាហ៍ ​យើង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ​ហើយ​យើង​​កំពុង​តែ​ស្វែងរក​ទីផ្សារ​រៀបចំ​ការ​ប្រកួត​ខ្សែ​ក្រវាត់​នា​ចុង​សប្តាហ៍​មួយ​ទៀត​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​៕