ភ្នំពេញ៖ ​ម្ចាស់​ខ្សែ​ក្រវាត់ ​៣ ​ស្ថាប័ន​ ​មុត ​ខ្លឹមខ្មៅ​ មក​ពី​ក្លិប​ប្រដាល់​មិត្ត​ប៉ូលិស​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​ការ​សោកស្តាយ ដែល​មិន​អាច​ផ្តួល រឿង សារ័ត្ន ឲ្យ​សន្លប់ ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម​ចំនួន ​៤០០ ដុល្លារ ពី​ការ​ប្រកួត Mas Fight Cambodia នៅ​សង្វៀន​ថោន​នោះ ប៉ុន្តែ ម៉ន វណ្ណី ទទួល​បាន​ប្រាក់​រង្វាន់​ជិត ​៦ លាន​រៀល ពី​ការ​ឈ្នះ​ជើង​ឯក​ប្រាក់​លាន​របស់​ខ្លួន។

កីឡាករ​ មុត​ ខ្លឹមខ្មៅ ដែល​បាន​ព្យាយាម​​តាម​វាយ​សម្រុក​យ៉ាង​ស្វិតស្វាញ​ក្នុង​រយៈពេល ​៩ នាទី​ពេញ​​នោះ បាន​និយាយ​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ ក្រោយ​ការ​ប្រកួត​ថា​៖ ​«​ខ្ញុំ​មាន​គម្រោង​វ៉ៃ​ឲ្យ ​រឿង​ សារ័ត្ន ​សន្លប់ ​ដើម្បី​ទទួល​ប្រាក់​បន្ថែម​ចំនួន ​៤០០ ​ដុល្លារ​ ​ប៉ុន្តែ ​រឿង ​សារ័ត្ន ​ប្រកួត​ដក​ថយ​ខ្លាំង​ពេក​ ដែល​នាំ​ឲ្យ​ការ​ប្រកួត​ចំនួន ​៩ ​នាទី​ ត្រូវ​ទទួល​បាន​លទ្ធផល​​ស្មើ ​គួរ​ឲ្យ​សោកស្តាយ​ ​ព្រោះ​គ្មាន​ឱកាស​ផ្តួល​ដៃ​គូ​យក​ប្រាក់​រង្វាន់​ពី​ Mas Fight ​បាន»​។

ក្នុង​ការ​ប្រកួត ​១ ​ទឹក​ចំនួន ​៩ ​នាទី​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ​មុត ​ខ្លឹមខ្មៅ​ មាន​ប្រៀប​ទាំង​ការ​វាយ​សម្រុក​ និង​ការ​វាយ​ចំគោល​ដៅ ​ប៉ុន្តែ​រូប​គេ​មិន​អាច​បង្ខំ​ឲ្យ​កីឡាករ​ជា​សិស្ស​ប្អូន​សន្លប់​បាន​នោះ​ឡើយ​។​ ការ​ប្រកួត ​ដែល​មាន​លក្ខណៈ​ស្រួច​ស្រាល់​ចង់​បាន​ប្រាក់​រង្វាន់​ចំនួន ​៤០០ ​ដុល្លារ​បន្ថែម​នេះ​ មិន​អាច​សម្រេច​គោលដៅ​ឡើយ​ ខណៈ​ដែល​ចប់​ការ​​​ប្រកួត​រយៈពេល​ ​៩ ​នាទី​តាម​ច្បាប់​ ត្រូវ​បាន​គណៈកម្មការ​ប្រកួត​ប្រកាស​ឲ្យ​ស្មើ​តាម​ច្បាប់ ​Mas Fight Cambodia ​នោះ​គឺ​គ្មាន​អ្វី​ដែល​ត្រូវ​តវ៉ា​នោះ​ឡើយ​។

យ៉ាង​ណា​ក៏​ដោយ មុត ខ្លឹមខ្មៅ បាន​បង្ហាញ​ភាព​រីករាយ ដែល​បាន​ឡើង​ប្រកួត​ជា​ថ្មី ដើម្បី​បាន​ប្រាក់​តម្លៃ​ខ្លួន ទៅ​ដោះ​បំណុល​គេ។ ខ្លឹមខ្មៅ បន្ថែម​ថា​៖ «​ទោះ​ជា​យ៉ាង​នេះ​ក្តី ​ខ្ញុំ​ពេញ​ចិត្ត​ខ្លាំង​ដែល​សង្វៀន​ថោន ​ក៏​ដូច​ជា​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​បើក​ឱកាស​ឲ្យ​ខ្ញុំ​បាន​ប្រកួត ​មាន​ប្រាក់​តម្លៃ​ខ្លួន ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ក្នុង​រយៈពេល​ដែល​យើង​កំពុង​តែ​មាន​វិបត្តិ​ក្នុង​ការ​រីក​រាល​ដាល​នៃ​វីរុស​ឆ្លង​កូវីដ ​១៩ នេះ​»។​

«​ខ្ញុំ​ទទួល​បាន​ប្រាក់​ពី​ការ​ប្រកួត​ចំនួន ៧០ ​ម៉ឺន​រៀល​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាច​​ដោះ​បំណុល​ ឬ​ការ​ជំពាក់​គេ​រយៈពេល ​៥ ​សប្តាហ៍ ​មិន​បាន​ប្រកួត​កន្លង​មក​នេះ​​ ព្រោះ​​ក្នុង​រយៈពេល​ខកខាន​​ប្រកួត​នេះ ​ខ្ញុំ​បាន​​ខ្ចី​លុយ​គេ​ទិញ​អង្គរ ​និង​អាហារ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ឲ្យ​កូន​ និង​ប្រពន្ធ​អស់​ចំនួន ​៣០ ​ម៉ឺន​រៀល​ហើយ»​​។​

មុត​ ខ្លឹមខ្មៅ បាន​បញ្ជាក់​ថា៖​ «​​ខ្ញុំ​សូម​ដឹង​គុណ​យ៉ាង​ខ្លាំង​ចំពោះ​សហព័ន្ធ​ ​ក៏​ដូច​ជា​សម្តេច ​ហ៊ុន ​សែន ​ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រកួត​បិទ​ទ្វារ ​គ្មាន​អ្នក​ទស្សនា​ផ្ទាល់​ ប៉ុន្តែ​បាន​ផ្តល់​ឱកាស​ឲ្យ​​កីឡាករ​​បាន​​ប្រកួត និង​បាន​​លុយ​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន ​ព្រោះ​កីឡាករ​ភាគ​ច្រើន​គ្មាន​មុខ​របរ​បន្ថែម​ទេ»​។​

កីឡាករ​រូប​នេះ​បាន​បន្ថែម​​ថា​៖ ​«​ឆ្នាំ ​២០២០ ​នេះ ខ្ញុំ​ទទួល​បាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​នគរបាល​ជាតិ​ ដោយសារ​ខ្ញុំ​មាន​ស្នាដៃ​ជា​ច្រើន​ ហើយ​ឯក​ឧត្តម​ ជា​ ប៊ុនហេង​ គាត់​ជួយ​ជ្រោម​​ជ្រែង​ខ្ញុំ​ អ៊ីចឹង​ខ្ញុំ​នឹង​ទទួល​បាន​ប្រាក់​ខែ​ជួយ​ក្នុង​ជីវភាព​មួយ​កម្រិត​។​ ទោះ​ជា​យ៉ាង​ណា​ក្នុង​ចំណោម​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ​ដែល​ប្រកួត​ក្នុង​រដូវកាល​ជំងឺ​កូវីដ ​១៩ នេះ ​គឺ​​រវាង​កីឡាករ​ខ្មែរ ​និង​ខ្មែរ​ មាន​អ្នក​ខ្លះ​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ស្មើ​ការ​ប្រកួត​ជាមួយ​បរទេស ​ហេតុ​នេះ​​ខ្ញុំ​ចង់​បាន​ដូច​គេ​ ព្រោះ​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​កន្លង​មក ​ខ្ញុំ​ទទួល​បាន ​៤០០ ​ដុល្លារ​រួច​ហើយ ​ក្នុង​មួយ​ប្រកួត ​ហើយ​លើក​នេះ​ ខ្ញុំ​មិន​ទាន់​ទទួល​បាន​ដូច​គេ»​។

ចំណែក ម៉ន វណ្ណី បាន​ឈ្នះ​ប្រាក់​សរុប​ចំនួន ​៥,៩ ​លាន​រៀល បន្ទាប់​ពី​រូប​គេ​បាន​ឈ្នះ សឿន ថៃសាន់ ក្នុង​វគ្គ​ជម្រុះ​ម៉ារ៉ា​តុង រួច​បន្ត​ផ្តួល ជី ឆាយលី ​ឲ្យ​សន្លប់​ ក្នុង​រយៈពេល ​៤ នាទី ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​ប្រាក់​លាន​នោះ៕