ភ្នំពេញ៖ កីឡាករ​កម្ពុជា មុត ខ្លឹមខ្មៅ ​បាន​សម្តែង​ការ​ខក​ចិត្ត និង​បាន​ចោទ​ទៅ​ភាគី​ថៃ​ថា មាន​ចេតនា​អាក្រក់ ដោយ​បាន​កែប្រែ​ការ​ប្រកួត​ខុស​ទៅ​នឹង​កិច្ចសន្យា​ក្នុង​គោលបំណង​ឲ្យ​​រូប​គេ​ចាញ់​អ្នក​ប្រដាល់​ថៃ Star Boy ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ Super ​Champ ​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ ​៨ ​របស់​ថៃ​ នា​ក្រុង​បាងកក។

នៅ​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​ម៉ារ៉ាតុង មាន ​៣ ទឹក ដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់ ​៦៣ ​គីឡូក្រាម ដោយ​មាន​កីឡាករ ​៤ នាក់ មក​ពី​ប្រទេស​ខុសៗ​គ្នា កាល​ពី​យប់​ថ្ងៃ​អាទិត្យ​​នោះ ខ្លឹមខ្មៅ ​​បាន​​ផ្តួល​ដៃ​គូ​មក​ពី​ប្រទេស ​អាហ្សង់ទីន ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ​១ ដើម្បី​ឡើង​ទៅ​ជួប Star Boy នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​អ្នក​ទាំង ​២ បាន​ត្រឹម​ស្មើ​គ្នា​ក្នុង​ការ​ប្រកួត ​៣ ​ទឹក បើ​ទោះបី​ជា ខ្លឹមខ្មៅ ​មាន​ប្រៀប​លើ​​​ថៃ​ក៏​ដោយ​។

ជាមួយ​គ្នា​នោះ គេ​មើល​ឃើញ​ពី​ចេតនា​លម្អៀង​របស់​គណៈកម្មការ​ថៃ ​ដោយ​បាន​​បន្ថែម​ឲ្យ​មាន​ការ​ប្រកួត​មួយ​ទឹក​ទៀត ​ដើម្បី​មាន​ឱកាស​ឲ្យ​កីឡាករ​ថៃ ​Star ​Boy ​បាន​ទទួល​ខ្សែ​ក្រវាត់​ឈ្នះ​ពី​ ខ្លឹម​ខ្មៅ​ ទោះបី​ជា​ការ​ប្តូរ​លក្ខខណ្ឌ​ប្រកួត​ភ្លាមៗ​នោះ វា​ខុស​ពី​កិច្ច​សន្យា​ ដែល​កំណត់​ថា ប្រកួត​ត្រឹម ៣ ​ទឹក​ក៏​ដោយ​។

ក្រោយ​ពេល​ប្រកាស​លទ្ធផល​ មុត ​ខ្លឹមខ្មៅ ​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពី​ទីក្រុង​បាងកក​ភ្លាមៗ​ថា​៖ ​«ពួក​ថៃ​វា​មាន​ចេតនា​មិន​ឲ្យ​យើង​ឈ្នះ​ខ្សែ​ក្រវាត់​ពី​កីឡាករ​របស់​វា​ទេ​ ​ព្រោះ​ការ​សន្យា​ប្រកួត​មួយ​វគ្គ ​៣ ​ទឹក ​ប៉ុន្តែ​ចុង​ក្រោយ​នេះ​ ខ្ញុំ​វ៉ៃ​ថៃ​ Star ​Boy ​ឲ្យ​ធ្លាក់​ពី​លើ​រេញ​ មាន​ប្រៀប​ឈ្នះ​ពិន្ទុ​ដាច់ ​ស្រាប់​តែ​វា​ប្រកាស​ឲ្យ​ស្មើ​ និង​បន្ថែម​ការ​ប្រកួត ​១ ​ទឹក​ទៀត ​ដើម្បី​ធ្វើ​​ស៊ី​យើង​តែ​ម្តង​​។ ​ខ្ញុំ​ត្រៀម​ប្រកួត​បាន​ល្អ​ ដោយ​សង្ឃឹម​ឈ្នះ​ខ្សែ​ក្រវាត់​ ហើយ​ខ្ញុំ​ធ្វើ​បាន​ល្អ ​ប៉ុន្តែ​ថៃ​វា​មាន​គំនិត​អាក្រក់​មិន​ឲ្យ​យើង​ឈ្នះ​ពួក​វា​ទេ»​​។​

ចំណែក​លោក មីស្ទ័រ​លី​ ដែល​ជា​ប្រតិភូ​នាំ​កីឡាករ​ខ្មែរ​ទៅ​ចូលរួម​ប្រកួត​បាន​ប្រាប់​ថា​៖ «​ខ្ញុំ​បាន​សាក​សួរ​ និង​តវ៉ា​ខ្លះ​ក្រៅ​ផ្លូវ​ការ ​ទៅ​គណៈកម្មការ​ពី​មូលហេតុ​ឲ្យ ​ខ្លឹមខ្មៅ​ ចាញ់​ ប៉ុន្តែ​គេ​បក​ស្រាយ​ថា​ ​នៅ​ក្នុង​ទឹក​ទី ​៤ ​ជា​ទឹក​បន្ថែម ​ដើម្បី​កាត់​សេចក្តី​ គឺ ​ខ្លឹម​ខ្មៅ ​វ៉ៃ​ថយ​ពេក ​និង​បាន​ដួល ​២ ​លើក​ ទើប​គណៈកម្មការ​ឲ្យ​ចាញ់​»​។​

លោក​ Khun Dea ​អ្នក​គ្រប់គ្រង​កម្មវិធី ​Super ​Champ នៅ​​លើ​សង្វៀន​ប៉ុស្តិ៍​លេខ ​៨ ​របស់​ថៃ​ បាន​​ឆ្លើយ​នឹង​សំណួរ​​ប្រាប់​តាម​បណ្តាញ​ហ្វេសប៊ុក​​ថា​៖ «​យើង​មាន​កិច្ច​សន្យា​ប្រកួត​ចំនួន ​៣ ​ទឹក​មែន ​ប៉ុន្តែ​ករណី​ពិសេស​ ដែល​មាន​ពិន្ទុ​ស្មើ​គ្នា​ យើង​បន្ថែម ​១ ​ទឹក​ទៀត ​ដើម្បី​កាត់​សេចក្តី​ទៅ​តាម​ភាព​​ជាក់ស្តែង​ ​ព្រោះ​ជា​គូ​ឯក​ដណ្តើម​ខ្សែ​ក្រវាត់​លក្ខណៈ​អន្តរជាតិ»​។​

លោក ​ប៊ុន​រឿន ​អ្នក​សម្របសម្រួល​ជាមួយ​គណៈកម្មការ​ប្រកួត ​នៅ​ប្រទេស ​ថៃ បាន​​និយាយ​ថា​៖ «​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ម៉ារ៉ាតុង​នេះ​ យើង​បាន​ចរចា​ និង​ត្រៀម​​ជិត ​៣ ​ខែ​ និង​​ឡើង​ប្រកួត​បាន​ល្អ​បំផុត ​ដោយ ខ្លឹម​ខ្មៅ បាន​​​វាយ​​កែង​ឆ្វេង​ផ្តួល​កីឡាករ ​Luca Lassaly ឲ្យ​សន្លប់​ធំ ​ត្រឹម​ចុង​ទឹក​ទី ​១ ​និង​បន្ត​ទៅ​វ៉ៃ​មាន​ប្រៀប​លើ​​ជើង​ខ្លាំង​ថៃ​ប្រចាំ​សង្វៀន​ Star​ Boy​ ប៉ុន្តែ​អកុសល​គេ​ប្រកាស​ឲ្យ​ស្មើ​ ហើយ​សុំ​ឲ្យ​ប្រកួត​មួយ​ទឹក​ទៀត នាំ​ឲ្យ​ ខ្លឹមខ្មៅ​ ​ចាញ់​ទាំង​មិន​អស់​ចិត្ត​នោះ»។​

លោក​បណ្ឌិត ​រ័ត្ន ​សណ្តាប់​ អ្នក​ស្រាវជ្រាវ​ប្រវត្តិ​កីឡា​ និង​វប្បធម៌ ​​បាន​ថ្លែង​​ថា ​តាម​គោលការណ៍​កីឡា​យើង​ឃើញ​ថា ថៃ​មាន​ជាតិ​និយម​ខ្លាំង​ជាង​គេ​ដែល​ជា​មូលហេតុ​នៃ​ភាព​លម្អៀង​ ហើយ​គោលការណ៍​តម្លាភាព​កីឡា​លើ​ពិភព​លោក​មិន​សុក្រឹត​ដូច​យើង​គិត​ទេ។

លោក​​បន្ថែម​ថា៖ ​«ម្ចាស់​​ទឹក​ដី​ គឺ​គេ​មាន​ប្រៀប ​២៥ ​ភាគរយ​ ហើយ​ការ​ប្រកួត​អន្តរជាតិ​ ដែល​មាន​ចៅក្រម​អាជ្ញា​កណ្តាល​ជា​ជាតិ​គេ​ទាំង​​អស់​នោះ​មាន​តម្លាភាព​ពី​ណា​​?​ ចំណែក​​មធ្យោបាយ​ផ្គូផ្គង​ គេ​តែង​តែ​ស្វែងរក​ធនធាន​មាន​សមត្ថភាព​ ​លើ​យើង​បន្តិច​ដែរ​។​ ហេតុ​នេះ​គណៈកម្មការ​ប្រកួត​របស់​ខ្មែរ ​យើង​គួរ​មាន​ចិត្ត​ថ្លើម​លើ​​បញ្ហា​ជាតិ​និយម​ខ្លះ​ផង​ ​ព្រោះ​ខ្ញុំ​ឃើញ​ថៃ​មក​ប្រកួត​ស្រុក​ខ្មែរ ​ពេល​ខ្លះ​ចាញ់​ប្រៀប​យើង​សោះ​ តែ​បាន​ឈ្នះ​ដែរ​ ហេតុ​អី​មិន​មើល​ការ​ប្រកួត​ស្រុក​គេ​ផង​?»​៕