ភ្នំពេញ៖ វាសនាឡើងចុះមិនទៀងទាត់នៃដំណើរជីវិតរបស់អ្នកប្រដាល់ មុត ខ្លឹមខ្មៅ ដែលបានចំណាយពេលលើសង្វៀនប្រដាល់ ដើម្បីស្វែងរកប្រាក់អស់រយៈពេល ១៥ ឆ្នាំ នោះ គឺថ្មីៗនេះ ត្រូវបានគេទម្លាយឱ្យដឹងថា ខ្លឹមខ្មៅ មានជីវភាពសមរម្យ និងបានសាងសង់ផ្ទះផ្ទាល់ខ្លួន បែបសង្ហាគួរសម ទើបតែចូលនៅមានតម្លៃខ្ទង់ ៣ ម៉ឺនដុល្លារ ដោយមិនទាន់គិតពីតម្លៃដី ដែលមានទំហំ ២០ ម៉ែត្រ គុណនឹង ៧០ ម៉ែត្រផង ខណៈកាលពីដើមឆ្នាំ ២០២០ នេះ ខ្លឹមខ្មៅ បានបង្ហោះតាមហ្វេសប៊ុករបស់ខ្លួនពីភាពកម្សត់ជួបជីវភាពក្រីក្រ និងកូនឈឺគ្មានប្រាក់ទិញថ្នាំព្យាបាលផង។
ដោយមានស្រុកកំណើត នៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង កីឡាករ មុត ខ្លឹមខ្មៅ (ពីមុនប្រើឈ្មោះ ឯម ខ្លឹមខ្លៅ) មានបងប្អូនចំនួន ៥ នាក់ ប៉ុន្តែមានតែរូបគេ និងប្អូនប្រុសម្នាក់ឈ្មោះ មុត ខ្លឹមស បានផ្សងសំណាងចាប់យកអាជីពជាអ្នកប្រដាល់តាំងពីក្មេង និងឃ្លាតពីស្រុកកំណើត ខណៈវាសនា និងឆាកជីវិត ឡើងចុះ ឬលិចអណ្តែតៗ មិនទៀងទាត់ជួបឧបសគ្គរាប់មិនអស់។
ខ្លឹមខ្មៅ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «គិតត្រឹមខែធ្នូ ឆ្នាំ ២០២០ នេះ អាចចាត់ទុកថាសំណាងរបស់ខ្ញុំ ដោយខ្ញុំបានធ្វើផ្ទះជាលំនៅផ្ទាល់ខ្លួន បានរួចរាល់នៅស្រុកកំណើត ខាងប្រពន្ធ គឺភូមិ-ឃុំអណ្តូងស្វាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ផ្ទះនេះធ្វើពីថ្មបេតុង លើផ្ទៃដីទំហំ ២០ ម៉ែត្រ និងបណ្តោយ ៧០ ម៉ែត្រ ដោយចំណាយប្រាក់សាងសង់ចំនួន ៣ ម៉ឺនដុល្លារ មានទំហំផ្ទះ ៦ ម៉ែត្រ បណ្តោយ ៩ ម៉ែត្រ»។
កីឡាកររូបនេះ បន្ថែមថា៖ «ប្រាក់ដែលយកមកធ្វើផ្ទះនេះ បានមកពីការសន្សំពេលឡើងប្រដាល់ក្នុងមួយខែៗខ្ទង់ ៤០០ ដុល្លារឡើងទៅ និង ១ ផ្នែកធំទៀត បានពីសប្បុរសជន ដែលគាត់អាណិតស្រឡាញ់ និងបានផ្តល់ឱ្យខ្ញុំ កាលពីអំឡុងកូនខ្ញុំឈឺ ដោយសរុបបានជាង ១ ម៉ឺនដុល្លារ ហេតុនេះតាមរយៈមុខរបរប្រដាល់ គឺខ្ញុំទទួលបានផ្ទះខ្លួនឯង និងមិនជួលផ្ទះគេទៀតទេ ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះបងប្អូនរួមជាតិ ដែលស្រឡាញ់ខ្ញុំ និងបានជួយខ្ញុំ»។
និយាយពីអាជីពលើសង្វៀនវិញ មុត ខ្លឹមខ្មៅ ឡើងប្រដាល់ដំបូងនៅអាយុ ១៣ ឆ្នាំ នៅតាមជនបទ នាខេត្តបាត់ដំបង ដោយពេលនោះត្រឹមដូរបាយប៉ុណ្ណោះ ហើយឆ្នាំ ២០១០ បានចូលមកភ្នំពេញ ២ នាក់បងប្អូន និងឡើងប្រកួតបានខ្លះ បន្ទាប់ពីរូបគេបានទៅធ្វើកម្មករ នៅប្រទេសថៃ និងឡើងប្រកួតនៅទីនោះបានខ្លះដែរ។
នៅខែមករា ឆ្នាំ ២០១៣ ខ្លឹមខ្មៅ បានមកនៅក្លិបនិរោធជាមួយលោកគ្រូ ឯម ចាន់សុផល ដោយបានប្រកួតនៅសង្វៀនបាយ័នញឹកញាប់ ហើយជាបន្តបន្ទាប់ រូបគេទទួលបានភាពល្បីល្បាញ និងឈ្នះជើងខ្លាំងៗមួយចំនួន។ អ្វីដែលសំខាន់ចំពោះ ខ្លឹមខ្មៅ នៅឆ្នាំ ២០១៣ នោះ គឺរូបគេក្លាយជាម្ចាស់ខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់ ៦៣,៥ គីឡូក្រាម ក្រោយឈ្នះជើងខ្លាំង ផល សោភ័ណ្ឌ នៅឯពហុកីឡដ្ឋានជាតិ ប៉ុន្តែមួយឆ្នាំក្រោយមក ខ្សែក្រវាត់នោះ ត្រូវបាន រឿង សោភ័ណ្ឌ ដណ្តើមយកទៅវិញ ខណៈការប្រកួតមានប្រៀបឈ្នះហើយ តែជ្រុលជង្គង់ថែមបន្តិចនាំឱ្យ រឿង សោភ័ណ្ឌ ធ្វើពុតសន្លប់ ហើយគណៈកម្មការបានពិន័យឱ្យ ខ្លឹមខ្មៅ ចាញ់។
យ៉ាងណាក៏ដោយ នៅឆ្នាំ ២០១៧ ឯម ខ្លឹមខ្មៅ បានឈ្នះខ្សែក្រវាត់មួយទៀត ក្នុងទម្ងន់ ៦៧ គីឡូក្រាម គឺខ្សែក្រវាត់ស្រាបៀរលីអូ ហើយក្រោយមករូបគេ បានផ្លាស់មកក្លិបមកុដរាជសីហ៍ រហូតដល់បច្ចុប្បន្ន។ នៅខែធ្នូ ឆ្នាំ ២០១៩ ខ្លឹមខ្មៅ ឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ ពីកីឡាករសញ្ជាតិបារាំង ក្នុងការប្រកួត ដែលធ្វើឡើងនៅខេត្តកំពតក្នុងទម្ងន់ ៦៧ គីឡូក្រាម។
ខ្លឹមខ្មៅ បាននិយាយបន្ថែមទៀតថា៖ «ខ្ញុំបានមករួមរស់ជាមួយក្លិបមកុដរាជសីហ៍នៃសមាគមប្រដាល់ក្រសួងមហាផ្ទៃ ហើយខ្ញុំទទួលបានក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិ ដោយបច្ចុប្បន្ននេះ បានឆ្លងផុតពីភាពក្រីក្រលំបាកតោកយ៉ាក ដែលខ្ញុំធ្លាប់ជួប ដូចកាលពីមុនទៀតហើយ»។
«គិតជាមធ្យម ក្នុង ១ ខែ ខ្ញុំអាចប្រកួតពី ២ ទៅ ៣ លើក ហើយក្នុង ១ លើក បានតម្លៃខ្លួនចាប់ពី ២៥០ ដុល្លារឡើងទៅ។ ខ្ញុំមានកូន ២ នាក់ ហើយក្រៅពីអាជីពប្រដាល់ ខ្ញុំធ្វើកម្មករសំណង់ រកត្រី បេះបន្លែខ្លះដែរ ដើម្បីបង្គ្រប់ជីវភាព។ ខ្ញុំមានប្អូនប្រុសម្នាក់ទៀតធ្វើកម្មករនៅប្រទេសថៃ និងហាត់ឡើងប្រកួតនៅស្រុកថៃ គឺ ឯម ខ្លឹមស ប៉ុន្តែដោយបញ្ហាកូវីដ ១៩ មានការលំបាកដូចគ្នា»។ នេះជាសម្ដីរបស់ ខ្លឹមខ្មៅ ដែលនិយាយបន្តពីជីវភាពរបស់ខ្លួន និងប្អូនប្រុស។
គិតមកដល់បច្ចុប្បន្ន មុត ខ្លឹមខ្មៅ មានអាយុ ២៨ ឆ្នាំ ធ្លាប់ឆ្លងកាត់ការប្រកួតសរុបជាង ៣០០ ដង ហើយស្នាដៃរបស់ខ្លឹមខ្មៅ នៅសល់ខ្សែក្រវាត់ចំនួន ២ ស្ថាប័ន ក្នុងដៃ គឺស្រាបៀរលីអូ និងគុនខ្មែរអន្តរជាតិ។
ពាក់ព័ន្ធនឹងផ្ទះថ្មីរបស់ខ្លួន ខ្លឹមខ្មៅ បញ្ជាក់ថា៖ «ការមានផ្ទះខ្លួនឯង វាកក់ក្តៅ ហើយរឿងមាន ឬក្រ ឱ្យទៅតាមយថាកម្មចុះ តែខ្ញុំនៅតែរកប្រាក់បាន តាមរយៈប្រកួតដដែល។ ថ្ងៃអនាគត ពេលដែលខ្ញុំប្រកួតលែងកើត ខ្ញុំនឹងធ្វើគ្រូបង្វឹកជំនួយវិញម្តង ជាមួយលោកគ្រូ គង់ ចាន់ធីណា ជាប្រធានក្លិបមកុដរាជសីហ៍»៕