The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ខ្សែ​ក្រវាត់​ខារ៉ាបាវ​ រដូវកាល​ទី ១០ ​ប្តូរ​រូបមន្ត​ ប៉ុន្តែ​​​ប្រាក់​រង្វាន់​នៅ​ដដែល

ខ្សែ​ក្រវាត់​ខារ៉ាបាវ​ រដូវកាល​ទី ១០ ​ប្តូរ​រូបមន្ត​ ប៉ុន្តែ​​​ប្រាក់​រង្វាន់​នៅ​ដដែល

Content image - Phnom Penh Post
កីឡាករ​កម្ពុជា​ទាំង ​៤ ​នាក់ (ដោះអាវ) ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់ជាមួយ​ថៃ។ រូបថត យឺន ពន្លក

ខ្សែ​ក្រវាត់​ខារ៉ាបាវ​ រដូវកាល​ទី ១០ ​ប្តូរ​រូបមន្ត​ ប៉ុន្តែ​​​ប្រាក់​រង្វាន់​នៅ​ដដែល

ភ្នំពេញ៖ ​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ ដណ្តើម​​ខ្សែ​ក្រវាត់​ខារ៉ាបាវ​ រដូវកាល​ទី ១០ ទម្ងន់ ​៦៣,៥ ​គីឡូក្រាម នៃ​សង្វៀន​អាស៊ីអាគ្នេយ៍​ បាន​សម្រេច​ជ្រើសរើស​​កីឡាករ​កម្ពុជា​ចំនួន ​៤ នាក់ ​និង​ថៃ​​ចំនួន​ ៤ ​នាក់​ដាក់​ឲ្យ​​ពួក​គេ​​ត្រូវ​ប្រកួត​ប្រជែង​​គ្នា ​ជាមួយ​រូបមន្ត​ប្រកួត​ថ្មី ​ដោយ​គ្រោង​ចំណាយ​ពេល ​១៥ សប្តាហ៍ ហើយ​ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី ​២១ ខែ កញ្ញា ខាង​មុខ​នេះ។​

លោក ​រាជ ​សុផែន ​ស្នងការ​ប្រកួត ​បាន​ប្រាប់​ពី​រូបមន្ត​ប្រកួត​ថ្មី​ថា​ កីឡាករ​ខ្មែរ​ចំនួន ​៤ នាក់​ និង​ថៃ ​៤ នាក់​ ដែល​ចែក​ជា ២ ពូល​ដាច់​ពី​គ្នា​នោះ គឺ​ក្នុង​វគ្គ​ទី ​១​ កីឡាករ​កម្ពុជា​ទាំង ៤ ​នាក់​ ត្រូវ​ប្រកួត​ជាមួយ​ថៃ​គ្រប់​​ទាំង​ ​៤ ​នាក់​ដូច​គ្នា​ ដើម្បី​យក​អ្នក​បាន​លេខ ​១ និង​លេខ ​២ នៃ​ពូល​ទាំង ​២ ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។

ទោះបី​ជា​យ៉ាង​ណា លោក​​បន្ត​ថា៖ ​«នៅ​​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នេះ​ចម្លែក​បន្តិច ​គឺ​​យើង​តម្រូវ​ឲ្យ​អ្នក​ឈ្នះ​​បាន​លេខ ១​ និង​លេខ ២ ក្នុង​ពូល នីមួយៗ ធ្វើ​ការ​ប្រកួត​គ្នា​ក្នុង​ពូល ហើយ​យក​អ្នក​ឈ្នះ​បាន លេខ ​១ ពូល​កម្ពុជា និង​លេខ ​១ ពូល​ថៃ ឡើង​ទៅ​ប្រកួត​គ្នា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ឯ​អ្នក​ចាញ់ ឬ​បាន​លេខ ​២ ក្នុង​ពូល​ទាំង ​២ ត្រូវ​ប្រកួត​គ្នា​ដណ្តើម​យក​លេខ ​៣ និង​លេខ ​៤»។

តាម​ការ​ប្រកាស​ក្នុង​សន្និសីទ កាល​ពី​ចុង​សប្តាហ៍​មុន​នេះ ​បាន​បង្ហាញ​សមាសប​ភាព​អ្នក​ប្រដាល់​ខាង​ពូល​កម្ពុជា រួម​មាន ​កីឡាករ ​រិន ​សារ័ត្ន​ ​របស់​ក្លិប​កងទ័ព​ជើង​ទឹក ,​កីឡាករ ​យ៉េន​ឌីណា​ របស់​​សមាគម​កីឡា​ប្រដាល់​ក្រសួងកសិកម្ម ​ពុយ ​វណ្ណៈ មក​ពី​មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ និង ​សេង ស្រឿន មក​ពី​​ក្លិប​មហិទិ្ធឫទ្ធិ​​មេសថ្ងក​ខេត្ត​ស្វាយរៀង​។​ ចំណែក​ឯ​អ្នក​ប្រដាល់​ថៃ​ទាំង ​៤ ​នាក់​វិញ ​មាន​កីឡាករ ​Chhang Soek ​កីឡាករ​ Loom Leng ​កីឡាករ ​Kolap Dam ​និង​កីឡាករ ​Far Nemith​។

លោក ​ញាន ​សុធី ​នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​អាស៊ីអាគ្នេយ៍​ បាន​ឲ្យ​ដឹង​ថា​៖ «​ចំពោះ​អ្នក​ឈ្នះ​បាន​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​នេះ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​​ចំនួន ​៤ ០០០ ដុល្លារ​ អ្នក​​លេខ ​២ ​​បាន​ ​២ ៥០០ ដុល្លារ​ អ្នក​​លេខ ៣ បាន​ប្រាក់​ ១ ៥០០ ដុល្លារ​ និង​អ្នក​លេខ ៤​ បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត ​១ ០០០ ដុល្លារ ​ខណៈ​ដែល​ក្នុង​វគ្គ​ជម្រុះ​កីឡាករ​កម្ពុជា​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ចំនួន ​៤០០ ​ដុល្លារ​ ក្នុង​ការ​​ប្រកួត​មួយ​លើក​​»។

ចំណែក​លោក​ឧត្តមសេនីយ៍​ឯក តែម ម៉ឺន ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​និយាយ​ព្រមាន​​ទៅ​កាន់​​​អ្នក​ប្រដាល់​កម្ពុជា​​ឲ្យ​ទទួល​​ស្គាល់​ពី​លទ្ធផល​នៃ​ការ​ប្រកួត ​គឺ​មិន​ត្រូវ​មាន​កាយ​វិការ​ខុស​ឆ្គង​នោះ​ឡើយ ​ហើយ​ត្រូវ​ជម្រុះ​ចោល​ជា​ដាច់​ខាត ​នូវ​ចរិត​ឡាំប៉ា​ មិន​ចុះចេញ​ពី​សង្វៀន​នៅ​ពេល​ដែល​លទ្ធផល​ខ្លួន​ចាញ់​នោះ​។

លោក​បន្ថែម​ថា​៖ «​ចំពោះ​ចៅក្រម​អាជ្ញា​កណ្តាល​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ ​តាម​ភារកិច្ច​​មិន​អាច​លម្អៀង​ ឬ​ធ្វើ​អ្វី​ផ្លេសផ្តាស​បាន​នោះ​ទេ​ ព្រោះ​បើ​ចាប់​បាន​កំហុស​ គឺ​បណ្តេញ​ចោល​តែ​ម្តង ​ដោយ​គ្មាន​ការ​​យោគយល់​នោះ​ឡើយ»​។​

គួរ​រំឭក​ថា ​​តាម​សមាសភាព​អ្នក​ប្រដាល់​ថៃ​ទាំង ​៤ ​រូប ​ក្នុង​​ខ្សែ​ក្រវាត់​ខារ៉ាបាវ​ រដូវកាល​ទី ១០ ​នេះ ​ធ្លាប់​មក​ប្រកួត​នៅ​ខ្មែរ​ញឹកញាប់​ ហើយ​​មាន​សមត្ថភាព​ល្អ​ទៀត​ និង​មាន​ប្រៀប​ជាង​កីឡាករ​ខ្មែរ​មួយ​ចំនួន ​ព្រោះ​ក្នុង​ពូល​កម្ពុជា​ឃើញ​មាន​តែ ​យ៉េន ​ឌីណា​ ដែល​មាន​កម្រិត​ល្អ ​ក្រៅ​ពី​នេះ​មាន​ សេង ​ស្រឿន, ​ពុយ ​វណ្ណៈ ​និង ​រិន ​សារ័ត្ន ​នៅ​ខ្ចី​វស្សា​ជាង​៕

អត្ថបទគួរចាប់អារម្មណ៍