ភ្នំពេញៈ ភាពយន្ដ​កីឡា​ចំបាប់ ដែល​បាន​រៀបរាប់​ពី​ជីវិត​ពិត និង​ការតស៊ូ​របស់​អត្តពលិក​ចំបាប់​ជម្រើស​ជាតិ​កម្ពុជា និ សំណាង មាន​ចំណង​ជើង​ថា «បោក​ចំបាប់​ក្តី​សង្ឃឹម​ចុង​ក្រោយ» ហើយ​ថត​ដោយ ផលិតករ​ជន​ជាតិ​ឥណ្ឌា លោក Manish Sharma បាន​ឈ្នះ​ពាន​រង្វាន់​ពិសេស​ជាង​គេ ក្នុង​កម្មវិធី​មហោ​ស្រព​ភាពយន្ត​អន្តរជាតិ នៅ​ប្រទេស​កេនយ៉ា (Kenya International Sports Film Festival 2018) កាល​ពី​ចុង​សប្តាហ៍​មុន។

ការ​ឈ្នះ​ពានរង្វាន់​ពិសេស​របស់​ខ្សែ​ភាពយន្ត​ចំបាប់​នេះ បាន​ក្លាយជា​កំណត់ត្រា​ថ្មី​មួយ ហើយ​វា​ក៏​ជា​លើក​ដំបូង​ផង​ដែរ ដែល​ភាពយន្ត​និយាយ​ពី​ខ្សែ​ជីវិត​របស់​ក្រុម​អត្តពលិក​កម្ពុជា ត្រូវ​បាន​យក​ទៅ​ប្រកួត​ប្រជែង នៅ​លើ​ឆាក​អន្តរជាតិ​ជាមួយ​ខ្សែ​ភាពយន្ត​ឯកសារ​កីឡា​របស់​ប្រទេស​ជាច្រើន​ទៀត នៅ​លើ​ពិភពលោក។ លទ្ធផល​ដ៏​ល្អ​នេះ​ត្រូវបាន​មន្ត្រី​ជំនាញ​ផ្នែក​កីឡា​របស់​កម្ពុជា ចាត់​ទុក​ថា ជា​មោទនភាព​សម្រាប់​ជាតិ និង​ក្រុម​ចំបាប់​កម្ពុជា។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ថ្លែង​ប្រាប់​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «ថ្មីៗ​នេះ​ភាពយន្ត​មួយ​របស់​កម្ពុជា និយាយ​ពី​វិរ​ភាព​របស់​កីឡា​ចំបាប់ គឺ​ការ​តស៊ូ ក្នុង​ឆាក​ជីវិត ទាំង​ក្នុង​ជីវភាព​ធម្មតា និង​ជីវ​ភាព​ជា​អ្នក​កីឡា របស់​អត្តពលិក​ចំបាប់​កម្ពុជា ត្រូវ​បាន​ផលិតករ​ឥណ្ឌា យក​ទៅ​ប្រកួត​ប្រជែង​នៅ​កេនយ៉ា។ ជា​លទ្ធផល យើង​បាន​ឈ្នះ​ពាន​មួយ គឺ​ពាន​រង្វាន់​ក្នុង​កម្រិត​ជា​ភាពយន្ត ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​គេ ហើយ​នេះ​ជា​មោទនភាព​ដែរ សម្រាប់​កីឡា​ចំបាប់ ក៏​ដូចជា​ប្រទេស​ជាតិ​យើង ដែល​ភាពយន្ត​ផ្នែក​កីឡា​ទី ១ របស់​យើង ទទួល​បាន​ជយ​លាភី»។

តាមរយៈ​ការ​ឈ្នះ​ពាន​នេះ បានធ្វើ​ឲ្យ NOCC កាន់​តែមាន សុទិដ្ឋិនិយម​ខ្ពស់ ក្នុង​ការបន្ដ​សហការ​ជាមួយ​ផលិតករ​បរទេស ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ដ​កីឡា​បន្ថែម​ទៀត។

លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖ «ឥឡូវ​នេះ​យើង​មាន​ដៃគូ​ហើយ ហើយ​គោល​បំណង​របស់​ល​ផលិតករ​ភាពយន្ត​របស់​ឥណ្ឌា​នេះ មិន​មែន​ធ្វើ​តែ​រឿង​មួយ​នេះ​ទេ គឺ​កំពុង​រៀបចំ​ធ្វើ​រឿង​ទាក់​ទង​ក្បាច់​គុន​កីឡា​ប្រពៃណី​របស់​យើង មួយ​ចំនួ​នទៀត ហើយ NOCC ក៏​នឹង​ជំរុញ​ឲ្យ​មាន​ការ​ផលិត​ខ្សែ​ភាពយន្ត​កីឡា​នៅ​កម្ពុជា ឲ្យ​បាន​កាន់​តែ​ច្រើន​ផង​ដែរ»។

គួររំឭកថា ភាពយន្ដ​រឿង «បោកចំបាប់ ក្ដីសង្ឃឹម​ចុងក្រោយ» បានចាប់ផ្ដើម​ថត កាលពី​ដើម​ឆ្នាំ ២០១៧ និង​បញ្ចប់ នៅ​ចុង ឆ្នាំ​ដដែល ក្រោម​ការ​ចុះ​អនុស្សរណៈ​យោគ យល់​គ្នា​ក្នុង​ការ​ផលិត​រវាង NOCC ជាមួយ​ក្រុមហ៊ុន​ភាពយន្ដ​ឥណ្ឌា​របស់​លោក Manish Sharma ដោយ​ចំណាយ​ថវិកា​ជាង ២៥ ម៉ឺន​ដុល្លារ ហើយ​ខ្សែ​ភាពយន្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ ដែល​ជំរុញ​ឲ្យ​ប្រទេស​មួយៗ ផលិត​ខ្សែ​ភាពយន្ត​ទាក់​ទង​នឹង​កីឡា​ឲ្យ​បាន​ច្រើន ដើម្បី​បំផុស​ចលនា​កីឡា។

ចំពោះ​សាច់រឿង​ពិត​នៃ​ខ្សែភាពយន្ដ «បោកចំបាប់​ក្ដីសង្ឃឹម​ចុងក្រោយ» គឺ និយាយ​ផ្តោត​ខ្លាំង​ទៅ​លើ​គ្រួសារ​របស់​កីឡា​ការិនី​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម និង​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​អាស៊ី​ឆ្នេរ​ខ្សាច់ និ សំណាង ដែល​បាន​តស៊ូ ជម្នះ​ឧបសគ្គ​ជាច្រើន ដើម្បី​វិវឌ្ឍ​ខ្លួន​ពី​ក្មេង​ស្រី​ធម្មតា​ម្នាក់ ទៅ​ជា​កីឡាការិនី​ចំបាប់​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​ឪពុក ដែល​លោក​ចង់​ឲ្យ​កូន​ស្រី​ខ្លួន​ម្នាក់​នេះ​បន្ដ​វេន ជា​អ្នក​លេង​ចំបាប់ បន្ទាប់​ពី​លោក៕