ភ្នំពេញៈ ខ្សែ​ភាព​ចំបាប់​កម្ពុជា​ដែល​និយាយ​ពី​ខ្សែជីវិត​របស់​ម្ចាស់​មេដាយមាស​កីឡា​ចំបាប់​អាស៊ីអាគ្នេយ៍​លើក​ទី​ ២៧ ​នៅ​មីយ៉ាន់ម៉ា ឆ្នាំ​ ២០១៣ កីឡាការិនី នី សំណាង និង​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ចំបាប់​ឆ្នេរ​ខ្សាច់​នៅ​ប្រទេស​ថៃ​នោះ​ត្រូវ​បាន​ក្រុម​ផលិតភាព​យន្ត​កីឡា​ដ៏ល្បី​របស់​ឥណ្ឌា​ដាក់​បញ្ចាំង​នៅលើ​ឆាក​អន្តរជាតិ និង​ទទួល​បាន​ពាន​ចំនួន​ ៥ ហើយ​នៅ​ពាក់កណ្ដាល​ខែ​មីនា ភាពយន្ត​ខ្នាត​វែង​មួ​នេះ​នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​តាម​រោងភាពយន្ដ​ល្បីៗ​ក្នុង​រាជធានី​ភ្នំពេញ​ផ្សារ​អ៊ីអន និង​ខេត្ត​សៀមរាប​។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​មាន​នៅ NOCC កាលពី​ម្សិលមិញ​ថា​៖ «​នេះ​ជា​ខ្សែភាពយន្ដ​ខ្នាត​វែង ដែល​មាន​គុណ​តម្លៃ​ខ្លាំង​ណាស់​ដល់​សង្គម ជាពិសេស​វិស័យ​កីឡា​នៅ​កម្ពុជា ព្រោះ​ខ្សែ​ភាពយន្ដ​នេះ​បាន​រៀបរាប់​ពី​ជីវិត​ពិត​របស់​កីឡាការិនី នី សំណាង ជា​ត្រកូល​អ្នក​កីឡា​ចំបាប់​បុរាណ​ខ្មែរ​ម្នាក់​ដែល​បាន​លះបង់ និង​តស៊ូ​រហូត​ដណ្ដើម​បាន​មេដាយមាស ស៊ីហ្គេម ឆ្នាំ​ ២០១៣»​។

លោក​បាន​បន្ថែម​ថា​ខ្សែ​ភាពយន្ដ​ចំបាប់​នេះ​បាន​កើតឡើង​ដោយ​ការសហការ​គ្នា​រវាង NOCC ជាមួយ​អ្នក​ផលិត​ភាពយន្ដ​ដ៏ល្បី​មកពី​ប្រទេស​ឥណ្ឌា​គឺ​លោក Manis Sharma ជា​នាយក​ផលិតកម្ម ហើយ​នេះ​ជា​ខ្សែ​ភាពយន្ដ​ខ្នាត​វែង ដែល​មាន​រយៈពេល​ ២ ​ម៉ោង និង​ចំណាយ​ថវិកា​ផលិត​អស់​ជាង​ ៣០ ​ម៉ឺន​ដុល្លារ​អាមេរិក​ដោយ​ភាគី​ឥណ្ឌា​ជា​អ្នក​ចំណាយ និង​មាន​ការសហការ​ពី​ក្រុមគ្រួសារ​ចំបាប់​កម្ពុជា​ថែម​ទៀត​ផង​។

លោក Manis Sharma បាន​ថ្លែង​ថា​៖ «​នៅក្នុង​ការប្រកួតប្រជែង​ភាពយន្ត​ល្បីៗ ក្នុង​ទិវា​មហោស្រព​ភាពយន្ត​អន្តរជាតិ​នៅ​ឥណ្ឌា កេនយ៉ា អាមេរិក និង​នៅ​អឺរ៉ុប គឺ​ខ្សែភាពយន្ដ​ចំបាប់​របស់​យើង​ទទួល​បាន​ពានរង្វាន់​ចំនួន​ ៥ ហើយ​ជាមួយ​លទ្ធផល​ល្អ​នេះ​យើង​មាន​គម្រោង​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះ​នៅ​កម្ពុជា ដែល​ជា​ប្រទេស​កំណើត​របស់​កីឡាការិនី នី សំណាង គឺ​នៅ​រាជធានី​ភ្នំពេញ​ផ្សារ​ទំនើប​អ៊ីអន និង​ខេត្ត​សៀមរាប និង​រោងភាពយន្ត​ឯកជន​នានា​មួយ​ចំនួន​ទៀត​»​។

តាម​ការប្រកាស​ក្នុង​សន្និសីទ​ការសែត​កាលពី​ព្រឹក​ម្សិលមិញ​នោះ​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​​ ១២ ខែ​មីនា​ខ្សែភាពយន្ត​ចំបាប់​នឹង​ដាក់​បញ្ចាំង​នៅ​រោងភាពយន្ដ​ផ្សារ​ទំនើប​អ៊ីអនម៉ល​ទី​ ១ ឲ្យ​អត្តពលិក​ព្រម​ទាំង​អ្នក​សារព័ត៌មាន និង អ្នកកីឡា​ទស្សនា​ដោយ​មិន​គិតថ្លៃ ហើយ​នៅ​ថ្ងៃទី​ ៤ ខែ​មីនា​ភាពយន្ដ​នេះ​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​រោងភាពយន្ដ​ផ្សារ​ទំនើប​អ៊ីអនម៉ល​ទី​ ១ ​ដដែល ដោយ​មាន​ការចូលរួម​ពី​លោក ថោង ខុន ប្រធាន NOCC លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​លោក​ជំទាវ​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផង​ដែរ​។

លោក Manis Sharma បាន​បន្ថែម​ថា​៖ «​តាម​កិច្ចព្រមព្រៀង​ជាមួយ NOCC យើង​នឹង​បន្ត​ទៅ​ផលិត​ភាពយន្ត​បែបនេះ​ជាមួយ​កីឡាករ កីឡាការិនី​ល្បីៗ​ជា​ម្ចាស់​មេដាយមាស​លើ​ប្រភេទ​ផ្សេងៗ​ទៀត​ដែល​ស្តីពី​ជីវិត​ពិត និង​ការតស៊ូ​មុន​នឹង​ទទួល​បាន​លទ្ធផល​ល្អ ព្រោះ​ការផលិត​ភាពយន្ដ​បែប​នេះ​ជា​ការងារ​មនុស្សធម៌​មួយ​ក្នុង​កីឡា​ដោយ​ធ្វើឲ្យ​អត្តពលិក​ឆ្នើមៗ​របស់​កម្ពុជា​និយម​ចូលចិត្ត​គាំទ្រ ហើយ​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ផង​ដែរ​»​។

លោក​បន្ត​ថា​បន្ទាប់ពី​ចំណាយពេល​បញ្ចាំង​ ២ ​ខែ​នៅ​កម្ពុជា​នោះ ភាពយន្ដ​នេះ នឹង​យក​ទៅ​បញ្ចាំង​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដូចជា​ឡាវ ថៃ ឥណ្ឌូនេស៊ី សិង្ហបុរី និង​ម៉ាឡេស៊ី បន្ទាប់មក​យក​ទៅ​បញ្ចាំង​នៅ​អាមេរិក និង​អឺរ៉ុប​ថែម​ទៀត​។ នេះ​ជា​ខ្សែភាពយន្ដ​ប្រភេទ​ 2D ហើយ​សំបុត្រ​ទស្សនា​បាន​ដាក់​លក់​តម្លៃ​ត្រឹម​ ៤ ​ដុល្លារ និង​ ២ ​ដុល្លារ​សម្រាប់​សិស្ស​និស្សិត ចំណែក​មនុស្ស​សំខាន់ (VIP) ​គឺ​តម្លៃ​ ១០ ​ដុល្លារ​។

គួររំឭកថា​កីឡាការិនី នី សំណាង បាន​ចូល​ហ្វឹកហាត់​តាំងពី​កុមារភាព និង​ជាប់​ជា​កីឡាការិនី​ចំបាប់​ជម្រើស​ជាតិ​នៅ​ឆ្នាំ​ ២០១០ ​ហើយ​នៅ​ឆ្នាំ​ ២០១៣ សំណាង បាន​ឈ្នះ​មេដាយមាស ស៊ីហ្គេម នៅ​មីយ៉ាន់ម៉ា និង​ឈ្នះ​មេដាយ​កម្រិត​អន្តរជាតិ​ជាច្រើន​ទៀត ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៧ សំណាង បាន​ឈប់​ពី​ក្រុម​ជម្រើស​ជាតិ​ចំបាប់​ដោយ​បញ្ហា​របួស​ដៃ​មិន​អាច​បន្ត​អាជីព​បាន​ហើយ​ សំណាង មាន​ស្វាមី​ជា​កីឡាករ​ជម្រើស​ជាតិ គឺ ងួន មករា ដែល​ត្រៀម​ប្រកួត​ស៊ីហ្គេម​ក្នុង​ទម្ងន់​ ៧៤ ​គីឡូក្រាម​នៅ​ឆ្នាំ​ ២០១៩ នេះ​ផង​ដែរ​៕