
គង់ សំបូរ និងត្រូវប្រកួតជម្រុះតាមរូបមន្តចាញ់ធ្លាក់ៗជាមួយ សេក គឹមរួន នៅសង្វៀនប៉ុស្តិ៍លេខ ៥។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញ៖ កីឡាករ គង់ សំបូរ ដែលទទួលបានឱកាសច្រើនបំផុតក្នុងការចេញប្រកួតនៅក្រៅប្រទេស ប៉ុន្តែមិនសូវទទួលបានលទ្ធផលល្អនោះ គឺបានងាកមករកការប្រកួតក្នុងស្រុក ដោយចាប់អារម្មណ៍ទៅស្វែងរកពានក្នុងព្រឹត្តិការណ៍ TV5 Boxing Knock Out Serie ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម ដែលចូលដល់វគ្គផ្តាច់ព្រ័ត្រ មានប្រាក់រង្វាន់ ៤ ០០០ ដុល្លារ ខណៈអ្នកប្រជែង ជាកីឡាករខ្មែរគ្នាឯង មានជើងចាស់ ជើងថ្មី និងខ្លាំង ឬខ្សោយ មិនសំខាន់ ឲ្យតែមានទម្ងន់ស្មើគ្នា។
ការហក់ចូលមករបស់ គង់ សំបូរ នៅសប្តាហ៍នេះ ត្រូវឆ្លងកាត់ជើងខ្លាំង ១ រូប គឺ សេក គឹមរួន ដែលពួកគេត្រូវប៉ះគ្នានៅថ្ងៃសៅរ៍។ គង់ សំបូរ ដែលមានលោក ជា រិទ្ធ ជាអ្នកគ្រប់គ្រង គឺបានទៅចូលរួមប្រកួត ONE Championship និងកម្មវិធី Super Champ ប្រទេស ថៃ, សង្វៀន Thai Fight ប៉ុន្តែលទ្ធផលមិនទទួលបានល្អដូចរំពឹងនោះឡើយ ខណៈចាញ់ក្នុង Thai Fight សន្លប់ត្រឹមដើមទឹកទី ១ យ៉ាងជូរចត់។ ជាមួយនឹងឆ្នាំ ២០២០ នេះ គង់ សំបូរ សម្រេចស្វែងរកការប្រកួតក្នុងស្រុក ដើម្បីស្តារមុខមាត់ឡើងវិញ។
កីឡាករវ័យ ២៣ ឆ្នាំ គង់ សំបូរ ដែលតស៊ូក្នុងជីវភាពលំបាកពីក្មេងវ៉ៃសារ៉ាស្បែកជើង ដើម្បីក្លាយជាកីឡាករល្បីកម្រិតមធ្យមនោះ បានប្រាប់ថា៖ «២០២០ នេះ អ្វីដែលខ្ញុំចង់បានបំផុត គឺត្រូវតែដណ្ដើមយកខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម ឲ្យខាងតែបាននៅប៉ុស្តិ៍លេខ ៥ នេះ ដើម្បីស្តារមុខមាត់ឡើងវិញ»។
ប៉ុន្តែអ្វីៗហាក់ដូចមិនអាចរលូនដូចការព្រៀងទុកនោះឡើយ ព្រោះទោះបីជា គង់ សំបូរ មានមហិច្ឆតាធំចង់ឈ្នះពាន ក៏ត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនដោយលើកដំបូងត្រូវប៉ះជើងចាស់ សេក គឹមរួន ដែលប្រកួតចំនួនតែ ៣ ទឹក។ បើនិយាយពីកម្រិតបច្ចេកទេស និងបទពិសោធវិញ គឺអ្នកប្រដាល់ទាំង ២ នេះ មានក្បាច់ និងយុទ្ធសាស្ត្រប្រហាក់ប្រហែលគ្នា។
ប៉ុន្តែ គង់ សំបូរ ធ្លាប់ឈ្នះខ្សែក្រវាត់ និងមានស្នៀតល្អទាត់ឆ្ងាយជាង ខណៈ សេក គឹមរួន ដែលល្អកណ្តាប់ដៃធ្លាប់បានត្រឹមចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដោយចាញ់ សុខ សុវណ្ណ។ គង់ សំបូរ បាននិយាយថា៖ «ខ្ញុំមានទំនុកចិត្តឈ្នះ ៨០ ភាគរយ ហើយការឆ្លងវគ្គនេះជាមួយ សេក គឹមរួន មិនមែនជាឧបសគ្គធំឡើយ គឺខ្ញុំមានសង្ឃឹមឈ្នះតែម្តង»។
ចំណែក សេក គឹមរួន និយាយថា៖ «គង់ សំបូរ ពិតជាលំបាកឈ្នះខ្ញុំណាស់ ព្រោះខ្ញុំបានពិនិត្យមើលវីដេអូគាត់ប្រកួត វ៉ៃរត់ និងទាត់ឆ្ងាយ ក្រៅពីនេះបើសម្រុកដូចគ្នា មិនទាន់ដឹងថា យ៉ាងណានោះឡើយ។ បើសិន គង់ សំបូរ ហ៊ានប្តូរកណ្តាប់ដៃជាមួយខ្ញុំ គឺអាចនឹងសន្លប់ អ្នកណាមួយក៏ថាបានដែរ ព្រោះត្រូវតែវាយប្តូរដណ្តើមយកកៅអី ទៅវគ្គ ២ ដូចគ្នា ដោយមិនអាចបន្ធូរដៃបានឡើយ ព្រោះចាញ់ធ្លាក់»។
ជាមួយគ្នានេះ កីឡាករ ផាន រះ ក៏ត្រូវប្រកួតជម្រុះពាននេះ ជាមួយកំពូលស្នៀតទាត់ សោម វិឆ័យ ផងដែរ។ បន្ថែមលើនេះជើងខ្លាំងទម្ងន់ស្រាល ហ៊ឹម គឹមរៀង ត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយថៃចំណូលថ្មី Chhou Phich ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម៕