ភ្នំពេញ៖ អ្នក​ប្រដាល់ ​គង់ ​សំបូរ ​ដែល​ត្រៀម​ខ្លួន​បាន​ល្អ ហើយ​​គ្រោង​ដណ្តើម​ឲ្យ​បាន​​ពាន​ TV5 ​Boxing Knock Out Serie នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ៥ នោះ ​គឺ​បាន​បរាជ័យ​ទាំង​ស្រុង​ក្នុង​ការ​បំពេញ​នូវ​មហិច្ឆតា​មួយ​នេះ ខណៈ​រូប​គេ​បាន​​ធ្លាក់​ចេញ​​ពី​ការ​ប្រកួត​​ក្រោម​ស្នៀត​ជង្គង់​របស់​​សោម​ វិឆ័យ កាល​ពី​ថ្ងៃ​សៅរ៍​នោះ។

ការ​បរាជ័យ​ក្នុង​ការ​​ប្រកួត​ចំនួន ​៣ ​ទឹក​យ៉ាង​ស្វិតស្វាញ​នោះ បាន​ធ្វើ​ឲ្យ គង់ សំបូរ​ ​ខក​ចិត្ត​ខ្លាំង​ណាស់ ហើយ​​បាន​​អះអាង​ថា ​ចៅក្រម​ផ្តល់​ពិន្ទុ​មិន​សុក្រឹត ​ប៉ុន្តែ​មិន​ប្តឹង​តវ៉ា​ទេ​ ​ព្រោះ​លទ្ធផល​សម្រេច​រួច​ហើយ​មិន​អាច​កែប្រែ​បាន​ឡើយ​។​ បន្ថែម​ពី​លើ​នេះ​ គង់​ សំបូរ​ ត្រូវ​បាន​ផ្ទេរ​ទៅ​ក្លិប​មួយ​ទៀត​ឈ្មោះ​គោ​ព្រៃ​ផង​ដែរ ​ដើម្បី​ស្វែងរក​ទីផ្សារ​ប្រកួត​។

គង់ ​សំបូរ ​និយាយ​ក្រោយ​ការ​ប្រកួត​ចប់​​ថា​៖ «​ខ្ញុំ​វ៉ៃ​បាន​ល្អ​ប៉ុណ្ណឹង​ហើយ តែ​មិន​ដឹង​ថា ​ហេតុ​អ្វី​ចៅ​ក្រម​ឲ្យ​ខ្ញុំ​ចាញ់?​ ខ្ញុំ​មិន​តវ៉ា​ផ្លូវ​ការ​អី​ទេ​ ​ព្រោះ​បើ​តវ៉ា​ក៏​អត់​បាន​ឈ្នះ​មក​វិញ​ដែរ ​ប៉ុន្តែ​គេ​ធ្វើ​បាប​ខ្ញុំ។ ​កម្លាំង​ខ្ញុំ​នៅ​ល្អ ​សោម ​វិឆ័យ ​វ៉ៃ​ខ្ញុំ​មិន​ឈឺ​ផង​ ហេតុអី​បាន​ឈ្នះ​! និយាយ​ទៅ​ខ្ញុំ​ទាត់​វា​ឡើង​គាំង​ម្តងៗ​»​។​

តាមរយៈ​ការ​ប្រកួត​យ៉ាង​ជក់​ចិត្ត​រវាង​អ្នក​ប្រដាល់​ជើង​ចាស់​ទាំង ​២ នាក់​នេះ គឺ​​ការ​ប្រកួត​នៅ​ទឹក​ទី ​១ ​គង់ ​សំបូរ​ មាន​ប្រៀប​បន្តិចបន្តូច​ដោយ​ស្នៀត​ទាត់​ចូល​ធ្ងន់ៗ​ ប៉ុន្តែ​ទឹក​ទី ​២ ​សោម​វិឆ័យ ​មាន​ប្រៀប​វិញ​ម្តង ​ដោយ​ឱប​តោង​ឡើង​ជង្គង់​បាន​ល្អ​ ចូល​គោលដៅ​ប្រហែល ​៧ ​ជង្គង់​ ហើយ​នៅ​​​ទឹក​ទី ​៣​ ​ផ្តាច់​ព្រ័ត្រ​ កណ្តាប់​ដៃ​របស់ ​សោម​ វិឆ័យ ​ចេញ​ផ្ទួនៗ​ចូល​គោលដៅ​ល្អ​នាំ​ឲ្យ​សោម​ វិឆ័យ​ មាន​ឱកាស​បាន​ពិន្ទុ​នាំ​មុខ​។

ទោះបី​ជា​យ៉ាង​ណា​ សម្រាប់​គូ​ប្រដាល់​មួយ​គូ​នេះ ​មាន​លក្ខណៈ​​ឈ្នះ​មិន​ដាច់ ​ខណៈ​ដែល​មន្ត្រី​បច្ចេកទេស​ទម្លាយ​ប្រាប់​ថា​ ប្រសិន​បើ​គូ​ប្រកួត​មិត្តភាព​វិញ ​គឺ​ស្មើ​គ្នា​ស័ក្តិសម​ជាង​ ដើម្បី​កាត់​បន្ថយ​ការ​អាក់អន់​ចិត្ត​របស់​ភាគី​ចាញ់​។​

ជាមួយ​​ជ័យជម្នះ​នេះ សោម ​វិឆ័យ បាន​​និយាយ​ថា​៖ «​ខ្ញុំ​បាន​មើល​វីដេអូ​ប្រកួត​កន្លង​មក​ពី​​ការ​ប្រកួត​របស់ ​គង់ ​សំបូរ ​គឺ​គាត់​ល្អ​តែ​ទាត់​ផ្នែក​លើ​ប៉ុណ្ណោះ​។​ ខ្ញុំ​បាន​កំណត់​ថា ​យុទ្ធសាស្ត្រ​សម្រាប់​ប្រកួត​ គឺ​ដឹង​តែ​ឈ្នះ​ ដោយ​បច្ចេកទេស​តាមរយៈ​ការ​ចូល​កៀក​ វ៉ៃ​ឱប​ឡើង​ជង្គង់​​ និង​វ៉ៃ​ឆ្ងាយ​ផ្នែក​កណ្តាប់​ដៃ​ ព្រម​ទាំង​គេច​ចេញ​ពី​ការ​ទាត់»​។​

សោម ​វិឆ័យ បាន​​បន្ត​ថា៖ ​«ខ្ញុំ​បិទ​ស្នៀត​ទាត់​គាត់​បាន​ និង​ព្យាយាម​ឱប​ឡើង​ជង្គង់​បាន​សម្រេច ​នៅ​ក្នុង​ទឹក​ទី ​២ ​រហូត​ដល់​អាជ្ញា​កណ្តាល​បំបែក​ គឺ​ខ្ញុំ​មាន​ប្រៀប។ ​លុះ​ចូល​ទឹក​ទី ​៣ ​ខ្ញុំ​សម្រុក​តែ​កណ្តាប់​ដៃ​ គឺ​ខ្ញុំ​មាន​ប្រៀប​ដឹង​ថា ​ខ្ញុំ​ឈ្នះ​តាំង​ពី​ទឹក​ទី ​២​មក​ម្ល៉េះ​»។​

ជាមួយ​គ្នា​នោះ ​រឿង ​វណ្ណៈ​ ដែល​បាន​ឡើង​ជា​ស្វ័យ​ប្រវត្តិ ហើយ​ត្រូវ​ដាក់​ឲ្យ​ប្រកួត​កម្ដៅ​សាច់​ដុំ​ជាមួយ ​ថៃ ​រ៉េត នោះ គឺ​​ត្រូវ​បាន​ជំនួស​ដាក់​ឲ្យ​ជួប​​មិត្ត​រួម​ក្លិប​ឆត្រ​យោង ​៩១១ របស់ ថៃ រ៉េត វិញ ​គឺ​កីឡាករ ​សំ ​អាន ហើយ​តាមរយៈ​ការ​ប្រកួត​នោះ សំ អាន ​បាន​ធ្វើ​ឲ្យ​ រឿម ​វណ្ណៈ ​ឈឺ​សាច់​មិន​តិច​នោះ​ឡើយ​ មុន​នឹង​គណៈកម្មការ​​ប្រកាស​ឲ្យ​ឈ្នះ​ពិន្ទុ​ទាំង​លំបាក​ភ្នែក​។​ យោង​តាម​លទ្ធផល​នេះ សោម វិឆ័យ ត្រូវ​ឡើង​ទៅ​ជួប រឿម វណ្ណៈ នៅ​វគ្គ ៣។

ដោយ​ឡែក​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​អ្នក​លេង​ជង្គង់ ឡុង​ សុភី​ និង​កីឡាករ​ថៃ​ Ka ​Khunsoek​គឺ​អ្នក​ទាំង ​២ បាន​ត្រឹម​ស្មើ​គ្នា ​បន្ទាប់​ពី​ប្រកួត​គ្នា​ពេញ ​៥ ​ទឹក ​ប៉ុន្តែ​ហាក់​មិន​សូវ​ជក់​ចិត្ត​ពី​មហាជន ​ខណៈ​ដែល​ការ​ប្រកួត​ឃើញ​ច្បាស់​ទំនង​មិន​សម្រុក​ខ្លាំង​នាំ​ឲ្យ​ជក់​ចិត្ត​នោះ​ឡើយ​៕​​