ភ្នំពេញ៖ ​អ្នក​ប្រដាល់​ គង់​ សំបូរ​ ដែល​បាន​ផ្លាស់ប្តូរ​ក្លិប​ច្រើន​ ហើយ​​បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​នៅ​ក្លិប​គោព្រៃ​នោះ ត្រៀម​ខ្លួន​រួចរាល់​ហើយ ​សម្រាប់​ការ​ប្រកួត​ម៉ារ៉ាតុង ​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម ជាមួយ​បេក្ខភាព ​៣ ​នាក់​ទៀត ​មាន ​ចាន់ ​ប៊ុនហឿន​, សោម​ វិឆ័យ ​និង ​អេលីត​ ភក្ដិ នៅ​​សង្វៀន​​ថោន ​នា​ថ្ងៃ​អាទិត្យ​នេះ។​

តាម​ប្រវត្តិ​ប្រកួត​កន្លង​មក ​គង់ សំបូរ ​ធ្លាប់​ប្រកួត​ឈ្នះ​ អេលីត ​ភក្ដិ ចំនួន ​២ ​លើក​ ឈ្នះ​ សោម​ វិឆ័យ ​១ ​លើក​ ​តែ​​មិន​ធ្លាប់​ប្រកួត​ជាមួយ​ ចាន់ ​ប៊ុនហឿន ​នៅ​ឡើយ​ទេ​។​ ទោះ​ជា​យ៉ាង​ណា ​គង់​ សំបូរ​ ដែល​បាន​ហ្វឹកហាត់​នៅ​ក្លិប​ថ្មី​ទំនើប​ទទួល​បាន​ការ​អប់រំ ​និង​បង្វឹក​ពិសេស​នោះ​ បាន​ប្រាប់​ថា​ មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈ្នះ​ប្រាក់​រង្វាន់ ៣,៤ ​លាន​រៀល ​ប៉ុន្តែ​ឧបសគ្គ​ធំ​ជាមួយ ​ចាន់ ​ប៊ុនហឿន​ ដោយ​​រំពឹង​​ត្រឹម​ឈ្នះ ​៦០ ​ភាគរយ​ប៉ុណ្ណោះ​។​

លោក​ ផាត​ សូដា​ គ្រូ​បង្វឹក​កីឡាករ ​គង់ ​សំបូរ ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា​៖ «​គង់​ សំបូរ​ កំពុង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​រូប​គេ ​បាន​​ផ្លាស់​មក​នៅ​ក្លិប​គោព្រៃ​យើង​នេះ ​ពិសេស​ក្នុង ​២ ​ប្រកួត​ចុង​ក្រោយ​នេះ ​ឈ្នះ​ជាប់ៗ​គ្នា​ ក្នុង​នោះ​ផ្តួល​ជើង​ខ្លាំង ​រិន ​សារ័ត្ន ​សន្លប់​ក្នុង​ទឹក​ទី​២ ​និង​ឈ្នះ​ជើង​ខ្លាំង ​ឈាន ​ហុង ​ដោយ​ពិន្ទុ​ផង​ដែរ»​។

លោក​បាន​បន្ថែម​ថា៖ ​«យ៉ាង​ណា​ក៏​ដោយ​ សម្រាប់​ការ​ប្រកួត​នេះ ​ក្នុង​ចំណោម​កីឡាករ​ទាំង ​៣ នាក់​ ដែល​ត្រូវ​ចាប់​ឆ្នោត​មុន​ការ​ប្រកួត​នោះ មាន​តែ​កីឡាករ​ ចាន់​ ប៊ុនហឿន​ ម្នាក់​ទេ ដែល​មិន​ធ្លាប់​ប្រកួត​គ្នា​ គឺ​អាច​ចាត់​ទុក​ថា ​ជា​ឧបសគ្គ​ធំ ​ក្នុង​ការ​យក​ឈ្នះ​ ​ព្រោះ​ជើង​ចាស់​ផង និង​មាន​​ជំនាញ​ប្រើ​ក្បាច់​ជង្គង់​បាន​ល្អ​ផង​។​ ​ចំណែក​ សោម​ វិឆ័យ​ និង ​អេលីត ​ភក្តី ​មិន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​នោះ​ទេ​ គឺ​រំពឹង​ឈ្នះ ​៨០ ​ភាគរយ»​។

ទាក់ទង​នឹង​ការ​ប្រកួត​នេះ គង់ ​សំបូរ បាន​​និយាយ​ថា​៖ «​ខ្ញុំ​ហាត់​បាន​គ្រប់គ្រាន់ ​ធានា​ប្រកួត​អស់​ពី​សមត្ថភាព​ ហើយ​សង្ឃឹម​ឈ្នះ​ទឹក​ប្រាក់​ប្រចាំ​សប្តាហ៍​ ពី​សង្វៀន​ថោន​ ដ៏ច្រើន​នេះ»​។ ចំណែក​លោក​ ឡុង ​វិបុល ​គ្រូ​បង្វឹក ​សោម​ វិឆ័យ ក៏​​រំពឹង​​ឈ្នះ​ខ្ពស់​​ដែរ​។

លោក​ ឡុង ​វិបុល ​បាន​និយាយ​ថា​៖ «​សោម ​វិឆ័យ​ ហាត់​ត្រៀម​បាន​ល្អ​ សង្ឃឹម​ឈ្នះ​ ដោយ​មាន​ទំនុក​ចិត្ត​ខ្ពស់ ទោះបី​ធ្លាប់​ចាញ់​ គង់​ សំបូរ​ ក៏​ដោយ​ តែ​​បើ​ចាប់​ឆ្នោត​ប៉ះ​ ​ចាន់ ប៊ុនហឿន​ គឺ​ពិត​ជា​លំបាក​ឈ្នះ​ដូច​គ្នា​។ ​យ៉ាង​ណា​ក៏​ដោយ ទោះ​ជា​ការ​ប្រកួត​ប៉ះ​​អ្នក​ប្រដាល់​ជើង​ខ្លាំង​ មាន​ភាព​​តឹងតែង​មែន ​ប៉ុន្តែ​ឆន្ទៈ​ប្រកួត​ធានា​ថា​ វ៉ៃ​អស់​ពី​សមត្ថភាព​មិន​ឲ្យ​អ្នក​ទស្សនា​ខក​ចិត្ត​ឡើយ​ ដោយ​​ខ្ញុំ​មាន​​សង្ឃឹម​ឈ្នះ ​៨០ ​ភាគរយ​ដែរ​»​។​

ចំណែក ​លោក ​ស៊ន ​អេលីត​ គ្រូ​បង្វឹក​​របស់ ​អេលីត​ ភក្តី​ បាន​និយាយ​ថា​៖ ​«​ភក្តី ​ចិត្ត​ធំ ​វាយ​សម្រុក​មិន​ញញើត​ ប៉ុន្តែ​ខ្ញុំ​មិន​រំពឹង​​ឈ្នះ​ច្រើន​ទេ​ ​ព្រោះ ​៣ ​នាក់​ ដែល​គ្រោង​ចាប់​គូ​ប៉ះ​គ្នា​នោះ​ ជា​កីឡាករ​​ជើង​ចាស់​ជាង ​ហើយ​ អេលីត ​ភក្តី​ ហ្វឹកហាត់​ត្រៀម​មិន​សូវ​បាន​ល្អ​ផង​ដែរ ​គឺ​ឡើង​ជំនួស​គេ​តែ​ប៉ុណ្ណោះ​»។​

ចំពោះ ចាន់​ ប៊ុនហឿន ​ដែល​មាន​សមត្ថភាព​ល្អ​នោះ​ មិន​អាច​ទាក់ទង​សម្ភាស​បាន​ឡើយ​។​ យ៉ាង​ណា​ក៏​ដោយ តាម​ការ​ស្រង់​ប្រវត្តិ​ស្ថិតិ​ប្រកួត​ពី​លោក​ ជួប​ វុត្ថា​ អ្នក​គ្រប់គ្រង​កីឡាករ​ប្រចាំ​សង្វៀន​ថោន​បាន​ដឹង​ថា​ ចាន់​ ប៊ុនហៀន​ ប្រកួត​បាន​ច្រើន​ជាង​គេ​ គឺ​ ​៩៦ ​ដង ​ឈ្នះ ​៦៧ ​ចាញ់ ​២៣​ ​ស្មើ ​៦ ដង ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន ​៣០ ​លើក​។

ចំណែក គង់​ សំបូរ​ ប្រកួត​បាន​ ​៨២ ​ដង ​ឈ្នះ ​៧២​ ចាញ់ ​៨ ​ស្មើ ២ ​ដង និង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ ​២១ ​ដង​ ហើយ សោម​ វិឆ័យ ធ្លាប់​​ប្រកួត​បាន​ ៧៣ ​ដង ឈ្នះ ​៣៨​ ចាញ់ ​២៣ ​​ស្មើ ​១២ និង​បាន​​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន ​១៣ ​ដង ​រីឯ អេលីត​ ភក្តី​ ប្រកួត​បាន ​៦២ ​ដង ​ឈ្នះ ​៥០​ ​ចាញ់ ​៩​ ​ស្មើ​ ៣ ដង ហើយ​បាន​​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ​១៧ ​ដង៕​