ភ្នំពេញ៖ ​វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល​កីឡា​ប្រចាំ​ឆ្នាំ ​២០២០​ ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ​ទទួល​បាន​សម្រាប់​ឆ្នាំ ​​២០២០​ នេះ​ ត្រូវ​បាន​ផ្តល់​ជូន​មន្ត្រី​កីឡា​ ៣ ​ខេត្ត មាន​​​ខេត្ត​បាត់ដំបង​ ខេត្ត​ព្រះវិហារ​ និង​កណ្តាល​ ដោយ​មាន​សិក្ខាកាម​សរុប​​​ប្រហែល ​៧៥ ​នាក់​។​ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​កាន់​កម្មវិធី​គម្រោង​បណ្តុះបណ្តាល​​របស់ ​NOCC​។​

លោក ​វ៉ាត់​ ចំរើន ​អគ្គលេខាធិការ​ NOCC បាន​​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ ថា​៖ ​«គម្រោង​វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល​កីឡា ​សម្រាប់​ឆ្នាំ ​២០២០ ​នេះ​ យើង​ទទួល​បាន​ចំនួន ​៣ ​ខេត្ត ​ខណៈ​ដែល​កម្មវិធី​ប្រចាំ​ឆ្នាំ​មួយ​នេះ​ NOCC ​បាន​សហការ​ជា​អង្គការ​សាមគ្គី​អូឡាំពិក ​(OS)​ ដែល​ជា​ស្ថាប័ន​ជំនាញ​បណ្តុះបណ្តាល​កីឡា​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អន្តរជាតិ ​(​IOC​) ដោយ​កម្មវិធី​នេះ​ធ្វើ​បាន​រលូន​ល្អ​ រយៈពេល​ជាង​ ១០ ​ឆ្នាំ​មក​ហើយ ហើយ ​NOCC ​ទទួល​បាន​គម្រោង​ប្រចាំ​ឆ្នាំ​បែប​នេះ​ពី ​IOC​ គឺ ​១០០ ​ភាគរយ»​​។​

លោក​បន្ត​ថា​៖ «​គម្រោង​សិក្សា​នេះ​ OS បាន​គាំទ្រ​ថវិកា​មួយ​ចំនួន​ធំ​ និង​គាំទ្រ​បន្ថែម​ដោយ ​NOCC។​ ជាមួយ​គ្នា​នេះ​ យើង​ត្រៀម​សិក្ខាកាម​មួយ​​​ខេត្ត ​ក្នុង​ស្តង់ដា ​២៥ ​នាក់ ដោយ​​ផ្តល់​ជូន​ដល់​មន្ត្រី​មក​ពី​សហព័ន្ធ​កីឡា​ជាតិ​ និង​មន្ត្រី​ពាក់ព័ន្ធ​នឹង​សកម្មភាព​កីឡា​ ​ប៉ុន្តែ​នៅ​ថ្នាក់​ខេត្ត​ទាំង ​៣​ សម្រាប់​ឆ្នាំ​នេះ ​​យើង​ផ្តោត​ខ្លាំង​​ជូន​ទៅ​គ្រូ​កីឡា​តាម​វិទ្យាល័យ​ មន្ត្រី​កីឡា​តាម​ការិយាល័យ​អប់រំ​ យុវជន ​និង​កីឡា ​ថ្នាក់​ស្រុក​ និង​មន្ទីរ​អប់រំ​ យុវជន ​និង​កីឡា​ខេត្ត​ ដើម្បី​កសាង​ធនធាន​មនុស្ស​ ដែល​ជំនាញ​រដ្ឋបាល​កីឡា​»។

សម្រាប់​វាគ្មិន​ជំនាញ និង​​សំខាន់ៗ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ​មាន លោក​ វ៉ាត់​ ចំរើន ​លោក​វេជ្ជបណ្ឌិត​ ស្តើង ​ជា ​អនុគណៈកម្មការ​សុខាភិបាល​អម ​NOCC ​លោក ​បឹង ​គឹមតោ ​និង​អ្នក​ជំនាញ​ជា​គ្រូ​​កីឡា​​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សាមគ្គី​អូឡាំពិក ​(OS) ​និង ​IOC មួយ​ចំនួន​ទៀត​។​

លោក​ មាស ​សារ៉េត​ ប្រធាន​អនុវត្ត​​របស់ NOCC បាន​​ឲ្យ​ដឹង​ថា​ ​គម្រោង​ប្រចាំ​ឆ្នាំ ​២០២០ ​នេះ​ បាន​ផ្តល់​ជូន​នៅ​ខេត្ត​បាត់ដំបង​ចំនួន ​៣ ​ថ្ងៃ ​គឺ​ពី​ថ្ងៃទី ​៩ ​ដល់​ទី ​១១​ ខែ​មីនា​ ដោយ​សហការ​ជាមួយ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​​ខេត្ត និង​មាន​សិក្ខាកាម​​ ​២៥ ​នាក់​។​ គម្រោង​ទី​២ ​ផ្តល់​ជូន​ខេត្ត​ព្រះ​វិហារ ​ចំនួន ​៤ ​ថ្ងៃ​ គឺ​ពី​ថ្ងៃ ​៧​ ដល់​ទី ​១០ ​ខែ​កញ្ញា​ ​និង​គម្រោង​ទី​៣ ​ផ្តល់​ជូន​ខេត្ត​កណ្តាល​រយៈពេល ​៤ ​ថ្ងៃ​ ពី​ថ្ងៃ​ទី ​១៦ ​ដល់​ទី​ ​១៩​ ខែ​វិច្ឆិកា។

ចំណែក​លោក​ ឯម ​ហៀង ​នាយក​រដ្ឋបាល​ និង​ជា​ប្រធាន​គ្រប់គ្រង​វគ្គ ​​បាន​ប្រាប់​​​ថា​ សិក្ខាកាម​ដែល​ឆ្លង​វគ្គ​រួច​ហើយ​នឹង​ទទួល​បាន​លិខិត​បញ្ជាក់​ គឺ​មាន​ប្រសិទ្ធភាព​អាច​ចូលរួម​ក្នុង​សកម្មភាព​កីឡា​លក្ខណៈ​អន្តរជាតិ​នានា​បាន​តាម​ការ​ចាំបាច់​នៃ​កម្មវិធី​។​

វគ្គ​រដ្ឋបាល​កីឡា​នេះ​ ផ្តល់​ជូន​ដល់​សិក្ខាកាម​នូវ​សារៈសំខាន់ៗ ​ដើម្បី​អភិវឌ្ឍ​ក្នុង​វិស័យ​កីឡា ដែល​​ពាក់ព័ន្ធ​ទៅ​នឹង​បច្ចេកទេស​រៀបចំ​ប្រកួត​, ​បច្ចេកទេស​ដឹកនាំ​ និង​គ្រប់គ្រង​សហព័ន្ធ​កីឡា​ជាតិ, ​ថែទាំ​សុខភាព​អត្តពលិក, ​សង្គ្រោះ​បន្ទាន់,​ ភាព​ជា​អ្នក​ដឹកនាំ​ ព្រមទាំង​ទីផ្សារ​កីឡា​មាន​ប្រភព​ចំណូល​ និង​ចំណាយ​ឲ្យ​មាន​តម្លាភាព​ ដល់​ម្ចាស់​ជំនួយ​ដឹកនាំ​អង្គការ​សង្គម​គោលការណ៍​ Fair Play និង​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​ចលនា​កីឡា​ ព្រម​ទាំង​ការ​ការពារ និង​ការ​ហាម​ឃាត់​នៃ​ការ​ប្រើប្រាស់​សារធាតុ​ជំនួយ​កម្លាំង (Doping)៕​