ភ្នំពេញ៖ ការ​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ ​២០២០ នឹង​ត្រូវ​​ចាប់​ផ្តើម​ប្រកួត​ពី​​ថ្ងៃ​ទី ​១៦​ ដល់ ​២០ ​ខែ ​វិច្ឆិកា ​ឆ្នាំ ​២០២០ ​នៅ​ទីតាំង​មជ្ឈមណ្ឌល​កីឡាកង​យោធពល​ខេមរភូមិន្ទ​ (ស្តាតចាស់​) ដោយ​​មាន​កីឡាករ​ចូលរួម​ប្រកួត​តំណាង​ឱ្យ​ខេត្ត​ចំនួន ​១៣ និង​ ៣ ក្រសួង​ ហើយ​ការ​ប្រកួត​នេះ មាន​ការ​ផ្សាយផ្ទាល់​តាម​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ​៥។

ជាមួយ​គ្នា​នេះ ថ្នាក់​ដឹកនាំ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​​អះអាង​ថា ការ​ប្រកួត​ឆ្នាំ ​២០២០ ​នេះ​ មាន​កំណែ​ទម្រង់​​ល្អ​ នូវ​ចំណុច​ជា​ច្រើន​ ពិសេស​​កីឡាករ​ឆ្នើមៗ​ជា​ជើង​ចាស់​ល្បីៗ​​ប្រហែល ​៥០ ​ភាគរយ ​បាន​ចូល​ប្រកួត​ដោយ​មិន​តវ៉ា​​ពី​ប្រាក់​តម្លៃ​ខ្លួន​ ថា​បាន​តិចតួច​បើ​ប្រៀប​ធៀប​ទៅ​នឹង​​តម្លៃ​ប្រកួត​នៅ​តាម​​សង្វៀន​ឯកជន​នោះ​ទេ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ អ្នក​ឈ្នះ​ជយលាភី​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន។

លោក​ តែម ​ម៉ឺន ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ថា​៖ «​ឆ្នាំ ​២០២០ ​នេះ​ ការ​ប្រកួត​ជើងឯក​ថ្នាក់​​ជាតិ​ មាន​កំណែ​ទម្រង់​កាន់​តែ​ល្អ​ជាង​មុន ​និង​ជាង​បណ្តា​ឆ្នាំ​មុនៗ​ ​​ពិសេស​កីឡាករ​ឆ្នើមៗ​មួយ​ចំនួន​ ព្រមចូល​ប្រកួត​ដោយសារ​តែ​តម្លៃ​ខ្លួន​ទទួល​បាន​ពី​ក្រសួង​អប់រំ និង​យើង​បន្ថែម​នូវ​ថវិកា​ពី​វិស័យ​ឯកជន​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កីឡាករ ហើយ​នៅ​​ឆ្នាំ​​នេះ​ យើង​​មាន​ការ​ប្រកួត​ចំនួន ​៩ ​ប្រភេទ​ទម្ងន់ ​មាន​ទម្ងន់ ​៤៥​ ៤៨​ ៥១​ ៥៤​ ៥៧​ ៦០ ៦៣,៥ ៦៧​ និង​ទម្ងន់ ​៧១ ​គីឡូក្រាម»​។

លោក​បាន​បន្ថែម​ថា៖​ «សហព័ន្ធ​បាន​ស្វះស្វែង​រក​ដៃ​គូ​ពី​វិស័យ​ឯកជន​ខ្លះ​ ដើម្បី​រក​ថវិកា​ទប់ទល់​ការ​ចំណាយ​ និង​ដើម្បី​ផ្តល់​ប្រាក់​រង្វាន់​ជូន​កីឡាករ ​ដែល​ឈ្នះ​បាន​ជើងឯក​ទៅ​តាម​ប្រភេទ​ទម្ងន់​នីមួយៗ ហើយ​តាម​ខ្ញុំ​គិត​ជា​បឋម​ជាមួយ​ក្រុម​ការងារ គឺ​​អ្នក​ឈ្នះ​ជើងឯក​ប្រចាំ​ឆ្នាំ​តាម​ប្រភេទ​ទម្ងន់​ ​យើង​នឹង​​បន្ថែម​ឱ្យ​បាន​យ៉ាង​តិច​ចំនួន ​៣០០ ​ដុល្លារ​ ​ពី​លើ​ប្រាក់​រង្វាន់​ដែល​​បាន​ពី​ក្រសួង​អប់​រំ ​យុវជន ​និង​កីឡា ​ដែល​អនុវត្ត​តាម​ឆ្នាំ​ចាស់​»​។

តាម​​លោក ​និន ​ភារម្យ ​អនុ​ប្រធាន ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ឱ្យ​ដឹង​ថា ​គិត​​ត្រឹម​ពេល​នេះ​ មាន​អត្តពលិក​ចូលរួម​សរុប ​៩៨ ​នាក់​ មក​ពី​តំណាង​ខេត្ត-រាជធានី​ចំនួន ​១៣ ​មាន​រាជធានី​ភ្នំពេញ​ ​ខេត្ត​កណ្តាល​ ​បន្ទាយមានជ័យ​ ឧត្តរមានជ័យ ​បាត់ដំបង សៀមរាប ​​រតនគីរី ​មណ្ឌលគិរី ​ព្រៃវែង ​ត្បួងឃ្មុំ​ កោះកុង ​កំពង់ស្ពឺ ​និង​ក្រសួង​ចំនួន ​៣ ​មាន​​ក្រសួង​ការពារ​ជាតិ ​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ដែល​សរុប​​​មាន​ចំនួន ​១៦ ​ប្រតិភូ​កីឡា ចំណែក​​​តំណាង​ប្រតិភូ​ មាន​ ​៣៨ ​នាក់​ តែ​​គណៈកម្មការ​ចៅក្រម​​អាជ្ញា​កណ្តាល​ មិន​ទាន់​កំណត់​បាន​នៅ​ឡើយ​។​

គួរ​រំឭក​ថា​ ​សហព័ន្ធ​កីឡា​ប្រដាល​គុន​ខ្មែរ ​ទទួល​បាន​ប្រាក់​គាំទ្រ​ពី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ចំនួន ​១០០ លាន​រៀល ​ក្នុង ​១ ​ឆ្នាំ​ ហើយ​​ត្រូវ​ចំណាយ​ទៅ​លើ ៣ ​ចំណុច ​មាន​រដ្ឋបាល ចំណាយ​លើ​វគ្គ​បណ្តុះបណ្តាល​ និង​ការ​ប្រ​កួត​ជើងឯក​ជាតិ​តែ​ម្តង ​ប៉ុន្តែ​​មិន​ទាន់​​គិត​បញ្ចូល​​ពី​ការ​ប្រកួត​តាម​​សង្វៀន​ប្រចាំ​សប្តាហ៍​ ដែល​ទទួល​បាន​ចំណូល​ច្រើន​ពី​វិស័យ​ឯកជន​ ដែល​មិន​ពាក់ព័ន្ធ​ថវិកា​រដ្ឋ​នោះ​ឡើយ​។

យ៉ាង​ណា​ក៏​ដោយ គិត​ត្រឹម​ពេល​នេះ នៅ​មិន​ទាន់​មាន​ប្រភព​ណា​ឆ្លើយ​តប​បាន​ថា​ នៅ​ក្នុង​សប្តាហ៍​ចន្លោះ​ពី​ថ្ងៃ ​១៦​ ដល់ ​២០ ​វិច្ឆិកា​ ឆ្នាំ ​២០២០ នឹង​​មាន​សង្វៀន​ប្រដាល់​ឯកជន​ណា​ខ្លះ ត្រូវ​​ផ្អាក​ការ​ប្រកួត ​ដើម្បី​ទុក​ឱកាស​ឱ្យ​កីឡាករ​ និង​គណៈកម្មការ​បាន​ទៅ​បំពេញ​ភារកិច្ច​ក្នុង​ពេល​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​នោះ​ទេ ​ខណៈ​ដែល​នៅ​ឆ្នាំ ​២០១៩ ​សង្វៀន​ឯកជន​ត្រូវ​ផ្អាក​មួយ​សប្តាហ៍​ដែរ​​៕​​