ភ្នំពេញៈ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ពិភពលោក ឬ Secon World Kun Khmer ចំនួន ៣ ថ្ងៃ ដើម្បី​អបអរ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ និង​រំឭក​ខួប​លើក​ទី ២ ០ឆ្នាំ​នៃ នយោបាយ​ឈ្នះ​ឈ្នះ បាន​បិទ​បញ្ចប់​ជាមួយ​នឹង​ការ​រិះគន់​មួយ​ចំនួន ព្រោះ​កីឡាករ​បរទេស ដែល​យក​មក​ប្រកួត​ភាគ​ច្រើន​មាន​សមត្ថភាព​ខ្សោយៗ ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​សឹង​តែ​ទាំង​អស់​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ងាយ​ស្រួល គឺ​ឈ្នះ​ដោយ​វ៉ៃ​គូ​ប្រកួត​សន្លប់​ចំនួន ២០ នាក់ ឈ្នះ​ដោយ​ពិន្ទុ ១ នាក់ ចាញ់​ដោយ​វ៉ៃ​ខុស​បទ​បញ្ជា ២ នាក់ និង​ចាញ់​ដោយ​ពិន្ទុ​ត្រឹម ១ នាក់​ប៉ុណ្ណោះ។

ទាក់ទង​នឹង​ការរិះគន់​នេះ ថ្នាក់ដឹកនាំ​ការប្រកួត និង​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ក្នុង​ស្រុក បាន​ឆ្លើយ​ដាក់​គ្នា ខណៈ​ដែល​កិច្ចការ​ផ្ទៃក្នុង​របស់​មន្ត្រី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​មួយ​ចំនួន​មិន​ពេញ​ចិត្ត ឬ​គ្មាន​ការ​គាំទ្រ​វត្តមាន​របស់​លោក ម៉ាម រ៉ា ជា​ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ។

ទិដ្ឋភាព​នៃ​ការរៀបចំ និង​ការប្រកួត ទោះបី​មាន​លក្ខណៈ​រលូន ប៉ុន្តែ​លទ្ធផល​ដែល​កីឡាករ​ខ្មែរ​ឈ្នះ​សឹង​ទាំង​អស់​នោះ ត្រូវបាន​គេ​មើល​ឃើញ​ថា របៀប​រៀបចំ​ស្រដៀង​ទៅ​នឹង​ប្រទេស​ថៃ​ដែល​និយម​យក​កីឡាករ​បរទេស ទៅ​ចូលរួម​ប្រកួត​ក្នុង​ប្រទេស​ថៃ ៩៥ ភាគរយ គឺ​កីឡាករ​មក​ពី​បរទេស​ត្រូវ​តែ​ចាញ់​ម្ចាស់​ផ្ទះ​នោះ។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ថ្លែងថា៖ «ការ​រៀប​នោះ ខ្ញុំ​គ្រាន់​តែ​ជា​ផ្នែក​មួយ។ ការ​ប្រកួត​មើល​ឃើញ​ថា មាន​ភាព​ទាក់ទាញ​ល្អ​ណាស់ ប៉ុន្តែ​លក្ខណៈ​បច្ចេកទេស ឬ​ការ​ផ្គូផ្គង យើង​ក៏​នៅ​មាន​កម្រិត​មួយ​លំបាក ព្រោះ​យើង​ចង់​ឲ្យ​មាន​ប្រទេស​មួយ​ចំនួន ដែល​កំពុង​ទទួល​យក​ការ​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ បាន​ចូលរួម​ឲ្យ​បាន​ច្រើន»។

លោក​បាន​បន្តថា៖ «យើង​ធ្វើ​អ៊ីចឹង ទើប​ការប្រកួត​នេះ​មាន​ប្រទេស​មក​ចូលរួម ដោយ​យើង​បាន​សម្រួល​ទៅ​លើ​សមត្ថភាព ធ្វើ​ឲ្យ​មាន​គូ​ខ្លះ​មាន​កម្រិត​សមត្ថភាព​នៅ​ឃ្លាត​ឆ្ងាយ​ពីគ្នា​មែន។ ទោះបី​យ៉ាង​ណា​បទពិសោធ​នៃ​ការ​រៀបចំ យើង​ទើប​តែ​បាន ២ លើក​ពិត​ជា​មាន​ការ​ខ្វះ​ចន្លោះ​ណាមួយ​មិន​ខាន អ៊ីចឹង​ហើយ​សុំ​ឲ្យ​មាន​ការ​យោគ​យល់ តែ​ការ​រិះគន់​ខ្លះ​ពី​អ្នក​ទស្សនា ក៏​ជា​ការ​ដាស់​តឿន​ឲ្យ​យើង​មាន​បទពិសោធ​ទៅ​ការ​រៀបចំ​នៅ​លើក​ក្រោយ​ដែរ»។

យ៉ាងណាក៏ដោយ ការផ្គូផ្គង​កីឡាករ ត្រូវបាន​គេ​រិះគន់ថា គ្មាន​ហ្វ៊ែផ្លេ​យ៍ ព្រោះ​ការ​រៀបចំ​ក្នុង​នាម​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ប៉ុន្តែ​មន្ត្រី​បច្ចេកទេស និង​កីឡាករ គឺ​នៅ​ក្នុង​ប្រដាល់​គុន​ខ្មែរ ហើយ​លទ្ធផល​ដែល​មហាជន​រិះគន់​ភាគ​ច្រើន​គេ​យល់​ថា គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ជា​អ្នក​ទទួល​ខុស​ត្រូវ តែ​ការ​ពិត​មន្ត្រី​ផ្គូផ្គង​មកពី​ប្រដាល់​គុន​ខ្មែរ​សឹង​តែ ៩៩ ភាគរយ ខណៈ​ដែល​លោក ម៉ាម រ៉ា ជា​ប្រធាន​រៀបចំ ទំនង​គ្មាន​សិទ្ធិ ឬ​អំណាច​អ្វី​ដែល​និយាយ​ទៅ​កាន់​មន្ត្រី​ទាំង​នោះ គេ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​នោះ​ឡើយ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិ​ការ NOCC និង​ជា​ប្រធាន​អនុ​គណៈកម្មការ​កីឡា​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​ថ្លែង​ថា៖ «សកម្មភាព​កីឡា គឺ​មិន​គប្បី​មាន​ជម្លោះ​ទេ ព្រោះ​ខ្លឹមសារ​នៃ​កីឡា​គឺ​សាមគ្គី មិត្តភាព សហ​ប្រតិបត្តិការ សុខភាព និង​ការទូត ហើយ​ទាក់​ទង​ទៅ​នឹង​បច្ចេកទេស​ផ្គូផ្គង​ឬ​សម្រេច​សេចក្តី ឬ​លទ្ធផល​ជ័យជម្នះ វា​មិន​មែន​ជា​គោល​ដៅ​សំខាន់ ដែល​យើង​សម្រួច​ទៅ​រក​នោះ​ឡើយ»។

លោក​បាន​បន្ថែមថា៖ «ខ្លឹមសារ​ពិតប្រាកដ​នៃ​ការប្រកួត​នេះ គឺ​ទី ១ គោរព និង​ទទួល​ការ​ចូលរួម​ពី​ប្រទេស​នានា តាម​ច្បាប់​កីឡា​អន្តរជាតិ ទី ២ គោរព​គោល​ការណ៍​តម្លាភាព ហ៊ែ្វផ្លេយ៍ ព្រោះ​ព្រឹត្តិការណ៍​ប្រកួត​កីឡា ដែល​ល្អ គឺ​គោរព​ហ៊ែ្វផ្លេយ៍ គ្មាន​ជម្លោះ គ្មាន​ហិង្សា គឺ​មាន​ន័យ​ថា មិន​មែន​វ៉ៃ​គ្នា ដោយ​បង្ហូរ​ឈាម ឬ​បែក​បាក់​គ្រោះ​ថ្នាក់​សន្លប់​ធំ ទើប​ហៅថា​ល្អ​នោះ​ទេ។ សម្រាប់​ការ​រិះគន់​យើង​ទទួល​យក ប៉ុន្តែ​អ្នក​រិះគន់​ខ្លះ​ក៏​មិន​យល់​ពី​ច្បាប់​កីឡា​ដែរ ព្រោះ​គាត់​អាច​ស៊ាំ​ទៅ​នឹង​ការ​ប្រកួត​លក្ខណៈ​អាជីព​ក្នុង​វិស័យ​ឯកជន គឺ​ប្រកួត​វ៉ៃ​គ្នា​ដោយ​ផ្តោត​ទៅ​នឹង​តម្លៃ​ខ្លួន​ជា​ចម្បង មិន​សូវ​ផ្តោត​លើ​មិត្តភាព ឬ​សហ​ប្រតិបត្តិការ​ទេ»។

តាម​ប្រភព​ច្បាស់​ការណ៍​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់ថា មន្ត្រីជាន់ខ្ពស់​មក​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ មិន​សូវ​ពេញ​ចិត្ត​វត្តមាន​លោក ម៉ាម រ៉ា ជា​ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ​នោះ​ទេ ប៉ុន្តែ​ការ​ចូលរួម​ក្នុង​សកម្មភាព​ទាំង​នោះ បាន​ដោយសារ​តែ​គោរព និង​យោគ​យល់​ដល់​លោក វ៉ាត់ ចំរើន ដែល​ជា​អ្នក​គ្រប់គ្រង​រួម​ក្នុង​កម្មវិធី។

ប្រភព​ដដែល​បន្ថែមថា លោក ម៉ា​ម រ៉ា ធ្លាប់ជា​ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ​ប្រចាំ​នៅ​បារាំង ហើយ​ធ្លាប់​ស្និទ្ធ​ជាមួយ​មន្ត្រី​កីឡា​នៅ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ធ្លាប់​ចេញ​លុយ​ប៉ាវ​មន្ត្រី​ទាំង​នោះ ទៅ​លេង​ប្រទេស​បារាំង ព្រមទាំង​ជួយ​ជុស​ជុល និង​ទិញ​សម្ភារ​ការិយាល័យ​នៅ​ក្នុង​ស្តាត​ផង​ដែរ ក្នុង​គោល​បំណង​ឲ្យ​មាន​ការ​គាំទ្រ​លោក​ជា​ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ។ លុះ​បាន​សម្រេច លោក​ទំនង​ជា​អស់​លុយ​ប៉ាវ​គេ គឺ​ពួក​មន្ត្រី​នោះ​ឈប់​គាំទ្រ បន្ថែម​លើស​ពី​នេះ​លោក ម៉ាម រ៉ា ចាប់​បាន​តួនាទី​ជាទី​ប្រឹក្សា​ជាន់​ខ្ពស់ NOCC ក៏​ធ្វើ​រឹក​ខ្ពស់ មិន​សហការ​ស្រួល​ជាមួយ​មន្ត្រី​ក្រសួង​អប់រំ ដោយ​ភាគ​ច្រើន​យក​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ជា​ខ្នង​បង្អែក៕