ភ្នំពេញ: លទ្ធផល​ប្រកួត​គុន​ខ្មែរ​រយៈពេល ៣ ថ្ងៃ​ដើម្បី​អបអរ​សាទរ​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ និង​ដើម្បី​រំឭក​ខួម​លើក​ទី ២០ ឆ្នាំ​នៃ​ទិវា​សន្តិភាព​ដែល រាជ​រដ្ឋាភិបាល​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​នោះ ទទួល​បាន​លទ្ធផល​ល្អ​គួរ​ឲ្យ​ជក់​ចិត្ត​និ ង​កត់​សម្គាល់។ ប៉ុន្តែ ការ​ដែល​កីឡាករ​កម្ពុជា ជា​ម្ចាស់​ផ្ទះ បាន​ឈ្នះ​ច្រើន​រហូត​ដល់​ទៅ​ជិត ៩០ ភាគរយ​នោះ នាំ​ឲ្យ​មាន​មតិ​រិះគន់​ថា ការ​រៀបចំ​មាន​របៀប​តាម​លំនាំ​ចាស់ ពោល​គឺ​ដូច​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​តាម​សង្វៀន​ឯក​ជន រាល់​ចុង​សប្តាហ៍​ដែរ ដោយ​គ្មាន​អ្វី​ប្លែក​ទេ។ ចំណែក​លទ្ធផល​ប្រកួត​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កីឡាករ​កម្ពុជា​មាន​សមត្ថភាព​ខ្លាំង​ជាង​កីឡាករ​មក​ពី​បរទេស​ដាច់ ហើយ​គណៈ​កម្មការ​រៀប​ចំ​ផ្គូផ្គង​មួយ​ចំនួន​ឆ្លើយ​ដាក់​គ្នា​នៅ​ពេល​មាន​ការ​រិះគន់​ពី​មហាជន។

លោក​វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​នៃ​គណៈ​កម្មការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏​ដូចជា​ប្រធាន​អនុ​គណៈ​កម្មការ​ការ​ប្រកួត​កីឡា​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ប្រសាសន៍​ថា៖ «គុន​ខ្មែរ​អន្តរជាតិ​មាន​គោល​បំណង​នៃ​ការ​ប្រកួត​គឺ​ចង់​ផ្សព្វផ្សាយ​ពី​គុន​ខ្មែរ​ទៅ​កាន់​ពិភពលោក»។

លោក​បាន​ប្រាប់​បន្តថា ៖ «ការរៀបចំ​គឺមាន​គោលបំណង​រឹតចំណង​មិត្តភាព សហ​ប្រតិបត្តិការ​អន្តរជាតិ និង​សុខភាព ហើយ​ការ​ប្រកួត​កាត់​បន្ថយ​ឲ្យ​បាន​នូវ​បញ្ហា​គ្រោះ​ថ្នាក់ ដោយ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​ប្រមែ​ប្រមូល​ប្រទេស​មួយ​ចំនួន​នៅ​លើ​ឆាក​អន្តរជាតិ​ឲ្យ​លេង និង​ស្គាល់​ថា ប្រដាល់​គុន​ខ្មែរ​គឺជា​មរតក​របស់​ខ្មែរ ព្រមទាំង​ខ្មែរ​ជា​ម្ចាស់​ដើម​នៃ​ក្បាច់​គុន ក៏​ដូចជា​ទាក់​ទាញ​ឲ្យ​ប្រភេទ​កីឡា​នេះ​មាន​វត្តមាន​ក្នុង​ស៊ីហ្គេម​លើក​ទី ៣២ ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ»។

លោក​វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា៖ «ទាក់ទង​ទៅនឹង​សមត្ថភាព​កីឡាករ​បរទេស​វិញ វា​ពិត​ជា​លំបាក​ស្វែងរក​កីឡាករ​ប្រកួត​ឲ្យ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​ណាស់ ពីព្រោះ​កីឡាករ​មក​ពី​ប្រទេស​មួយ​ចំនួន​ថ្មី​ថ្មោង ហ្វឹក​ហាត់​គុន​ខ្មែរ​បាន​រយៈពេល​តិចតួច ហើយ​ចង់​មក​ចូលរួម ហេតុ​នេះ​វា​មាន​ការ​លំបាក ពី​ព្រោះ​យើង​សា្វគមន៍​ពួកគេ​ឲ្យ​ចូលរួម»។

លោក​បាន​បន្ថែមទៀតថា៖ «ទោះបីយ៉ាងណា ខ្លឹមសារ​នៃ​ការរៀបចំ យើង​មិន​សំដៅ​ទៅ​លើ​ការ​ប្រកួត​ខ្លាំង ឬ​បែក​ឈាម​សន្លប់​ធំ​បាន​ថា​ល្អ​នោះ​ទេ ប៉ុន្តែ គោល​បំណង​គឺ​ការ​សា្វគមន៍​ឲ្យ​មាន​ការ​ចូលរួម​បង្ហាញ​ពី​ប្រភេទ​កីឡា​គុន​ខ្មែរ ទៅ​កាន់​ពិភពលោក ខណៈ​ដែល​គុន​ខ្មែរ​ក្នុង​ស្រុក​យើង​មាន​ភាព​រីក​ចម្រើន គួរ​ឲ្យ​កត់​សម្គាល់​រួច​ទៅ​ហើយ»។

ក្នុងការ​ប្រកួត​ដែលមាន​រយៈពេល ៣ ថ្ងៃ មានការ​ប្រកួត ៣ កម្រិត គឺ​ប្រកួត​កម្រិត​ស្ម័គ្រ​ចិត្ត ពាក់​កណ្តាល​អាជីព និង​ប្រកួត​អាជីព​ដោយ​បន្ថែម​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ផង​ដែរ។

លទ្ធផល​ពី​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​ស្រាល កីឡាការិនី​នូវ ស្រី​ពៅ មកពី​ក្លិប​តាឡី​មាន​រិទ្ធ ឈ្នះ​បាន​ខ្សែក្រវាត់​បន្ទាប់​ពី​ឈ្នះ​កីឡាការិនី Ra Nini មក​ពី​ប្រទេស​ម៉ូរីតានី ក្នុង​ទម្ងន់ ៥១ គីឡូក្រាម។ កីឡាករ​សៀវ ង៉ុយ មក​ពី​ក្រសួង​ការពារ​ជាតិ បាន​ឈ្នះ​ខ្សែក្រវាត់​ក្នុង​ទម្ងន់ ៥៧ គីឡូក្រាម។

ចំណែក​លទ្ធផល​គូ​ប្រដាល់ខ្លាំងៗរបស់​កម្ពុជា បានបញ្ចប់​ដោយ​កីឡាករ​ម្ចាស់ផ្ទះ​ឈ្នះ​កីឡាករ​បរទេស ក្នុង​លក្ខណៈ​មិន​សូវ​ស្វិតស្វាញ ប៉ុន្តែ​ឈ្នះ​ដោយ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ឬ​ហៅថា ស៊ី​ផុយ​មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។

កីឡាករ​ផល សោ​ភ័​ណ្ឌ មកពី​តា​ឡី​មាន​រិ​ទ្ធ បានឈ្នះ​កីឡាករ Was Min Min មក​ពី​មីយ៉ាន់ម៉ា ដោយ​ពិន្ទុ​ក្រោយ​ការ​ប្រកួត ៥ ទឹក​ពេញ។ កីឡាករ Was Min Min មាន​ប្រវត្តិ​ប្រកួត​មិន​ដែល​ចាញ់​សោះ​គឺ​ទើប​តែ​ចាញ់​ផល សោភ័ណ្ឌ ជា​លើក​ដំបូង​ក្នុង​អាជីព។ កីឡាករ​ចាន់ រតនា បាន​ចំណាយ​ពេល​ចំនួន ៤ ទឹក ដើម្បី​ផ្តួល​កីឡាករ Bard មក​ពី​ម៉ារ៉ុក ឲ្យ​បោះ​បង់​ការ​ប្រកួត។

កីឡាករ​រឿង សោ​ភ័​ណ្ឌ ដែល​មកពី​ក្លិប​មកុដ​រាជសីហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ បាន​ចំណាយ​ពេល​តែ ១ ទឹក ដើម្បី​ផ្តួល​កីឡាករ​ថៃ Chak torong ដោយ​ក្បាច់​កណ្តាប់​ដៃ​ឲ្យ​សន្លប់​ធំ។ កីឡាករ​សេង ស្រឿន មក​ពី​ក្លិប​ស្វាយរៀង បាន​ផ្តួល​កីឡាករ Adramsyat ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ១។ ចំណែក​កីឡាករ​ឌុន រដ្ឋា មក​ពី​ក្លិប​អេ​ភូថង​កីឡា បាន​ចាញ់​កីឡាករ Vovirin មក​ពី​ឥណ្ឌូនេស៊ី នៅ​ទឹក​ទី ៤ ដោយ​ខូច​ជើង។

ទាក់ទង​លទ្ធផល​ខ្មែរ​ឈ្នះ​ច្រើន​នេះ លោក​តែម ម៉ឺន ប្រធាន​គុន​ខ្មែរ និង​ជា​អនុ​ប្រធាន​ទី ១ នៃ​គុន​ខ្មែរ​អន្តរជាតិ និង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ បាន​និយាយ​ថា៖ «លទ្ធផល​បែប​នេះ​មិន​ទាន់​បាន​ល្អ​គ្រប់​ជ្រុង​ជ្រោយ​ទេ ពី​ព្រោះ​មាន​កីឡាករ​មក​ពី​បរទេស​ខ្លះ​មក​ប្រកួត មាន​បទពិសោធ​តិច​តួច ប៉ុន្តែ​យើង​មាន​គោល​ការណ៍​ត្រូវ​តែ​ស្វាគមន៍​ឲ្យ​បាន​ចូលរួម។ មួយ​វិញ​ទៀត បទ​ពិសោធ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​បែប​នេះ យើង​ទើប​តែ​ធ្វើ​បាន ២ លើក​ពោល​គឺ ១ ឆ្នាំ​ម្តង ភាព​ខ្វះ​ចន្លោះ​នៅ​តែ​មាន ដែល​ជា​រឿង​ធម្មតា»៕