ភ្នំពេញ៖ ស្រប​ពេល​ដែល​សង្វៀន​ប្រដាល់​ធំៗ​ទាំង ​៦ នៅ​តាម​ស្ថានីយ​ទូរទស្សន៍​បាន​បើក​ដំណើរ​វិញ​ត្រឹម ​៤ ​សង្វៀន ជា​លក្ខណៈ​បិទ​ទ្វារ ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូវីដ ​១៩ ​នោះ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ក៏​​បាន​កាត់​បន្ថយ​មន្រ្តី​បច្ចេកទេស​របស់​ខ្លួន​ចំនួន ​៥០ ភាគរយ​ផង​ដែរ គឺ​​ចៅក្រម​ផ្តល់​ពិន្ទុ​ធ្លាប់​ដាក់​ ​៥ ​នាក់​ ​តម្រូវ​តែ ​៣ ​នាក់​ប៉ុណ្ណោះ​ ហើយ​ត្រូវ​បាន​រៀបចំ​ឲ្យ​អង្គុយ​នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​​។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ចៅក្រម​ និង​អាជ្ញា​កណ្តាល ​ព្រម​ទាំង​មន្ត្រី​​បច្ចេកទេស​មួយ​​ចំនួន​ទៀត​ដែល​ត្រូវ​បាន​កាត់​បន្ថយ ​នៅ​តែ​ទទួល​បាន​របប​ឧបត្ថម្ភ​ជា​ថវិកា​ពី​កម្មវិធី​ប្រកួត​ដូច​ធម្មតា ​គឺ​លើកលែង​តែ​មន្ត្រី​បច្ចេកទេស​នៅ​ស្ថានីយ​ចំនួន ​២ មាន ​PNN ​និង​ប៉ុស្តិ៍​លេខ ​៥ ​ដែល​មិន​ទាន់​ដំណើរការ​ប្រកួត​ឡើង​វិញ ​គឺ​ដាច់​របប​។​

លោក​ តែម​ ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ថា​៖ «​យើង​បាន​បើក​ឲ្យ​ដំណើរការ​ប្រកួត​ចំនួន ​៤ ​ស្ថានីយ ​មាន​សង្វៀន​បាយ័ន​ CBS (CNC) ​ថោន​ និង​សង្វៀន​អាស៊ីអាគ្នេយ៍​ ប៉ុន្តែ​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​ត្រូវ​បាន​កាត់​បន្ថយ​​ឲ្យ​មាន​ចំនួន​​តិច​បំផុត ​គឺ​សឹង ​៥០ ​ភាគរយ​។ ​ជាមួយ​គ្នា​នេះ ​យើង​មាន​ចំណាត់​ការ​ឲ្យ​ប្តូរ​វេន​គ្នា ​​ដើម្បី​កុំ​ឲ្យ​មាន​ចំនួន​ជួប​ជុំ​គ្នា​ច្រើន ​ព្រម​ទាំង​បន្ថែម​នូវ​ការ​ប្រុង​ប្រយ័ត្ន​​ខ្ពស់ ​ផ្នែក​ការពារ​ និង​អនាម័យ​ពី​គ្រូពេទ្យ​ប្រចាំ​សង្វៀន​ផ្ទាល់ ​ក៏​ដូច​ជា​ពិនិត្យ​កម្តៅ លាង​ដៃ​ និង​មិន​ឲ្យ​នៅ​​ជិត​គ្នា»​។​

លោក​បាន​បន្ថែម​ថា​៖ «​ប្រាក់​​ចំណូល​ឧបត្ថម្ភ ​ដែល​ទទួល​បាន​ពី​តម្លៃ​ពលកម្ម​ ក្នុង​ការ​បំពេញ​ការងារ​របស់​មន្ត្រី​បច្ចេកទេស​គ្រប់​ផ្នែក​ គឺ​នៅ​តែ​ទទួល​បាន​ជា​ធម្មតា​ដូច​មុនៗ​ ទោះបី​ត្រូវ​បង្រួម​ចំនួន​ ឬ​កាត់​បន្ថយ ​៥០ ​ភាគរយ​ក៏​ដោយ​ ហើយ​នេះ​ជា​កាយ​វិការ​ល្អ ​និង​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​​ប្រចាំ​សង្វៀន ​ដែល​បាន​បើក​ចំនួន ​៤ ​ស្ថានីយ ​និង​ខាង​ម្ចាស់​ឧបត្ថម្ភ​គាំទ្រ​កម្មវិធី​ប្រកួត។ ​ខ្ញុំ​សូម​កោត​សរសើរ​ខ្លាំង​មែន​ទែន ដែល​​អាច​និយាយ​បាន​ថា​ ជា​មនោសញ្ចេតនា​យោគយល់​ និង​អាណិត​អាសូរ​ ដល់​ក្រុម​បច្ចេកទេស​ទាំង​មូល»​។​

យ៉ាង​ណា​ក៏​ដោយ នៅ​មាន​ចៅក្រម​អាជ្ញា​កណ្តាល ​ដែល​ធ្លាប់​បំពេញ​ការងារ​នៅ​ស្ថានីយ​ទូរទស្សន៍ ​PNN ​និង​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​​ពុំ​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ឡើយ​ ព្រោះ​សង្វៀន​ទាំង ​២ ​នេះ មិន​ទាន់​បាន​រៀបចំ​​ប្រកួត​ឡើង​វិញទេ​។ ​

ទោះ​ជា​យ៉ាង​នេះ​ក្តី ​​លោក​ តែម ​ម៉ឺន ​បញ្ជាក់​ថា​៖​ «ខ្ញុំ​ទទួល​ស្គាល់​ពី​បញ្ហា​លំបាក​នេះ ​ប៉ុន្តែ​មន្ត្រី​បច្ចេកទេស​នៅ​ប៉ុស្តិ៍ ​PNN ​ក្តី ​និង​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​ក្តី​ គឺ​មួយ​ចំនួន​​ពួក​គាត់ ​បម្រើ​​ការ​នៅ​​ប៉ុស្តិ៍​ផ្សេង​ទៀត​ដែរ ហេតុ​នេះ​គាត់​នៅ​តែ​ទទួល​បាន​ តាម​ការ​បំពេញ​ការងារ​ជាក់​ស្តែង​នោះ ហើយ​មន្ត្រី​ដែល​ទទួល​ការងារ​តែ ​១ ​ប៉ុស្តិ៍​ ត្រូវ​បាត់​ចំណូល​មួយ​រយៈ​សិន​ ​ព្រោះ​យើង​គ្មាន​​​លទ្ធភាព​ជួយ​ភ្លាមៗ​បាន​ទេ គឺ​រង់ចាំ​តែ​បន្តិច ព្រោះ​​នៅ​ដើម​ខែ​​ឧសភា​នេះ​ ​សង្វៀន​ PNN និង​ប៉ុស្តិ៍​លេខ ​៥ នឹង​បើក​ការ​ប្រកួត​បន្ត​ឡើង​វិញ»​។​

លោក ​សួន ​ប៊ុនសូត្រ​ គ្រូ​បង្វឹក​ និង​ជា​ម្ចាស់​ក្លិប​បក្សី​ស្លាប​ដែក​បាន​​និយាយ​ថា​៖​ «ខ្ញុំ​ធ្វើ​ជា​ចៅក្រម​អាជ្ញា​កណ្តាល​នៅ​សង្វៀន ​PNN​ ដែល​មិន​ទាន់​បើក​វិញ​ តែ​ខ្ញុំ​ក៏​បាន​​ធ្វើ​ជា​មន្ត្រី​បច្ចេកទេស​នៅ​សង្វៀន​ថោន ​១ ​ទៀត ដែល​ទទួល​បាន​របប ​១ លើក ​ក្នុង ​១ ​សប្តាហ៍​ដែរ​»។​

លោក​បន្ត​ថា​៖ «​ក្រោយ​មាន​បញ្ហា​មេរោគ​កូវីដ ​១៩ ​នេះ​ ហើយ​សង្វៀន​បើក​ការ​ប្រ​កួត​ឡើង​វិញ​ ខ្ញុំ​មាន​ជីវភាព​ធម្មតា​ ដែល​ភាគ​ច្រើន​បាន​មក​ពី​កូនៗ​បង្កើត​ចំនួន​ទាំង ​៤ ​នាក់ ​បាន​ឡើង​ប្រកួត​ និង​សិស្ស​ចំនួន ​២ នាក់​ទៀត​ បាន​ឡើង​ប្រកួត​ ដោយ​ទទួល​បាន​តម្លៃ​ខ្លួន​ប្រកួត​ដូច​មុនៗ​ ជា​ពិសេស​កូន​ខ្ញុំ ​សូត្រ ​ប៊ុនធី ​​គឺ​ទោះ​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​គ្នា​ឯង ក៏​នៅ​តែ​ទទួល​បាន​តម្លៃ​ប្រកួត​ដូច​វ៉ៃ​ជាមួយ​កីឡាករ​បរទេស​ ដោយ ​​១ លើក ​៤០០ ​ដុល្លារ»​៕