ភ្នំពេញ៖ សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ ដែលមានភារកិច្ចទំនាក់ទំនងផ្សព្វផ្សាយគុនខ្មែរ និងបង្កើតសហព័ន្ធគុនខ្មែរនៅក្រៅប្រទេស និងលើពិភពលោកនោះ គ្រោងនឹងបើកវគ្គបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្តាលកម្រិតទី ៣ លើកដំបូង ដែលមានសិក្ខាកាមជាង ៥០ នាក់ មកពីប្រទេសក្នុងអាស៊ាន និងនៅលើពិភពលោក ហើយវគ្គនេះ នឹងធ្វើនៅខេត្តសៀមរាប ពីថ្ងៃទី ១៤ ដល់ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ បានថ្លែងប្រាប់ថា៖ «វគ្គបណ្តុះបណ្តាលនេះជាកម្មវិធីសំខាន់របស់សហព័ន្ធគុនខ្មែរអន្តរជាតិ ដែលផលិតធនធានមនុស្សហើយក៏ជាការចាប់ផ្តើមលើកដំបូង បន្ទាប់ពីប្រភេទកីឡាគុនខ្មែរ បានចូលរួមប្រកួតទទួលបានលទ្ធផលល្អមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កាលពីឆ្នាំ ២០១៧»។
លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងនោះ បានបន្ថែមថា៖ «អ្វីដែលយើងសំខាន់ គឺដាច់ខាត យើងត្រូវមានអាជ្ញាកណ្តាលចៅក្រមកម្រិតអន្តរជាតិពីកម្រិត ៣ ដល់កម្រិត ១ ដែលមានសមត្ថភាពអាចចូលទៅបំពេញការងារ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឬការប្រកួតអន្តរជាតិនានា»។
ជាមួយគ្នានេះ តាមការបែងចែកសិក្ខាកាមដែលត្រៀមប្រហែល ៥០ នាក់នោះ នឹងផ្តល់ជូនប្រទេសក្នុងតំបន់អាស៊ានចំនួន ១១ មុន បន្ទាប់មកផ្តល់ជូនប្រទេសនានា ដែលជាសមាជិកបានបង្កើតប្រភេទកីឡាគុនខ្មែររួចហើយ និងកំពុងតែត្រៀមបើក មានដូចជានេប៉ាល់ ឥណ្ឌា បារាំង អ៊ីរ៉ង់ ប្រហែលជាង ១០ ប្រទេសទៀត។ ចំណែកគ្រូឧទ្ទេស មានមកពីប្រទេស ឡាវ ម៉ាឡេស៊ី និងមកពីអីរ៉ុប ដែលជាចៅក្រម និងអាជ្ញាកណ្តាល មានបទពិសោធក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមកនេះ។
ចំពោះសិក្ខាកាម ជាចៅក្រម អាជ្ញាកណ្តាលកម្ពុជា នឹងផ្តល់ជូនជាអាទិភាពដល់គ្រូកីឡាវ័យក្មេង ដែលមានជំនាញ និងលក្ខណសម្បត្តិល្អ ពិសេសចេះភាសាអន្តរជាតិ ដូចជាភាសាអង់គ្លេស ដើម្បីងាយស្រួលទៅបំពេញភារកិច្ច ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនានា នាពេលអនាគត ហើយនៅក្រោយបញ្ចប់វគ្គនេះ នឹងផ្តល់ជូនលិខិតបញ្ជាក់ពីសមត្ថភាព។
លោក ម៉ាម រ៉ា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បានបង្ហើបថា នៅពេលបើកវគ្គបណ្តុះបណ្តាលនោះ យើងនឹងមានគម្រោងធ្វើមហាសន្និបាតបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធថ្មី ដែលមានសមត្ថភាព ដើម្បីស្វែងរកការទ្រទ្រង់ឲ្យសហព័ន្ធមានសកម្មភាពល្អ ខណៈដែលរូបលោកសុំសម្រាក។
លោក ម៉ាម រ៉ា បានប្រាប់ថា៖ «ខ្ញុំកាន់តំណែងជាប្រធានសហព័ន្ធគុននេះ ចប់ ១ អាណត្តិហើយ ហើយក្រោយពីខ្ញុំឈប់ នឹងមានឥស្សរជនឆ្នើម មានលទ្ធភាពដឹកនាំ គ្រប់គ្រង និងទ្រទ្រង់ឲ្យសហព័ន្ធ មានសកម្មភាពល្អ ឆ្ពោះទៅរកជោគជ័យនៅស៊ីហ្គេម ២០២៣។ ទោះបីជាខ្ញុំសម្រាកពីប្រធាន ប៉ុន្តែកិច្ចការមួយចំនួន ខ្ញុំនៅតែស្ម័គ្រចិត្តជួយបំពេញ ទៅតាមលទ្ធភាពជានិច្ច ដើម្បីកីឡាគុនខ្មែរយើង ពិសេសការធ្វើព្រឹត្តិការណ៍ប្រកួតលក្ខណៈអន្តរជាតិប្រចាំឆ្នាំ ទទួលបានលទ្ធផលល្អ»។
គួររំឭកថា ក្រោមការដឹកនាំរបស់ លោក ម៉ាម រ៉ា និងលោក វ៉ាត់ ចំរើន ក្នុងរយៈពេល ១ អាណត្តិនេះ លោកបង្កើតបានស្នាដៃល្អ ដូចជាការរៀបចំព្រឹត្តិការណ៍គុនខ្មែរអន្តរជាតិ លើកទី ១ ធ្វើនៅពហុកីឡាដ្ឋានជាតិ កាលពីឆ្នាំ ២០១៧ ព្រឹត្តិការណ៍គុនខ្មែរអន្តរជាតិលើកទី ២ ឆ្នាំ ២០១៨ នៅវិមានឈ្នះឈ្នះ ហើយការប្រកួតគុនខ្មែរអន្តរជាតិលើកទី ៣ គ្រោងធ្វើឡើងចំនួន ៣ ថ្ងៃ នៅខេត្តកំពត ក្នុងពិធីបុណ្យសមុទ្រលើកទី ៨ ពីថ្ងៃទី ២០ ដល់ ២២ ខែ ធ្នូ ឆ្នាំ ២០១៩ ខណៈដែលកីឡាករបានចុះឈ្មោះមកពី ១៥ ប្រទេសរួចហើយ៕