ភ្នំពេញ: អត្តពលិក​គុន​ដាវ​កម្ពុជា​ដណ្ដើមបាន​មេដាយ​ចំនួន ៥ ដែល​រួម​មាន​មេដាយ​ប្រាក់ ១ និង​មេដាយ​សំរឹទ្ធ ៤ ពី​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​គុន​ដាវ​សាកល​វិទ្យាល័យ​អាស៊ី​ដែល​មាន​ឈ្មោះ​ថា Asian Varsity Fencing Championship លើក​ទី ១៧ នៅ​ប្រទេស​សិង្ហបុរី។

ក្រុម​អត្ត​ព​លិ​កបាន​វិល​មកដល់​មាតុភូមិ​វិញ​កាលពី​យប់​ថ្ងៃ​អង្គារ ដោយបាន​នាំយក​នូវ​មេដាយ​គួរ​ឲ្យ​កោត​សរសើរ​ក្រៃ​លែង​មក​កាន់​មាតុភូមិ​របស់​ខ្លួន។

បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ព័ត៌មាន សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ចំនួន ៩ នាក់​ទៅ​ចូលរួម​ប្រកួត ហើយ​បេសកកម្ម​នេះ​បាន​បញ្ចប់​ដោយ​ទទួល​បាន​លទ្ធផល​ឈ្នះ​មេដាយ​តាម​សមត្ថភាព និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ផ្ទាល់ ក៏​ដូចជា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ផង​ដែរ។

លោក​សុខ អាង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា៖ «ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​ចំនួន ៣ ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី ២ ដល់​ទី ៤ ខែ​មិថុនា ឆ្នាំ ២០១៨ ដោយ​មាន​ក្រុម​កីឡាករ-កីឡាការិនី​តំណាង​មក​ពី​សាកល​វិទ្យាល័យ និង​វិទ្យាស្ថាន​ចំនួន ១៩ ចូលរួម ក្នុង​នោះ ក៏មាន​វត្តមាន​អត្តពលិក​កម្ពុជា​ចំនួន ៩ នាក់ កីឡា​ការិនី ៣ នាក់ និង​ប្រុស ៦ នាក់​ផង​ដែរ។

លទ្ធផល​ពី​ការប្រកួត កម្ពុជា​ទទួលបាន​មេដាយ​ប្រាក់ ១ សំរឹទ្ធ ៤ ខណៈដែល​នេះ​ជា​សមិទ្ធផល​ដ៏​ល្អ​មួយ​សម្រាប់​កីឡា​គុន​ដាវ​កម្ពុជា ដែល​ទើប​មាន​ការ​រីក​ចម្រើន​ប្រមាណ​ជាង ១ ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក​សុខ អាង បាន​ប្រាប់​បន្តថា៖ «ការចូលរួម​ប្រកួត​លើក​នេះ ហើយ​មូល​ហេតុ​ដែល​យើង​មិន​ទទួល​បាន​មេដាយ​មាស គឺ​ដោយសារ​ការ​ត្រៀម​របស់​យើង​មិន​បាន​ល្អ កម្រិត​បច្ចេកទេស​យើង​នៅ​ចាញ់​អត្តពលិក​មក​ពី​សិង្ហបុរី។ យើង​មិន​អាច​ស្មាន វាយ​តម្លៃ​កម្រិត​បច្ចេកទេស​អត្តពលិក​គេ​បាន​ទេ ពី​ព្រោះ​កីឡាករ​ជម្រើស​ជាតិ​របស់​សិង្ហបុរី តំណាង​ឲ្យ​សាកល​វិទ្យាល័យ​មួយ​ចូលរួម​នោះ មាន​សមត្ថភាព​ល្អ​ជាង​យើង​ឆ្ងាយ​ណាស់»។

លោក​បានបញ្ជាក់​ឲ្យ​ដឹងថា៖ «ដោយហេតុនេះ ទើប​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​ទទួលបាន​ត្រឹម​មេដាយ​ប្រាក់​បន្ទាប់​ពី​ប៉ះ​កីឡាករ​ជើង​ខ្លាំង​សិង្ហបុរី​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ»។

លោក​សុខ អាង បាន​ឲ្យ​ដឹងថា៖ «ទោះជា​យ៉ាងណា នេះ​គឺជា​បទពិសោធ​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា ដើម្បី​ត្រៀម​បន្ដ​ចូលរួម​ប្រកួត​លើ​ឆាក​អន្ដរជាតិ​នានា​ពេល​ក្រោយ​ទៀត។ រយៈពេល​ជាង ១ ឆ្នាំ​ចុង​ក្រោយ​នេះ កីឡាករ-កីឡាការិនី​គុន​ដាវ​កម្ពុជា​មាន​ការរីក​ចម្រើន​គួរ​កត់​សម្គាល់ ដែល​អាច​ប្រកួត​ប្រជែង​កម្រិត​តំបន់​បាន»។

លោក​បាន​ប្រាប់​បន្ថែមទៀតថា៖ «ប៉ុន្តែ បើ​ធៀប​នឹង​អត្តពលិក​របស់​សិង្ហ​បុរី យើង​នៅ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​នៅ​ឡើយ ពីព្រោះ​សិង្ហបុរី​មាន​កីឡាករ​ច្រើន ដែល​ឈាន​ដល់​ការ​ប្រកួត​អូឡាំពិក​ទៅ​ហើយ ដែល​យើង​ត្រូវ​ទទួល​ស្គាល់​ពី​សមត្ថភាព​របស់​ពួកគេ»។

គួររំឭកថា មេដាយ​ដែល​អត្តពលិក​កម្ពុជា​ដណ្ដើមបាន​ពី​ព្រឹត្តិការណ៍​កម្រិត​អាស៊ី​ខាងលើ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​តាម ប្រកាស​អន្តរ​ក្រសួង ហើយ​ចំណែក​ឯ​វិញ្ញាសា​បុរស​ដាវ​តូច​ជា​ក្រុម បាន​ទៅ​កីឡាករ ជឹម ធារ៉ា, ឃឹម សា​មាន, ថុង តាំង​ជីន និង​កីឡាករ​សំ សិទ្ធិ​បញ្ញា ដែល​ឈ្នះ​បាន​មេដាយ​ប្រាក់។

សម្រាប់​ការប្រកួត​លើ​វិ​ញ្ញាសា​នារី​ដាវ​ធំ​ជា​ក្រុម កីឡាការិនី​យី លីហ្សា, ជុំ សុ​វណ្ណា​រ៉ុង និង​កីឡាការិនី​រៀម ចាន់ដារ៉ា​រស្មី បាន​រួម​គ្នា​ឈ្នះ​មេដាយ​សំរឹទ្ធ​ចំនួន។ ដោយ​ឡែក ក្នុង​ការ​ប្រកួត​លើ​វិញ្ញាសា​នារី​ដាវ​កាប់​ជា​ក្រុម​មាន កីឡាការិនី យី លីហ្សា, ជុំ សុ​វណ្ណា​រ៉ុង និង​កីឡាការិនី​រៀម ចាន់ដារ៉ា​រស្មី ឈ្នះ​បាន​មេដាយ​សំរឹទ្ធ។

មេដាយ​សំរឹទ្ធ ២ គ្រឿង​ទៀត​ដណ្ដើមបាន​លើ​វិញ្ញាសា​ឯកត្តជន​ដាវ​ធំ ដោយ​កីឡាករ​ឃឹម សា​មាន និង​វិញ្ញាសា​ក្រុម​ដាវ​ធំ ដែល​រួម​មាន​កីឡាករ​ឃឹម សាមាន, ជឹម ធារ៉ា, ថុង តាំង​ជីន និង​សំ សិទ្ធិ​បញ្ញា៕