ភ្នំពេញ: សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា បាន​បិទ​ការ​ប្រកួត​ជម្រើស​ជើង​ឯក​ជាតិ​ប្រចាំ​ឆ្នាំ ២០១៨ នៅ​លើ​ទីលាន​សាលា​រៀន​ឯក​ជន​នៃ​កីឡដ្ឋាន​វេស្ទើន ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ ដោយ​អូស​បន្លាយ​រហូត​ដល់​ពេល​យប់។

ជាមួយគ្នានេះ លោក​សុខ អាង ដែល​គ្រប់គ្រង​ការប្រកួត មាន​ទស្សនៈ​ថា ការប្រកួត​មាន​ភាព​ប្រសើរ​ជាង​មុន ព្រម​ទាំង​មាន​សិស្សា​នុសិស្ស​ចូល​ទស្សនា​ច្រើន ប៉ុន្តែ​ខ្វះ​ការ​ចូលរួម​ជា​កិត្តិយស​របស់​ថ្នាក់​ដឹកនាំ​កីឡា​ដើម្បី​ធ្វើជា​អ្នក​មុខ​អ្នកការ ឬ​គណៈ​អធិបតី ខណៈ​ការ​ប្រកួត​ដែល​ចំណាយ​ថវិកា​ជាតិ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​តិច​តួច​ពី​មន្ត្រី​ជាន់​ខ្ពស់ ជាង​ការ​ប្រកួត​កីឡា​របស់​វិស័យ​ឯកជន។

លោក​សុខ អាង អគ្គលេខាធិ​ការ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ព្រឹក ម្សិលមិញ​ថា៖ «ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ ឆ្នាំ ២០១៨ នេះ មាន​កីឡាករ-កីឡាការិនី​ចូលរួម​ជាក់​ស្តែង គ្មាន​កីឡាករ​ខ្មោច ឬ​មន្ត្រី​ខ្មោច​ទេ សរុប​មាន​ចំនួន ៦៥ នាក់​ក្នុង​នោះ ស្ត្រី​មាន ១៣ នាក់ ដែល​ពួក​គាត់​មក​ពី​ក្លិប​ចំនួន ៥ មាន​ក្លិប​ហូសាណា ក្លិប​អ៊ីសា ក្លិប​វេស្ទើន ក្លិប​សន្ធរម៉ុក និង​ក្លិប​នរា​មក​ពី​ខេត្ត​សៀមរាប»។

លោក​សុខ អាង បាន​បញ្ជាក់ថា៖ «ការប្រកួត​ជម្រើស​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំ​ដែល​ប្រើប្រាស់​ថវិកា​រាជ​រដ្ឋាភិបាល​តាមរយៈ ក្រសួង​អប់រំ យុវជន និង​កីឡា ឆ្នាំ ២០១៨ នេះ ទទួល​បាន​លទ្ធផល​ប្រសើរ​ជាង​មុនៗ ហើយ​ការ​ជ្រើស​រើស​យក​ទីលាន​សាលារៀន​ឯកជន គឺ​កីឡដ្ឋាន​វេស្ទើន ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​នេះ​គឺ​ក្នុង​គោល​បំណង​ឲ្យ​មាន​សិស្ស​សាលា​ចូល​ទស្សនា​បាន​ច្រើន និង​អាច​នឹង​ទាក់ទាញ​ពួកគេ​ឲ្យ​ចាប់​អារម្មណ៍​ផ្នែក​កីឡា​គុន​ដាវ​នេះ​ផង​ដែរ»។

លោក​បន្តថា៖ «ជាល​ទ្ធផល​ការ​ប្រក​កួត​មាន​អ្នក​ទស្សនា​ច្រើន​បំផុត បើ​ធៀប​ទៅ​នឹង ប្រភេទ​កីឡា​ខ្លះ​ដែល​ប្រកួត ប្រើប្រាស់​ថវិកា​ក្រសួង ប៉ុន្តែ​គ្មាន​អ្នក​ចូល​ទស្សនា»។

ទោះបីជា​យ៉ាងនេះ​ក្តី សកម្មភាព​ប្រកួត​បានល្អ ប៉ុន្តែ​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​តំណាង​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មិន​មាន​វត្តមាន​ចូលរួម​ទេ ដែល​ការ​អវត្តមាន​នោះ​អាច​មានន័យ​ថា ការ​ឲ្យ​តម្លៃ​ការ​ប្រកួត​ថ្នាក់​ជាតិ និង​ការ​ចំណាយ​លុយ​ជាតិ ស្ថិត​ក្នុង​កម្រិត​ទាប​ពី​មន្ត្រី​ទាំង​នោះ ពោល​គឺ​ឲ្យ​តម្លៃ​ច​មិន​ស្មើ​ទៅ​នឹង​ការ​ប្រកួត​ប្រដាល់​ឯកជន​មួយ​ផង ខណៈ​មន្ត្រី​របស់ ក្រសួង ឬ​សហព័ន្ធ​ប្រជែង​គ្នា​ទៅ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន។

លោក​សុខ អាង បា​នប​បន្ថែមថា លោក​បាន​អញ្ជើញ​ខាង​អគ្គនាយក​កីឡា ឬ​តំណាង​ក្រសួង ហើយ​មាន​ការ​ឆ្លើយ​តប​ថា នឹង​មាន​វត្តមាន​លោក​ម៉ិល កាដូ អគ្គ​នាយក​រង​កីឡា​ចូលរួម ហើយ​មាន​ការ​អញ្ជើញ​ខាង​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​ដែរ ប៉ុន្តែ​គ្មាន​អ្នក​មក​ចូលរួម​សោះ។

លោក​សុខ អាង ដែល​មាន​ជំនាញ​ផ្នែក​ច្បាប់​កីឡា​ផង​នោះ មាន​ទស្សនៈ​ចង់​ឲ្យ​មាន​ការ​កែ​ទម្រង់ តាមរយៈ​ការ​លើក​ឡើង​ថា៖ «កីឡា​គួរ​តែ​កែ​ទម្រង់​ចាស់ៗ ដែល​មាន​ភាព​សាំ​ញ៉ាំ ស្មុគ​ស្មាញ ឬ​របប​ដឹកនាំ​បែប​អញ​និយម​នោះ​ចោល​ខ្លះ​ទៅ»។

ក្នុងនោះដែរ លោក​បញ្ជាក់ថា ដើម្បី​ឆ្ពោះទៅ​ស៊ី​ហ្គេម​លើក​ទី ៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​បាន លទ្ធផល​ល្អ​គួរ​តែ​គ្រប់​សហព័ន្ធ​កីឡា​ជាតិ​រក​គ្រូបង្វឹក​ជំនាញ​មក​ពី​បរទេស​ជួយ។

ចំណែក​លទ្ធផល​ជា​ផ្លូវការ វិញ្ញាសា​ឯកត្តជន​កាប់​ដាវ​នារី មេដាយ​មាស បាន​ទៅ​លើ​កីឡា​ការិនី​សន និច មកពី​ក្លិប​សន្ធរ​ម៉ុក។ មេដាយ​ប្រាក់​បាន​ទៅ​លើ​កីឡាការិនី​យី លីហ្សា មក​ពី​ក្លិប​ហូ​សាណា។ មេដាយ​សំរឹទ្ធ បាន​ទៅ​កីឡាការិនី ឆាយ លិន​លី​មក​ពី​ក្លិប​សន្ធរម៉ុក និង​មេដាយ​សំរឹទ្ធ​ស្ទួន បាន​ទៅ​វ៉ាន់ វីត្រា មក​ពី​ក្លិប​ហូសាណា។

វិញ្ញាសា​ឯកត្តជន​កាប់​ដាវ​បុរស មេដាយមាស​បាន​ទៅ​សារឿន ស​នុ មក​ក្លិប​សន្ធរម៉ុក​ខណៈ​មេដាយ​ប្រាក់​បាន​ទៅ​ជន ចម្រុង ក្លិប​ហូសាណា មេដាយ​សំរឹទ្ធ​បាន​ទៅ​កីឡាករ​សំ សិទ្ធិ​បញ្ញា មក​ពី​ក្លិប​សន្ធរម៉ុក ហើយ​លេខ ៣ ស្ទួន​បាន​ទៅ​លើ​មាស គឹម​ឡេង ក្លិប​ហូសាណា៕