ភ្នំពេញ៖ ​អ្នក​ប្រដាល់​លំដាប់​ជួរ​មុខ​ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម​ចំនួន ​៤ ​រូប ​មាន ឡូញ​ វណ្ឌី​, ព្រឿង​ សុជាតិ​, ទូច ​ដេវីត ​និង ​ធា ​វាសនា​ ​ត្រូវ​បាន​គណៈកម្មការ​ផ្គូផ្គង​ប្រចាំ​សង្វៀន​ថោន​ ដាក់​ឲ្យ​ប្រកួត​ដណ្តើម​​ប្រាក់​រង្វាន់​ចំនួន ​៣,​៤ ​លាន​រៀល​ នា​យប់​ថ្ងៃ​អាទិត្យ​ ខណៈ​កន្លង​មក សុជាតិ ធ្លាប់​ឈ្នះ​ប្រាក់​លាន​ម្តង​ហើយ រីឯ ទូច ​ដេវីត​ និង​ ឡូញ ​វណ្ឌី​ ធ្លាប់​ធ្លាក់​ចេញ​ពី​កម្ម​វិធី​នេះ​ដូច​គ្នា។​

លោក​ ឡុង ​វិបុល ​ជា​គ្រូ​បង្វឹក​ និង​ ​ឡូញ ​វណ្ឌី​ និយាយ​ដូច​គ្នា​ថា​ ​​វត្តមាន​របស់​ ​ព្រឿង​ សុជាតិ​ ទំនង​មាន​សមត្ថភាព​ល្អ​ លំបាក​ប្រកួត​ជាង​គេ ​បន្ទាប់​មក​ ទូច ​ដេវីត​ ដែល​ល្អ​កណ្តាប់​ដៃ​ និង​កម្លាំង​​ស៊ូហ្វ​ល្អ​ មិន​ងាយ​ស្រុត​ចុះ​ ​គឺ​​ការ​ប្រកួត​នេះ​លំបាក​ខ្លាំង​។

កីឡាករ វណ្ឌី​ ​និយាយ​ថា​៖ ​«ខ្ញុំ​ធ្លាប់​ចាញ់​ពិន្ទុ ព្រឿង សុជាតិ ម្តង​ ប៉ុន្តែ​ការ​ត្រៀម​ប្រកួត​លើក​នេះ ​ខ្ញុំ​ហ្វឹកហាត់​ និង​តាំង​ចិត្ត​ប្រកួត​យក​ឈ្នះ​ឲ្យ​បាន​វិញ ​ក្នុង​ទំនុក​ចិត្ត​ខ្ពស់។​ យ៉ាង​ណា​ក៏​ដោយ បើ​​សិន​វគ្គ​ដំបូង​ចាប់​ឆ្នោត​ប៉ះ​ ​ទូច ​ដេវីត ​និង ​ធា​ វាសនា​ ខ្ញុំ​គិត​ថា ​ស្រួល​ជាង ​ប៉ះ​​ជាមួយ​ ព្រឿង​ សុជាតិ​ ដែល​ពិត​ជា​​ឧបសគ្គ​ធំ​​ តែ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ ៧០ ​ភាគរយ»​។​

ចំណែក​ លោក ​ធន់ ​សុភា​ គ្រូ​បង្វឹក​ ​ព្រឿង ​សុជាតិ​ បាន​ប្រាប់​ថា​៖ «​សុជាតិ​ ហាត់​ត្រៀម​បាន​ល្អ​ ហើយ​ធ្លាប់​ទទួល​បាន​ជយលាភី​​ក្នុង​កម្មវិធី​ម្តង។​​ ចំណែក​កីឡាករ​ ​៣ នាក់​ ត្រៀម​ដាក់​ឲ្យ​ចាប់​ឆ្នោត​ប្រកួត​គ្នា ​​សប្តាហ៍​នេះ ​ខ្ញុំ​គិត​ថា​ ឡូញ​ វណ្ឌី ​និង ​ទូច ​ដេវីត ​លំបាក​ប្រកួត​ ​ព្រោះ​គេ​មាន​បច្ចេកទេស​ប្រហាក់​ប្រហែល​គ្នា ​អ៊ីចឹង​ការ​ចាញ់ ​ឬ​ឈ្នះ​ សុទ្ធ​តែ​ប្រទាញ​ប្រទង់​គ្នា​លំបាក​ខ្លាំង​ណាស់​ ប៉ុន្តែ​បើ​ប៉ះ ​ធា ​វាសនា ​ដូច​ជា​មិន​សូវ​ខ្វល់​ឡើយ​»។

លោក​បាន​និយាយ​​​បន្ថែម​ថា៖ ​«ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​ជា​គ្រូ​ មាន​ជំនឿ​ និង​សង្ឃឹម​ឈ្នះ ​៧០ ​ភាគរយ គ្រាន់​តែ​វា​មាន​លក្ខណៈ​តានតឹង»​។ រីឯ ​​ព្រឿង ​សុជាតិ​ និយាយ​ថា​៖ «​ខ្ញុំ​រំពឹង​​ឈ្នះ ​៨០ ​ភាគរយ​ ហើយ​រវាង ​ឡូញ ​វណ្ឌី​ និង​ ទូច ​ដេវីដ ​ខ្ញុំ​គិត​ថា ​ដេវីត ​លំបាក​ឈ្នះ​ជាង​ ដោយសារ​កណ្តាប់​ដៃ​ និង​កម្លាំង​វាយ​ចេញ​ខ្លាំង និង​ធ្ងន់ៗ​ណាស់​ គឺ​បើ​គេច​មិន​ទាន់​អាច​ស្រុត​ចុះ​តែ​ម្តង»​។​

ដោយ​ឡែក លោក ​ម៉ាក់ ​សុខន ​គ្រូ​បង្វឹក​របស់​ ធា​ វាសនា​ បាន​ប្រាប់​ថា​៖ «​វាសនា​ មិន​ធ្លាប់​ចូល​ប្រកួត​ដណ្តើម​ប្រាក់​លាន​នេះ​ទេ​ ហើយ​ខ្ញុំ​មិន​ហ៊ាន​វាយ​តម្លៃ​មុន​ឡើយ ​​ព្រោះ​កីឡាករ ​៣ ​នាក់​ទៀត​ មាន​សមត្ថភាព​ខ្លាំង ​ល្បី​គួរ​សម ​ដែល​សុទ្ធ​តែ​ជាកីឡាករ​មាន​កម្លាំង​​នៅ​រឹងមាំ ​ថេរ​ល្អ ​និង​វ័យ​ក្មេង​ដូច​គ្នា​»។

លោក​​បន្ថែម​ថា​៖​ «តាម​ពិត​ ធា​ វាសនា​ ឡើង​ប្រដាល់​យូរ​គួរសម​ដែរ ​ក្នុង​ជំនាន់​​ស្រករ​គ្នា​ហ្នឹង ​ប៉ុន្តែ​មិន​សូវ​ល្បីល្បាញ​ដោយ​មិន​ទាន់​មាន​ឱកាស​ចូល​​ប្រកួត​នៅ​ក្នុង​កម្មវិធី​ដណ្តើម​​ពាន​ ឬ​ខ្សែ​ក្រវាត់​ដូច​គេ​។ ​យ៉ាង​ណា​ ខ្ញុំ​គិត​ថា ​សង្ឃឹម​មិន​ច្រើន​ទេ ​តែ​ធានា​ចូល​វ៉ៃ​អស់​ពី​សមត្ថភាព​»។

ចំពោះ ទូច ​ដេវីត​ និង​ គ្រូ​បង្វឹក​ក្លិប​​អរុណរះ​កីឡា លោក ​អាត សំរិទ្ធ មិន​អាច​ទាក់ទង​សម្ភាស​បាន​ទេ ​ប៉ុន​លោក​ ជួប ​វុត្ថា ​អ្នក​ផ្គូផ្គង​ការ​ប្រកួត​នៅ​សង្វៀន​ថោន បាន​អះអាង​​ថា​៖​ «កីឡាករ​ទាំង ​៤ ​រូប ​ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម​នេះ​ ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​ខ្លាំង ​ដោយ​ខាង​សង្វៀន​យើង​បាន​ពិនិត្យ​លើ​ការ​ប្រកួត​ជាក់​ស្តែង​ថ្មីៗ​ ដើម្បី​ឲ្យ​ការ​ប្រកួត​មាន​ភាព​ទាក់ទាញ ​និង​ជា​ការ​ប្រកួត​មិន​មែន​លំៗ​ យក​លុយ​ទេ គឺ​​គ្រប់​កីឡាករ​នៅ​សង្វៀន​ថោន ​ត្រូវ​តែ​ប្រកួត​អស់​ពី​សមត្ថភាព»​៕​