ភ្នំពេញ៖ ​កីឡាករ អេលីត សាន់, ណាម ម៉ូរ៉ាក់ និង ទូច ដាវីដ បាន​ស្ថិត​ក្នុង​បេក្ខភាព​ត្រូវ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ​៦០ ​គីឡូក្រាម ក្នុង​កម្មវិធី Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន​នា​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ គឺ​​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា ដែល​​ធ្វើ​ឲ្យ​ពួក​គេ​ហាក់​មាន​ការ​ខ្លាច​រអា​គ្នា​មុន​ការ​ប្រកួត​មក​ដល់ ប៉ុន្តែ​បេក្ខភាព​ទី​៤ សេក ចាន់រាជ មិន​ត្រូវ​បាន​ស្ថិត​ក្នុង​ការ​បារម្ភ​របស់​អ្នក​ទាំង ៣ ​នោះ​ឡើយ។​

លោក​ សៅ​ ប៊ុនធឿន ​ហៅ​គ្រូ​ញ៉ែ ​ជា​គ្រូ​បង្វឹក​របស់​ ​ណាម​ ម៉ូរ៉ាក់​ បាន​ប្រាប់​ថា​៖ «​ចំពោះ​បេក្ខភាព ​៣ នាក់​ទៀត ​សុទ្ធ​តែ​ខ្លាំង​ដូច​គ្នា ហើយ​​ការ​ប្រកួត​តឹងតែង​ដូច​គ្នា ​ប៉ុន្តែ​បើ​ប៉ះ​​ សេក​ ចាន់រាជ ​គឺ​អាច​ឈ្នះ​បាន​ ​ព្រោះ​កន្លង​មក​​ធ្លាប់​ឈ្នះ ​២ ​លើក​មក​ហើយ​។​ បច្ចុប្បន្ន ​ម៉ូរ៉ាក់​ កំពុង​ហ្វឹកហាត់​ជា​ប្រចាំ​ត្រៀម​បាន​ល្អ ​ហើយ​បើ​ចាប់​គូ​ប៉ះ ​អេលីត​ សាន់​ បែប​លំបាក​ឈ្នះ​ ​ព្រោះ​អាច​ចាញ់​ផ្នែក​កម្លាំង​ ​ពី​ព្រោះ​គេ​ក្មេង​ជាង ​កម្លាំង​​ល្អ​ជាង ​ហេតុ​នេះ​ខ្ញុំ​ជា​គ្រូ​សង្ឃឹម​ឈ្នះ​ត្រឹម ​៥០ ​ភាគរយ​ ប៉ុន្តែ​បើ​​ប៉ះ ​២ ​នាក់​ទៀត​ គឺ​មិន​លំបាក​ខ្លាំង​ទេ»​​។​

កីឡាករ ​ណាម​ ម៉ូរ៉ាក់​ ប្រកួត​តាំង​ពី​ក្មេង​បាន​ចំនួន​ច្រើន​ជាង ​៣០០ ​ដង ចំណែក​​ការ​ប្រកួត ​៩ ​សប្តាហ៍​ជាប់​ៗ​គ្នា​​នេះ ​ណាម ​ម៉ូរ៉ាក់ ​ឈ្នះ ​៤ ​ចាញ់ ​៤ ​និង​ស្មើ ​១ ​ដង​។ យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​នេះ ណាម ម៉ូរ៉ាក់ នៅ​មិន​ទាន់​ដឹង​ថា ត្រូវ​ជួប​បេក្ខភាព​រូប​ណា​នោះ​ទេ ព្រោះ​អ្នក​ទាំង ​៤ ​នេះ តម្រូវ​ឲ្យ​ធ្វើ​ការ​ចាប់​ឆ្នោត​មុន​ការ​ប្រកួត​ជម្រុះ ដែល​មាន ​៣ ទឹក ហើយ​អ្នក​ឈ្នះ ត្រូវ​ឡើង​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ ដោយ​ប្រកួត​គ្នា ​៩ នាទី​ពេញ តាម​ច្បាប់ ​Mas Fight ខណៈ​អ្នក​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ទើប​អាច​ក្លាយ​ជា​ជើង​ឯក តែ​បើ​គ្មាន​អ្នក​សន្លប់​ចាត់​ទុក​ថា​ស្មើ​គ្នា។​

ចំណែក ​លោក ​ស៊ន ​អេលីត ​គ្រូ​បង្វឹក ​អេលីត​ សាន់​ និយាយ​ថា​៖ «​ក្នុង​ចំណោម​អ្នក​ប្រដាល់​ទាំង ​៣ ​នាក់​នេះ​ អេលីត​ សាន់​ មាន​ប្រៀប​ឈ្នះ​ច្រើន​ ប៉ុន្តែ​បញ្ហា​ខកខាន​ប្រកួត​យូរ​របស់ ​អេលីត ​សាន់ ​ដោយសារ​ជាប់​ពិន័យ​នោះ​ ធ្វើ​ឲ្យ​ខ្ញុំ​មិន​ហ៊ាន​អះអាង ​ឬ​ព្យាករ​ពី​លទ្ធផល​មុន​បាន​ទេ ព្រោះ​​អាច​វា​គាំង​។​ ​កាល​ពី​មុន ​អេលីត​ សាន់​ ធ្លាប់​ឈ្នះ​ ​ណាម ​ម៉ូរ៉ាក់​ ប៉ុន្តែ​ពេល​នេះ ​ណាម ​ម៉ូរ៉ាក់ ​​មាន​វិជ្ជា​គុន​រីក​ចម្រើន​ជាង​មុន ​គឺ​លំបាក​ឈ្នះ​ដែរ ​​ហេតុ​នេះ​បើ​ជួប ​ទូច ​ដាវីត ​ឬ ​សេក ​ចាន់រាជ ​គឺ​សង្ឃឹម​ឈ្នះ​ ១០០ ​ភាគរយ​»​។​

លោក​​បន្ថែម​ថា៖ ​«ក្នុង​​ករណី​ អេលីត​ សាន់​ ​ប៉ះ​ ​ណាម ​ម៉ូរ៉ាក់ ​វគ្គ​ផ្តាច់​ព្រ័ត្រ អាច​នឹង​មាន​អ្នក​សន្លប់​មិន​ខាន​ ​ព្រោះ​វ៉ៃ​សម្រុក​គ្មាន​សំចៃ​កម្លាំង​ដូច​គ្នា ​ប៉ុន្តែ​បើ​ជួប​គ្នា​នៅ​ក្នុង​វគ្គ​ជម្រុះ ​៣ ទឹក ​អេលីត​ សាន់ ​ពិត​ជា​លំបាក​ទស្សន៍ទាយ​ណាស់​ គឺ​ ១ ​ចាន​ទឹក ​១ ​ចាន​គោក​ទេ​»។ ​

ចំណែក លោក​ អាត​ សំរិទ្ធ​ គ្រូ​បង្វឹក ​ទូច ​ដេវីត ប្រាប់​ថា​៖ ​«ដេវីត​ ហាត់​បាន​ល្អ​ ហើយ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ត្រឹម​ ៥០ ​ភាគរយ​ប៉ុណ្ណោះ​ ព្រោះ​កីឡាករ​ជើង​ចាស់ ​ណាម ​ម៉ូរ៉ាក់ ​និង ​អេលីត​ សាន់​ គឺ​ជា​ឧបសគ្គ​ធំ​​ក្នុង​នោះ ណាម​ ម៉ូ​រ៉ាក់ ​ល្អ​គ្រប់​ផ្នែក​ ​ចំណែក​ អេលីត​ សាន់​ ល្អ​កណ្តាប់​ដៃ​ ហេតុ​នេះ​គឺ​សុទ្ធ​តែ​លំបាក​ឈ្នះ​តែ​ម្តង​។​ ដេវីត​ បើ​ចេញ​កណ្តាប់​ដៃ​បាន​ មាន​ប្រសិទ្ធ​ភាព​ គឺ​សង្ឃឹម​ឈ្នះ​ខ្ពស់ ប៉ុន្តែ​យើង​មាន​ចំណុច​ខ្សោយ​ដែរ ​លើ​​បញ្ហា​ក្បាច់​ជង្គង់ ​យើង​វាយ​មិន​ទាន់​គេ​ទេ គឺ​​ពេល​គេ​ចាប់​បាន​​លំបាក​ណាស់​ អាច​​ចាញ់​ប្រៀប​តែ​ម្តង»​។​

លោក ​ហ៊ិន ​សៃ​ហេង​ អតីត​អ្នក​ប្រដាល់​សកល ហើយ​​បច្ចុប្បន្ន​ជា​គណៈកម្មការ​ចៅក្រម​អាជ្ញា​កណ្តាល​បាន​​ប្រាប់​ថា​៖ «​តាម​ខ្ញុំ​មើល ​ទូច ​ដេវីត ​និង ​អេលីត ​សាន់​ ​នៅ​ខ្ចី​វស្សា​មែន​ ប៉ុន្តែ​ក្បាច់​កណ្តាប់​ដៃ​ធ្ងន់ ​និង​រហ័ស ​យើង​មិន​អាច​ប៉ាន់​ស្មាន​បាន​ទេ គឺ​អាច​នឹង​មាន​ឱកាស​ផ្តួល​គ្នា​ឲ្យ​សន្លប់​បាន​ ប៉ុន្តែ​ ណាម​ ម៉ូរ៉ាក់​ និង​ សេក​ ចាន់រាជ ​​មាន​ក្បាច់​គុន​ចម្រុះ​ និង​​អាច​គេច​ពី​ក្បាច់​កណ្តាប់​ដៃ​បាន ហើយ​​លេង​ជង្គង់​ក៏​មាន​ឱកាស​ឈ្នះ​បាន​ដែរ​»៕