
ភ្នំពេញៈ ខ្សែប្រយុទ្ធ គួច សុគម្ភៈ បានខកខានឱកាសក្នុងការបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិ និងក្លិបភ្នំពេញក្រោន បន្ទាប់ពីរងរបួសជើងឆ្វេង (សរសៃពួរជង្គង់) ក្រោយការប៉ះទង្គិចជាមួយអ្នកចាំទី ប៉េង ប៊ុនឆាយ របស់ចម្ការកៅស៊ូបឹងកេត កាលពីថ្ងៃទី១១ ខែកក្កដា ដែលនៅពេលនោះ បឹងកេតឈ្នះភ្នំពេញក្រោន ៥-១។
គួច សុគម្ភៈ វ័យ២៥ឆ្នាំ មានឈ្មោះយ៉ាងទៀងទាត់នៅក្នុងក្រុមជម្រើសជាតិ បើគិតចាប់តាំងពីឆ្នាំ២០០៦មក។ សម្រាប់ការប្រកួតនៅក្លិបអាជីពវិញ សុគម្ភៈ បានសាងភាពល្បីល្បាញនៅក្នុងក្រុមខេមរាកីឡាពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១០ មុននឹងផ្ទេរទៅកាន់ភ្នំពេញក្រោនរហូតដល់សព្វថ្ងៃនេះ។
ក្នុង អាជីពប្រាំឆ្នាំជាមួយខេមរា សុគម្ភៈ បានឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន មួយលើក និងទទួលបានស្បែកជើងមាសចំនួនបីលើកសម្រាប់ពានរង្វាន់នេះ។ កាលពីឆ្នាំមុន គេគឺជាសមាជិកដែលនាំឲ្យភ្នំពេញក្រោនទទួលបានជើងឯកក្របខ័ណ្ឌ មិត្តហ្វូនខេមបូឌានលីក។
កីឡាករដែលមានកំណើតនៅខេត្តកំពង់ធំ រូបនេះ បាននិយាយជាមួយលោក អ៊ឹង ចំរើន ការីនិពន្ធព័ត៌មានកីឡា នៅក្នុងបទសម្ភាសខ្លីមួយកាលពីថ្ងៃម្សិលមិញ។
តើស្ថានភាពរបស់ លោក មកដល់ពេលនេះ មានការវិវត្តបែបណាហើយ?
សុគម្ភៈ៖ ខ្ញុំពិតជាមានការប្រឹងប្រែងខ្លាំងណាស់ ក្រោយទទួលការវះកាត់យ៉ាងជោគជ័យនៅប្រទេសវៀតណាមកាលពីជាងមួយ ខែមុន។ ខ្ញុំតែងតែហាត់ប្រាណទៅតាមការណែនាំរបស់គ្រូពេទ្យ តាមរយៈការធាក់កង់១ថ្ងៃបីដង ហើយក្នុងមួយដងមានចំនួនជាង១០នាទី។ ខ្ញុំហាត់លើកជើងក្រោមទម្ងន់ដែកជាប្រចាំ។ បន្ថែមពីលើនេះ ក្រោយចេញពីក្លិបហាត់ប្រាណ ខ្ញុំតែងតែលេងកីឡាវាយកូនបាល់ជាមួយភរិយា និងបងប្អូនផងដែរ។ បច្ចុប្បន្ន ខ្ញុំមានសភាពធូរស្រាលពី៦០ ទៅ៧០ភាគរយហើយ។
តើលោកនឹកសកម្មភាពនៅលើទីលានដែរឬទេ?
សុគម្ភៈ៖ ពិតណាស់បង។ ខ្ញុំធ្លាប់តែលេងឲ្យគេមើល ប៉ុន្តែនៅពេលអង្គុយមើលគេលេងវិញ ខ្ញុំពិបាកក្នុងអារម្មណ៍ខ្លាំងណាស់។ ការខកខានក្នុងការជួយក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ប្រកួត ជម្រុះ AFF Suzuki Cup និងជួយភ្នំពេញក្រោនក្នុងព្រឹត្តិការណ៍ AFC President's Cup គឺជាការខកចិត្តដ៏ធំមួយសម្រាប់អាជីពរបស់ខ្ញុំ។ សម្រាប់ក្រុមជម្រើសជាតិ ខ្ញុំបានហ្វឹកហាត់ជាមួយគ្រូជាច្រើន ហើយខ្ញុំសោកស្តាយណាស់ដែលមិនបានហ្វឹកហាត់ជាមួយលោក ហុក សុចិត្រា។ បន្ថែមពីលើនេះទៀត ខ្ញុំចង់ស្គាល់មីយ៉ាន់ម៉ាដែលជាប្រទេស ខ្ញុំមិនធ្លាប់បានទៅដល់។ ខ្ញុំពិតជានឹកសកម្មភាពនៅលើទីលានខ្លាំងណាស់។
តើកីឡាកររូបណាដែលលោកគិតថានឹងលេចធ្លោសម្រាប់ក្រុមជម្រើសជាតិកម្ពុជា?
សុគម្ភៈ៖ ខ្ញុំមានជំនឿថាខ្សែបម្រើ សុះ ស៊ូហាណា ដែលជាមិត្តរួមក្រុមភ្នំពេញក្រោនរបស់ខ្ញុំ នឹងក្លាយជាកម្លាំងដ៏សំខាន់របស់ក្រុមជម្រើសជាតិ។ ហាណា គឺជាក្មេងម្នាក់ដែលមិនចេះមាត់កឡើយ ប៉ុន្តែគេគឺជាកីឡាករដែលមានទម្រង់លេងល្អ ហើយប្រឹងប្រែងហ្វឹកហាត់ជានិច្ច។ ខ្ញុំមិនដែលឮគេនិយាយរអ៊ូរទាំ ម្តងណានោះឡើយ។
តើលោកមានការរំពឹងយ៉ាងណាចំពោះលទ្ធផលនៃក្រុមជម្រើសជាតិ ក៏ដូចជាក្លិបភ្នំពេញក្រោននាអំឡុងអវត្តមានរបស់លោក?
សុគម្ភៈ៖ ខ្ញុំពិតជាពិបាកនិយាយណាស់ ប៉ុន្តែអ្វីៗនឹងមានដំណើរការល្អ។ បច្ចុប្បន្ន ក្នុងនាមជាអ្នកគាំទ្រម្នាក់ ខ្ញុំសូមជូនពរឲ្យក្រុមជម្រើសជាតិ ក៏ដូចជាក្លិបភ្នំពេញក្រោន ទទួលបានជោគជ័យសម្រាប់ព្រឹត្តិការណ៍នៅពេលខាងមុខ។
តើមានដំណឹងល្អអ្វីទេ ក្រោយរៀបអាពាហ៍ពិពាហ៍កាលពីពាក់កណ្តាលខែមករាមក?
សុគម្ភៈ៖ សើច...ភរិយារបស់ខ្ញុំ [អឿ រ៉ាវី] បានពពោះអស់រយៈពេល៤ខែហើយ។ តាមការពិនិត្យជំហានដំបូង កូនរបស់ពួកយើងគឺជាកូនប្រុស៕