ក្រុង​ដុយណេដាំង៖ អ្នក​គាំទ្រ​ជាង ២ ម៉ឺន​នាក់ បាន​ធ្វើ​ជា​សាក្សី​ដល់​ការ​ប្រកួត​បាល់​ឱប​ដែល​ក្រុម Otago Highlanders ​ឈ្នះ​ក្រុម​ Waikato Chiefs យ៉ាង​ប្រកៀក​ប្រកិត ២៨-២៧ កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ប្រទេស​នូវែល​សេឡង់ ​ស្វាគមន៍​ការ​វិល​វិញ​​របស់​វិស័យ​​​​កីឡា​ដ៏​សំខាន់​របស់​ជាតិ​ ក្រោយ​កើត​មាន​វិបត្តិ​វីរុស​កូរ៉ូណា​។

ក្នុង​នាម​ជា​ការ​ប្រកួត​កីឡា​​មួយ​​ដំបូង​គេ ដែល​គ្មាន​កម្រិត​​ទស្សនិកជន​នោះ​ ពិត​ជា​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ចូលរួម​ខក​បំណង​ឡើយ ក្រោយ​ក្រុម​ទាំង ​២ ធ្វើ​បាន​ល្អ​ដូច​គ្នា​ បើ​ទោះ​ជា​ចុង​ក្រោយ​កីឡាករ​ក្រុម​​​ Highlanders គឺ Bryn Gatland ជា​អ្នក​ធ្វើ​ឲ្យ​ក្រុម Chiefs ចាញ់​ទាំង​មិន​អស់​ចិត្ត​ត្រឹម​តែ ១ ​ពិន្ទុ​ក៏​ដោយ​។

កម្មវិធី​ប្រកួត​បាល់​ឱប Super Rugby Aotearoa កាល​ពី​ចុង​សប្ដាហ៍​​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បរិយាកាស​យ៉ាង​អ៊ឹកធឹក នៅ​ឯ​កីឡដ្ឋាន Forsyth Barr ពោល​គឺ​ត្រឹម​តែ ៦ ​ថ្ងៃ ក្រោយ​ប្រទេស​នូវែល​សេឡង់ បាន​ប្រកាស​ថា ខ្លួន​គ្មាន​ជំងឺ​កូវីដ​ ១៩ ទៀត​ទេ ហើយ​បាន​លុប​​ចេញ​នូវ​ច្បាប់​រឹត​បន្តឹង​ដែល​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​ ក្នុង​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​។​​​

អ្នក​គាំទ្រ​ម្នាក់​ឈ្មោះ Jordan បាន​និយាយ​ប្រាប់ AFP ថា​៖ «​ការ​ពិត​ការ​ដែល​អាច​មក​មើល​ការ​ប្រកួត​បាល់​ឱប​នេះ ក្រោយ​ការ​ឃាំង​ខ្លួន​នៅ​តែ​ក្នុង​ផ្ទះ ពួក​យើង​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​វែង​ឆ្ងាយ​មួយ តាំង​ពី​មាន​ជំងឺ​កូវីដ ១៩​។ ខ្ញុំ​គិត​ថា នូវែល​សេឡង់ ធ្វើ​បាន​ល្អ​គួរ​សម​»​។

ប្រធាន​ក្រុម​ Highlanders កីឡាករ Ash Dixon ​និយាយ​ថា​៖ «​ខ្ញុំ​មិន​គិត​ទាល់​តែ​សោះ​ថា វា​អាច​កើត​ឡើង​បែប​ហ្នឹង​បាន។ វា​មិន​​មែន​ជា​ការ​ប្រកួត​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ​ទេ តែ​យើង​រីក​រាយ​ដែល​បាន​ប្រកួត​ទល់​​ក្រុម​មាន​គុណភាព​ដូច Chiefs នេះ»​។

សម្រាប់​អ្នក​គាំទ្រ​​គ្មាន​អ្នក​ណា​ម្នាក់​ពាក់​ម៉ាស់​នៅ​នឹង​មុខ​ឡើយ។ នូវែល​សេឡង់​អះ​អាង​ថា​ មាន​ចំនួន​អ្នក​ឆ្លង​ ១ ១៥៤ ​ករណី ក្នុង​នោះ​​ស្លាប់​ ២២​ នាក់​ តែ​ ២២ ​ថ្ងៃ​ហើយ​ ​គ្មាន​ប្រកាស​​​​ពី​ករណី​ថ្មី​៕ AFP/VN