ភ្នំពេញ៖ ​អុក​ចត្រង្គ​​ជា​ប្រភេទ​កីឡា​ដ៏​ពេញ​និយម​បែប​ប្រពៃណី​របស់​ខ្មែរ ​ដែល​មាន​ការ​ជួប​គ្នា​លេង​ជា​​អចិន្រៃ្តយ៍​ទាំង​នៅ​តាម​គេហដ្ឋាន​ទី​ប្រជុំ​ជន ហើយ​ក៏​មាន​ការ​ប្រកួត​ជា​លក្ខណៈ​តូច ធំ រហូត​ដល់​ការ​ប្រកួត​ថ្នាក់​ជាតិ និង​ជ្រើស​រើស​ស្តេច​អុក​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ ប៉ុន្តែ​ព្រឹត្តិការណ៍​ទាំង​នោះ ត្រូវ​បាន​ផ្អាក​អស់​ទៅ​ហើយ។

កុំ​ថា​ឡើយ​ការ​ប្រកួត​កីឡា​អុក​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ និង​ការ​ប្រកួត​អុក​ ​មហាសង្ក្រាន ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ត្រូវ​បាន​ផ្អាក គឺ​សូម្បី​តែ​ទីតាំង​លេង​អុក​ជា​លក្ខណៈ​កម្សាន្ត​ប្រចាំ​ថ្ងៃ នៅ​តាម​គេហដ្ឋាន​ ​និង​នៅ​តាម​រោង​កាហ្វេ ពិសេស​កាហ្វេ​​ស្រី​អូន​ ដែល​ជា​ទីតាំង​ជួប​​គ្នា​​របស់​​ក្រុម​ជម្រើស​ជាតិ ក៏​ត្រូវ​បាន​ផ្អាក​សកម្មភាព​ដូច​គ្នា។

លោក​ គ្រួច​ ចន្ថារិទ្ធ ​ហៅ ​ត្រេន​ ដែល​ជា​គ្រូ​កីឡា​អុក​ចត្រង្គ​ជម្រើស​ជាតិ​​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​ល្បីល្បាញ​តាំង​ពី​ឆ្នាំ ​១៩៨០ ​នោះ​ បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​ ​ដោយ​មាន​បម្រាម​ពី​ក្រសួង​សុខាភិបាល​ និង​ដើម្បី​ការពារ​សុវត្ថិភាព​ពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ​នោះ ​ក្រុម​កីឡា​អុក​ចត្រង្គ​កម្ពុជា ​សម្រេច​ផ្អាក​ការ​ជួប​ជុំ​ហ្វឹកហាត់ ​និង​លេង​កម្សាន្ត​​ផ្សេងៗ ​រាប់​ទាំង​ជា​លក្ខណៈ​ឯកជន​ទាំង​អស់​។​

លោក ​គ្រួច ​ចន្ថារិទ្ធ បាន​​បន្ថែម​ថា​៖ «​គម្រោង​ហ្វឹកហាត់​សម្រាប់​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ប្រចាំ​ឆ្នាំ​ចំនួន ​៣​ មាន​ពាន​រង្វាន់​សហព័ន្ធ​ ការ​ប្រកួត​ជម្រើស​​ជើង​ឯក​ជាតិ​ និង​ពាន​រង្វាន់​​មហាចង្ក្រាន​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​ដូច​​ប្រភេទ​កីឡា​ផ្សេងៗ​ដែរ​ ព្រោះ​ការ​ជួប​ជុំ​គ្នា​នៅ​​កន្លែង​លេង​អុក​នេះ ​អាច​មាន​ផល​ប៉ះពាល់​ច្រើន​​​​នៃ​ការ​ឆ្លង​ជំងឺ​នេះ»។

គ្រូ​បង្វឹក​ជម្រើសជាតិ​រូប​នេះ​បាន​លម្អិត​ថា៖​ «​​ទាំង​អ្នក​លេងអុក​ ព្រម​ទាំង​​អ្នក​ឈរ​មើល ​និង​អង្គុយ​​មើល​ គឺ​នៅ​ជិតៗ​គ្នា​បំផុត ​ពិសេស​ការ​លេង​អុក​តែង​​និយាយ​ស្រែក​ឡូឡា​ អ៊ីចឹង​​បើ​មាន​នរណា​ម្នាក់​​មាន​ផ្ទុក​វីរុស​កូវីដ ១៩ ​​គឺ​ងាយ​ឆ្លង​ណាស់​ ហេតុ​នេះ​​ទើប​យើង​​សម្រេច​បិទ​តែ​ម្តង ​ដើម្បី​ចូលរួម​ចំណែក​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូវីដ ​១៩ ​ព្រោះ​​យើង​មើល​ឃើញ​ថា​ ការ​លេង​អុក​មាន​ហានិភ័យ​ឆ្លង​ច្រើន​ជាង​ប្រភេទ​កីឡា​ដទៃ»​។

យ៉ាង​ណា​ក៏​ដោយ ​លោក ​គុជ​ គឹមឡុង ​ប្រធាន​សហព័ន្ធ​កីឡា​កីឡា​អុកចត្រង្គ​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា ​​ប្រភេទ​កីឡា​អុក​ចត្រង្គ​កម្ពុជា​​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​ ត្រៀម​បញ្ចូល​ក្នុង​ការ​​ប្រកួត​ស៊ីហ្គេម​លើក​ទី ​៣២ ​​ក្នុង​ឆ្នាំ ​២០២៣ ​ដែល​ប្រទេស ​កម្ពុជា ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

លោក ​គុជ ​គឹមឡុង បាន​ប្រាប់​​បន្ថែម​ថា៖ ​«ជាមួយ​គ្នា​នេះ ​ជា​គោលការណ៍​របៀប​នៃ​ការ​លេង ​ឬ​ច្បាប់​ប្រកួត​បាន​គ្រោង​នឹង​ដាក់​ជា​ភាសា​អង់គ្លេស ​ដើម្បី​បញ្ជូន​​គ្រូ​បង្វឹក​​ទៅ​ផ្សព្វផ្សាយ​ពី​កីឡា​អុកចត្រង្គ​នេះ​ នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន ​ប៉ុន្តែ​បញ្ហា​កូវីដ ​១៩ ​វា​បាន​ប៉ះពាល់​ អ៊ីចឹង​​យើង​នឹង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​ជំនាញ​សិន​»។

ជាមួយ​គ្នា​នេះ លោក ​វ៉ាត់ ​ចំរើន​ អគ្គលេខាធិការ​ NOCC បាន​ឲ្យ​ដឹង​ដែរ​ថា៖ ​«​ពេល​នេះ​ប្រទេស ​មីយ៉ាន់ម៉ា​ ឡាវ​ វៀតណាម​ និង​ប្រទេស​មួយ​ចំនួន​ទៀត នៅ​ក្នុង​តំបន់​អាស៊ាន ​កំពុង​តែ​គាំទ្រ​ប្រភេទ​កីឡា​អុកចត្រង្គ​កម្ពុជា​នេះ​ជា​បន្តបន្ទាប់​ ហើយ​ក្នុង​ការ​ដាក់​បញ្ចូល​កីឡា​អុកចត្រង្គ​ ទៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី ​៣២ ​ឆ្នាំ ​២០២៣ ​នៅ​កម្ពុជា ​ហើយ​កម្ពុជា​ដែល​ជា​ម្ចាស់​ដើម​នៃ​ប្រភេទ​កីឡា​នេះ​ ត្រូវ​តែ​ចេញ​ទៅ​បង្រៀន​គេ​ពី​នីតិវិធី​នៃ​ការ​លេង ដែល​ក្នុង​កីឡា​ហៅ​ថា​ ច្បាប់​ល្បែង​»​៕​