
លោក Felix Dalmas ដែលខំប្រឹងដឹកនាំក្រុម U22 កម្ពុជាទាំងខ្លួនឯងមានរបួស។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំបាននាំគ្នាបង្ហូរទឹកភ្នែក បង្ហាញពីការសោកស្តាយចំពោះការចាញ់ក្រុម U22 ជម្រើសជាតិថៃដោយការទាត់បាល់ប៉េណាល់ទី ៥-៣ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U22 LG Cup 2019 កាលពីយប់ថ្ងៃអាទិត្យ។
ចំណែកលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាក៏បានបង្ហាញការខកចិត្តខ្លាំង ចំពោះការបាត់បង់ឱកាសទៅវគ្គផ្តាច់ព្រ័ត្រនេះផងដែរ ប៉ុន្តែលោកបានបង្ហាញពីមោទនភាពទៅលើការខិតខំប្រឹងប្រែងកូនក្រុមរបស់លោក និងបានលើកទឹកចិត្តពួកគេបន្តប្រឹងប្រែងបន្ថែមទៀតដើម្បីប្រជាជនកម្ពុជាទាំងមូល ពិសេសត្រៀមខ្លួនប្រកួតដណ្តើមយកលេខ ៣ និងលេខ ៤ ជាមួយក្រុម U22 វៀតណាមនៅពហុកីឡដ្ឋានជាតិរសៀលម៉ោង ៣:៣០ ថ្ងៃអង្គារនេះ។
គ្រូបង្វឹកជនជាតិអាហ្សង់ទីនលោក Felix Dalmas បាននិយាយក្រោយចាញ់ក្រុមថៃថា៖ «ខ្ញុំពិតជាមានមោទនភាពចំពោះកូនក្រុមរបស់ខ្ញុំ ព្រោះការប្រកួតនៅថ្ងៃនេះពួកយើងបានប្រឹងប្រែងលេងអស់ពីសមត្ថភាព ហើយខ្ញុំសូមឲ្យពួកគេប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រជាជនកម្ពុជាទាំងមូល»។
សម្រាប់ការប្រកួតនៅពហុកីឡដ្ឋានជាតិកាលពីយប់ថ្ងៃអាទិត្យនោះក្រុម U22 កម្ពុជាបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងការប្រកួតប្រជែងជាមួយក្រុម U22 ជម្រើសជាតិថៃ ហើយក្រុមទាំង ២ បានប្រកួតគ្នាយ៉ាងស្វិតស្វាញរហូតដល់ ១២០ នាទីនៅតែមិនអាចកំណត់ការឈ្នះចាញ់បាន ប៉ុន្តែក្រុម U22 កម្ពុជាបានចាញ់ក្រុមថៃ ៥-៣ នៅក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ខណៈ ស៊ិន កក្កដា បានស៊ុតគ្រាប់បាល់ទី ២ ឲ្យប៉ះរបារទីខាងលើស្របពេលកីឡាករទាំង ៥ នាក់របស់ថៃស៊ុតចូលទាំងអស់។
ជុំវិញការចាញ់ក្រុម U22 ថៃ ៥-៣ ដោយការទាត់បាល់ប៉េណាល់ទីនេះដែរ លោក Felix Dalmas បានសុំចិត្តដល់អ្នកគាំទ្រកម្ពុជាទាំងអស់កុំផ្តោតខ្លាំងតែទៅលើលទ្ធផល។ លោកបាននិយាយថា៖ «សូមបងប្អូនអ្នកគាំទ្រទាំងអស់ កុំផ្តោតតែទៅលើលទ្ធផលម្យ៉ាង ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងគួរតែផ្តោតទៅលើការរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមយើងទាំងមូល»។
ដោយឡែកក្រុម U22 កមវៀតណាមបានធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីពួកគេបានចាញ់ក្រុមឥណ្ឌូនេស៊ី ១-០ ហើយខ្សែប្រយុទ្ធ Luthfi ជាអ្នកទាត់បាល់ហ្វ្រីឃីកបញ្ចូលទីនៅនាទីទី ៧០ ដើម្បីជួយឲ្យក្រុម U22 ឥណ្ឌូនេស៊ី ឈ្នះលើកនេះ។ ចំណែកល្ងាចម៉ោង ៦:៣០ ថ្ងៃអង្គារនេះ ឥណ្ឌូនេស៊ីត្រូវប្រកួតផ្តាច់ព្រ័ត្រជាមួយក្រុមថៃនៅពហុកីឡដ្ឋានជាតិនេះដែរ៕