The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គ្រូ​កម្ពុជា និង​ម៉ុងហ្គោលី សុទ្ធ​​តែ​រំពឹង​បាន​ផល​ល្អ នា​ជំនួប​ថ្ងៃ​នេះ

គ្រូ​កម្ពុជា និង​ម៉ុងហ្គោលី សុទ្ធ​​តែ​រំពឹង​បាន​ផល​ល្អ នា​ជំនួប​ថ្ងៃ​នេះ

Content image - Phnom Penh Post
លោក Michael WeiB (ឆ្វេង) និង​លោក Felix Dalmas ​ចាប់ដៃ​ស្វាគមន៍​គ្នា ក្នុង​សន្និសីទ​​​។ រូប ហ៊ាន រង្សី

គ្រូ​កម្ពុជា និង​ម៉ុងហ្គោលី សុទ្ធ​​តែ​រំពឹង​បាន​ផល​ល្អ នា​ជំនួប​ថ្ងៃ​នេះ

ភ្នំពេញ៖ ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ ​ដើម្បី​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​ម៉ុងហ្គោលី នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​គ្រូ​បង្វឹក​របស់​ក្រុម​ទាំង ​២ សុទ្ធ​តែ​រំពឹង​ទទួល​​បាន​ផល​​ប្រយោជន៍​ពី​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នេះ ដើម្បី​ពង្រឹង​សមត្ថភាព​កូន​ក្រុម​រៀងៗ​​ខ្លួន សម្រាប់​ត្រៀម​បន្ត​​ការ​ប្រកួត​ជម្រុះ​ជុំ​ទី ​២ ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក (FIFA World Cup Qatar 2022) ជាមួយ​ក្រុម​ហុងកុង និង​មីយ៉ាន់ម៉ា នៅ​ក្រៅ​ទឹក​ដី​ដូច​គ្នា។

លោក Felix Dalmas គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ចាត់​ទុក​ក្រុម​ម៉ុងហ្គោលី​ ថា​ មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​ក្រុម​ជម្រើសជាតិ​ហុងកុង ដែល​ក្រុម​កម្ពុជា នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប នៅ​ថ្ងៃទី ​១៩ ខែ​វិច្ឆិកា ខាង​មុខ​នេះ ខណៈ​ការ​ប្រកួត​ជើង​ទី ​១ ក្នុង​ទឹក​ដី កម្ពុជា បាន​​ស្មើ ១-១ ជាមួយ​ក្រុម​ហុងកុង។

គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន លោក Felix បាន​និយាយ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ពុធ​ថា៖ «ម៉ុងហ្គោលី គឺ​ជា​ក្រុម ដែល​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​ហុងកុង ដូច្នេះ​ការ​ប្រកួត​ជាមួយ​ក្រុម​ម៉ុងហ្គោលី លើក​នេះ វា​នឹង​ក្លាយ​ជា​ការ​រៀបចំ​ដ៏​ល្អ​​សម្រាប់​យើង ហើយ​យើង​សង្ឃឹម​ថា យើង​នឹង​លេង​ទៅ​តាម​ប្រព័ន្ធ និង​ទម្រង់​​របស់​យើង ព្រោះ​ពួក​គេ​ពិត​ជា​គូ​ប្រជែង​ដ៏​ល្អ​សម្រាប់​យើង»។ 

លោក Felix បាន​បន្ថែម​ថា៖​ «​នេះ​ជា​ការ​ប្រកួត​ក្នុង​ដី​លើក​ចុង​ក្រោយ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​មក​ចូលរួម​គាំទ្រ។ កីឡាករ​​របស់​យើង កំពុង​ហ្វឹកហាត់​យ៉ាង​ខ្លាំង ដើម្បី​អនុវត្ត​បាន​ល្អ និង​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ដ៏​ល្អ​មួយ​ផង​ដែរ ហើយ​ការ​លេង​នៅ​ក្នុង​ដី​របស់​យើង នឹង​ជួយ​ឲ្យ​យើង​ទទួល​​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ ជុំវិញ​ការ​ទទួល​បាន​នូវ​​ថាមពល និង​កម្លាំង​ចិត្ត ហេតុ​នេះ​យើង​នឹង​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​ធ្វើ​ឲ្យ​អ្នក​រីករាយ។ ​យើង​ត្រូវ​តែ​រួម​គ្នា ហើយ​យើង​នឹង​យក​ថាមពល​ទាំង​នេះ ទៅ​ប្រកួត​ជាមួយ​ក្រុម​ហុងកុង ផង​ដែរ»។

ចំណែក​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ម៉ុងហ្គោលី លោក ​ Michael WeiB ​​បាន​ចាត់​ទុក​ការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ថា​ជា​ពេល​វេលា​ដ៏​ល្អ​សម្រាប់​ក្រុម​របស់​លោក ក្នុង​ការ​ទទួល​បាន​​ទាំង​បទ​ពិសោធ ពិសេស​អាច​សម្រប​ខ្លួន​បាន​ល្អ ​ទៅ​នឹង​សីតុណ្ហភាព នៅ​តំបន់​អាស៊ាន​នេះ មុន​ពេល​ក្រុម​ម៉ុងហ្គោលី ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី ​១៩ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

លោក Michael WeiB បាន​ថ្លែង នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ពុធ​ថា៖ ​«ពេល​នេះ​ នៅ​ម៉ុងហ្គោលី​ មាន​សីតុណ្ហភាព​ដក ​២០ ​អង្សា​ឯណោះ ហើយ​ក្នុង​ស្ថានភាព​នេះ កីឡាករ​របស់​យើង​អាច​ហ្វឹកហាត់​បាន ប៉ុន្តែ​ក៏​មាន​បញ្ហា​ជា​ច្រើន​ផង​ដែរ សម្រាប់​ពួក​យើង ពេល​លេង​ជាមួយ​​ក្រុម​មីយ៉ាន់ម៉ា អ៊ីចឹង​ហើយ​ការ​ប្រកួត​មិត្តភាព​ជាមួយ​កម្ពុជា លើក​នេះ ​គឺ​យើង​បាន​​ហ្វឹកហាត់​ក្នុង​សីតុណ្ហភាព​ក្ដៅល្មម​ ដែល​​ស្ថានភាព​បែប​​នេះ ធ្វើ​ឲ្យ​យើង​អាច​សម្រប​ខ្លួន​បាន​​ល្អ​ មុន​ទៅ​ជួប​ក្រុម​មីយ៉ាន់ម៉ា»។

គ្រូ​បង្វឹក​ជនជាតិ​អាល្លឺម៉ង់​រូប​នេះ បាន​បន្ថែម​ថា៖ ​«​ការ​​ហ្វឹកហាត់​យូរ​ថ្ងៃ​នៅ​កម្ពុជា បាន​ជួយ​យើង​​ច្រើន ហើយ​ម្យ៉ាង​ទៀត ជម្រើស​ជាតិ​កម្ពុជា គឺ​ជា​ក្រុម​ខ្លាំង​មួយ​ពេល​ពួក​គេ​​លេង​ក្នុង​ទឹក​ដី​ខ្លួន​ឯង ដែល​មាន​អ្នកគាំទ្រ​ច្រើន អ៊ីចឹង​ហើយ​​យើង​នឹង​លេង​ឲ្យ​អស់​ពី​សមត្ថភាព​សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម​កម្ពុជា ​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​បែប​នេះ»៕

អត្ថបទគួរចាប់អារម្មណ៍