ភ្នំពេញ៖ អតី​ត​ប្រធាន​សហព័ន្ធ​ខ្មែរកីឡា​ហាប់​គី​ដូ​និង​ជា​គ្រូ​បង្វឹក​កីឡា​ប្រ​ភេទ​ប្រ​យុទ្ធ​​នៅ​ញូវយ៉ក​សហរដ្ឋ​អាមេរិក លោក សេង ប៊ុនសុង ​បានធ្វើ​ដំណើរ​​មក​ដល់​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី ៥​ ខែ​ ឧសភា​ ឆ្នាំ ​២០២១​ ប៉ុន្តែ​ត្រូវ​ដាក់​ឱ្យ​​ជាប់​ក្នុង​ចត្តាឡី​ស័ក​ចំនួន​ ១៤ ​ថ្ងៃ ​នៅ​រាជ​ធានី​ភ្នំពេញ​។​

ការ​វិល​ត្រឡប់​មក​មាតុ​ប្រទេស​វិញ​នេះ​គឺ​តាម​គម្រោង​របស់​លោក ប៊ុនសុង ​ដែល​បាន​សន្យា​ថា​​ឆាក​ជីវិត​ចុង​ក្រោយ​ លោកចង់​មក​បញ្ចេញ​សមត្ថភាព​ជា​គ្រូ​បណ្តុះ​បណ្តាល​ និង​ផ្តល់​នូវ​ចំណេះ​ដឹង​ឱ្យ​​កូន​ខ្មែរ​ក្នុង​គោល​បំណង​បាន​ចូល​រួម​សកម្ម​ភាព​កីឡា​ដើម្បី​បម្រើ​ជាតិ​មាតុ​ភូមិ​។

​ជា​មួយ​នឹង​ផែន​ការ​ចូល​រួម​ក្នុង​វិស័យ​កីឡានេះ ​លោក​ សេង​ ប៊ុន​សុង ​​ធ្លាប់​បានមក​កម្ពុជា​កាល​ឆ្នាំ ​២០១៦ ​ម្តង​ គឺ​ចំពេលកម្ពុជា រៀបចំការប្រកួត​​កីឡា​ជាតិ​លើក​ទី១​ ប៉ុន្តែ​ការ​ពន្យា​រពេល​មកកម្ពុជា មក​ដល់​ពេល​នេះ​ដោយសារលោក​មិន​ទទួលបាន​ការ​ឯក​ភាព​​ពី​គ្រួសារ​។ ទោះ​យ៉ាងណា ​មក​ដល់​​បច្ចុប្បន្ន​លោក​​បាន​សម្រេច​ចិត្ត​មក​រស់​នៅ​មាតុភូមិ​តែ​ម្តង ​ដើម្បី​មាន​ឱកាស​ធ្វើ​សកម្មភាព​កីឡា​បាន​ពេញ​លេញ​តាម​សមត្ថភាព និង​ជំនាញ​ដែល​លោក​មាន​។​

លោក​ សេង ​ប៊ុន​សុង ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​៖ «​ខ្ញុំ​បាន​មក​ដល់​រាជ​ធានី​ភ្នំពេញ​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​ ៥​ ខែ ឧសភា​ ឆ្នាំ​ ២០២១ ​ឥឡូវ​កំពុង​ជាប់​ធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​សិន ​ហើយ​បន្ទាប់​មក​ខ្ញុំ​នឹង​ចាប់​ផ្តើម​ទំនាក់​ទំនង​ការ​ងារ​ជា​មួយ​ថ្នាក់​ដឹក​នាំ​កីឡា​ដើម្បី​មាន​ឱកាស​បម្រើ​​ជាតិ​តាម​រយៈ​កីឡា​ដែល​ខ្ញុំ​មាន​ជំនាញ​ជា​គ្រូ​ក្បាច់​គុន​និង​ផ្តល់​ជំនាញ​កីឡា​ប្រ​យុទ្ធ​នេះ​ជូន​កូនខ្មែរ​ជំនាន់​ក្រោយ​ៗ»​​។

លោក​បន្ត​ថា៖​ «​ខ្ញុំ​រស់​នៅ​សហរដ្ឋ​អាមេរិក​ជាង​ ៤០​ ឆ្នាំ ហើយ​ក្រៅ​ពី​រក​ស៊ី​ខ្ញុំ​ជា​គ្រូ​បង្វឹក​កីឡា​ហាប់​គីដូ​ និង​បង្វឹក​ប្រ​ភេទ​កីឡាប្រ​យុទ្ធ​ដទៃ​ទៀត​ដូច​គុន​ចម្រុះ​ជា​ដើ់ម​។​ ខ្ញុំ​មាន​ឈ្មោះ​ដែល​គេ​ទទួល​ស្គាល់​នៅ​អន្តរជាតិ​តែ​បេះ​ដូង​នៅ​តែ​តំណាង​ឱ្យ​​ខ្មែរ​ជា​និច្ច»​។​​

លោក​ សេង ​ប៊ុន​សុង​ បាន​លម្អិត​ថា​ ក្រោយ​ពេលធ្វើ​ចត្តាឡី​ស័ក​ ១៤ ​ថ្ងៃ រួច​ហើយជំងឺ​កូវីដ ១៩ ​នៅ​កម្ពុជា​ធូរ​ស្រាល​នោះ​លោក​បាន​សុំ​ការ​អនុញ្ញាត​ចូល​ជួប​ពិភាក្សា​ជា​មួយ​លោក ​វ៉ាត់ ​ចំរើន ​អគ្គ​លេខាធិការគណៈកម្មាធិការជាតិអូឡាំពិក (NOCC) និង​សហព័ន្ធ​កីឡាជាតិ​មួយ​ចំនួន​ដើម្បី​សិក្សា​ពី​គំនិត​យោបល់​ក្នុង​ការ​បង្វឹក​ដល់​អត្តពលិក​​ដែល​ជា​កូន​ខ្មែរ​ឱ្យ​មាន​សមត្ថភាព​ល្អ​មាន​បច្ចេកទេស​ប្រ​កួត​ល្អ​មុន​នឹង​ចេញ​ទៅ​ប្រ​កួត​នានា​ពិសេស​លើ​ឆាក​អន្តរជាតិ​។​​

លោក សេង ប៊ុនសុង (អាវខ្មៅ) បានថត​រូប​រួមគ្នាជាមួយគ្រូបង្វឹក​ជាជនជាតិបរទេស នាពេលកន្លងមក។

ជាមួយគ្នា​នេះ លោក​ វ៉ាត់ ​ចំរើន​​ បាន​ថ្លែង​​ថា​​៖ ​«លោក​ សេង ​ប៊ុន​សុង​ ជា​គ្រូ​ធំ​ម្នាក់​ដែល​មាន​សមត្ថភាព​ក្បាច់​គុន​ និង​ជា​អតី​ត​ប្រធាន​សហព័ន្ធខ្មែរ​កីឡា​ហាប់​គី​ដូ​បន្ទាប់​ពី​លោក​ សាន​ គឹម​ស៊ាន​។ ខ្ញុំគាំទស្សនៈ​របស់​លោក​ ប៊ុន​សុង​​ គឺ​ដូច​ទៅ​នឹង​ផែន​ការ​យុទ្ធ​សាស្ត្រ​របស់​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​កីឡា​នៅ​កម្ពុជា​យើងដោយ​យើង​​ពេញ​ចិត្ត ​និង​បើក​ទូ​ឡាយ​សម្រាប់​បង​ប្អូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​កីឡាករ​កីឡាការិនី​គ្រូ​បង្វឹក​អ្នក​ជំនាញ​កីឡា​ដែល​មាន​សមត្ថភាព​ល្អ​ពេញ​ចិត្ត​ស្ម័គ្រ​ចិត្ត​មក​ចូល​រួម​គ្នា​ជួយ​វិស័យ​កីឡា​នៅ​​កម្ពុជា​​ ដើម្បី​លទ្ធផល​ល្អ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ ​២០២៣​»។

​អ្នកជំនាញកីឡា លោក វ៉ាត់ ចំរើន បានបន្ថែម​ថា៖ «​កម្ពុជា​នៅ​តែ​ត្រូវ​ការ​ព្រឹទ្ធាចារ្យ​កីឡា​សម្រាប់​ជួយ​ជា​អ្នក​ប្រឹក្សា​​យោបល់​។​ កាល​ព្រឹត្តិការណ៍​​កីឡា​ជាតិ​លើក​ទី​១ ឆ្នាំ​ ២០១៦ ​លោក​ សេង​ ប៊ុន​សុង​ បាន​មក​កម្ពុជា និង​​ពិភាក្សា​ជា​មួយ​ខ្ញុំ​ម្តង​ពី​ប្រភេទ​កីឡា​ប្រ​យុទ្ធ​នេះ​ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ធ្វើ​អ្វី​នៅ​ឡើយ​ ហើយ​លើក​នេះ​គាត់​សម្រេច​មក​គឺ​យើង​គាំ​ទ្រ ​១០០ ​ភាគ​រយ​​»​។

នៅពេល​សួរ​ថា តើ​​លោក​មាន​បំណង​ចូល​រួម​បោះ​ឆ្នោត​ ធ្វើ​ជា​ថ្នាក់​ដឹក​នាំ​សហព័ន្ធខ្មែរ​​ហាប់​គី​ដូជាថ្មី ​នៅក្នុង​​មហា​សន្និបាត​ខាង​មុខ ឬយ៉ាង​ណា​? ​លោក​ សេង​ ប៊ុន​សុង បញ្ជាក់​ថា​៖ «​ពួក​ខ្ញុំ​គ្រាន់​តែ​ជា​ព្រឹទ្ធា​ចារ្យ​ជួយ​មើល​តិច​តួច​ខ្លះៗ​តែ​ប៉ុណ្ណោះ​ គឺ​ទុក​ឱ្យ​ក្មេង​ជំនាន់​ក្រោយទៅ​។​ សព្វ​ថ្ងៃ​យើង​​នៅមានព្រឹទ្ធចារ្យ​​​ចាស់ៗ​មួយចំនួន ​ដូច​ជា​បង​សាន​គឹម​ស៊ាន​លោក​អឹង​សំរេច​លោក​ ហុង​ ឈាង​គីម ​និង​ខ្ញុំ​មាន​ខ្សែ​ក្រ​វាត់​ ៩​ ដាន់​និង ​១០​ ដាន់​​ ដែល​មាន​វ័យ​ចាស់ៗ​ប៉ុន្តែយើងនៅតែ​​ស្រឡាញ់​ និង​គាំ​ទ្រ​ក្មេង​ៗ​ជំនាន់​ក្រោយ​ ១០០​ ភាគ​រយ​៕​​

​​​