ភ្នំពេញ: គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​អាយុ​ក្រោម​ ២៣ ​ឆ្នាំ​លោក Hag Bum Kim ហាក់​បាន​បន្ទោស​ទៅលើ​មេឃ​ដែល​បាន​បង្អុរ​ទឹកភ្លៀង​រំខាន​ដល់​ក្រុម​របស់​លោក​ក្នុង​ការបំពេញ​មហិច្ឆតា​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ឲ្យ​បាន​ច្រើន​ជាង​ ៦ ​គ្រាប់​សម្រាប់​ការប្រកួត​ជម្រុះ​ប្រចាំ​ពូល​ H ពានរង្វាន់ AFC U23 Championship 2020 មុនពេល​ពួកគេ​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ U23 ​របស់​អូស្ត្រាលី​ថ្ងៃ​អង្គារ​នេះ​។

បើ​ទោះបី​ជា​ការប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ​កាលពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​ក្រុម​ U23 ​កូរ៉េ​ខាង​ត្បូង​បាន​លត់​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​រហូត​ដល់ ៦-១ ដើម្បី​បន្ត​ឈរ​នៅ​កំពូល​តារាង​ប្រចាំ​ពូល​ H ​នេះ ប៉ុន្តែ​លោក Hag Bum Kim បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ការប្រកួត​ថា​៖ «​ដោយសារ​ថ្ងៃនេះ​មេឃ​ភ្លៀង​ធ្វើឲ្យ​កីឡាករ​របស់​យើង​រអិល​ច្រើន ប៉ុន្តែ​យើង​នៅ​តែ​ធ្វើ​បាន​ល្អ​»​។

តាមរយៈ​ការប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ​ជាមួយ​នឹង​ទីលាន​សើម​ដោយសារ​តំណក់​ទឹកភ្លៀង​នោះ ក្រុម​កូរ៉េ​បាន​ដាក់​សម្ពាធ​ក្រុម​កម្ពុជា​យ៉ាង​ខ្លាំង ហើយ​ពួកគេ​មាន​ឱកាស​មាស​ក្នុង​ការស៊ុត​បាល់​ទម្លុះ​សំណាញ់​ទី​ក្រុម​កម្ពុជា​ជិត​ ១០ ​គ្រាប់ ប៉ុន្តែ​ពួកគេ​រក​បាន​តែ​ ២ ​គ្រាប់​ទេ ខណៈ​គ្រាប់​បាល់​មួយ​ចំនួន​ទៀត ពួកគេ​ស៊ុត​ខុស​គោលដៅ និង​ខ្លះទៀត​ត្រូវ​បាន​អ្នកចាំទី កែវ សុខសិលា សង្គ្រោះ​បាន​សម្រេច​។

ចំណែក​នៅ​តង់​ទី​ ២ ក្រុម​កូរ៉េ​រក​បាន​ ៤ ​គ្រាប់​បន្ថែម​ទៀត ហើយ​ក្នុង​នោះ អ៊ុក សុវណ្ណ ក៏​បាន​ភ្លាត់​ធ្វើឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​ ១ ​គ្រាប់​នៅ​នាទី​ទី​ ៨០ ផង​ដែរ​។ ចំណែក​ ១ ​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​ខ្សែប្រយុទ្ធ ណារ៉ុង កក្កដា នៅ​នាទី​ទី​ ៦០​។

យ៉ាងណា​ក៏ដោយ​លោក Hag Bum Kim ដែល​បាន​ដឹកនាំ​ក្រុម​ U23 ​កូរ៉េ លត់ Chinese Taipei ៨-០ ក្នុង​ការប្រកួត​បើកឆាក​កាលពី​ថ្ងៃ​សុក្រ​នោះ​បាន​សរសើរ​ទៅ​ដល់​ឆន្ទៈ​ប្រកួត​ដ៏ពុះកញ្ជ្រោល​របស់​ក្រុម​កម្ពុជា​ផង​ដែរ​។ លោក​បាន​ធ្វើ​ការប្រៀបធៀប​យ៉ាង​ដូច្នេះ​ថា​៖ «​ក្រោយពី​ការប្រកួត​ទាំង​ ២ ​របស់​យើង យើង​យល់​ថា​ការលេង​ជាមួយ​ក្រុម​កម្ពុជា​មាន​ការលំបាក​ជាង​លេង​ជាមួយ Chinese Taipei ព្រោះ​កម្ពុជា​មាន​ឆន្ទៈ​ចង់​ឈ្នះ​ខ្លាំង​ជាង​»​។

ចំណែក​លោក Felix Dalmas គ្រូបង្វឹក​ក្រុម​កម្ពុជា​ក៏​មិន​បាន​បង្ហាញ​ភាពឈឺចាប់​ចំពោះ​ការដឹកនាំ​ក្រុម​កម្ពុជា​ចាញ់​ក្រុម​ U23 ​អូស្ត្រាលី ៦-០ និង​បន្ត​ចាញ់​ក្រុម​ U23 កូរ៉េ ៦-១ លើក​នេះ​ទេ ដោយ​លោក​បាន​និយាយ​ថា​៖ «​ដូច​រាល់ដង​អ៊ីចឹង ខ្ញុំ​អាច​នឹង​និយាយ​ដដែលៗ​ថា ខ្ញុំ ស្រឡាញ់ និង​ជឿជាក់​ទៅ​លើ​កីឡាករ​កម្ពុជា​ពួកគេ​ស្ថិត​នៅក្នុង​ដំណាក់កាល​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ​»​។

លោក Felix បាន​បន្ថែម​ថា​៖ «​ការយក​ជ័យជម្នះ​ជូន​កម្ពុជា​គឺ​តែងតែ​ជា​គោលបំណង​សំខាន់​របស់​យើង ហើយ​ថ្ងៃ​នេះ​ក្រៅពី​លទ្ធផល​ខ្ញុំ​ឃើញ​ពី​ភាព​រីកចម្រើន​នៃ​ក្រុម ហើយ​យើង​តែងតែ​ចង់ឃើញ​ស្នាមញញឹម​អ្នកគាំទ្រ​របស់​យើង​ដែល​បាន​មក​ទស្សនា​ផ្ទាល់ និង​នៅ​តាម​គេហដ្ឋាន​»​។

ដោយឡែក​នៅ​ថ្ងៃ​អង្គារ​នេះ​ក្រុម​ U23 ​ជម្រើសជាតិ​កម្ពុជា​នឹង​ត្រូវ​ធ្វើការ​ប្រកួត​ជាមួយ​ក្រុម Chinese Taipei នៅ​យប់​ម៉ោង​ ៨​។ បើ​ទោះបី​ជា​នេះ​គ្រាន់តែ​ជាការ​ប្រកួត​បង្គ្រប់កិច្ច​ក្តី ប៉ុន្តែ​នេះ​ជា​ជំនួប​ដ៏ល្អ​សម្រាប់​ក្រុម​ទាំង​ ២ ក្នុង​ការបញ្ចេញ​សមត្ថភាព​រក​គ្រាប់​បាល់​ទៅ​តាម​កម្រិត​នៃ​ការលេង​ដែល​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​គឺ​វា​មិនមែន​មាន​គម្លាត​គ្នា​ឆ្ងាយ​ដូច​ពេល​ក្រុម​កម្ពុជា និង Chinese Taipei ជួប​ក្រុម​កូរ៉េ និង​អូស្ត្រាលី​កន្លង​មក​នោះ​ទេ​។

ចំណែក​ក្រុម​ U23 ​អូស្ត្រាលី និង​ U23 ​កូរ៉េ​ដែល​សុទ្ធតែ​មិន​ទាន់​ស្គាល់​ការចាញ់​នោះ​នឹង​ត្រូវ​ប្រកួត​គ្នា​នៅ​ល្ងាច​ម៉ោង​ ៥ ថ្ងៃ​អង្គារ​នេះ ដើម្បី​រក​ក្រុម​ឈ្នះ ទទួល​បាន​លេខ​ ១ ​ប្រចាំ​ពូល​ H ​នេះ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្តទៀត​នៃ​ពាន AFC U23 Championship 2020 នេះ ខណៈ​ក្រុម​លេខ​ ២ ត្រូវ​ស្ថិត​នៅ​ក្នុង​ការរង់ចាំ​ពី​ការវាយតម្លៃ​របស់​គណៈកម្មការ​ ថា​តើ​ពួកគេ​បាន​ជាប់​ជា​ក្រុម​លេខ​ ២ ​ល្អ​ទាំង​ ៤ ​ក្រុម ដើម្បី​បាន​ទៅ​វគ្គ​បន្តទៀត​ឬ​ក៏​យ៉ាង​ណា​?